កម្មវិធី«ស្តាប់ចម្រៀងរបស់ខ្ញុំ» ដើម្បីកាត់បន្ថយការចម្លងចម្រៀងបរទេស
បើទោះបីជាវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជា រីកចម្រើនគួរអោយកត់សម្គាល់ក៏ដោយ តែបទចម្រៀងខ្លះមិនត្រូវបានគាំទ្រ ពីបណ្តាយុវវ័យនិងអ្នកស្ដាប់វ័យចំណាស់ៗឡើយ ដោយប្រិយមិត្តទាំងនោះបានងាកទៅចូលចិត្តស្តាប់តែចម្រៀងបរទេស និងខ្លះទៀតសុទ្ធចិត្តស្ដាប់ចម្រៀង បន្សល់ទុកពីសង្គមចាស់នោះជាដើម។ នេះអាចជាមូលហេតុមួយ ដែលធ្វើឲ្យបណ្តាផលិតកម្មមួយចំនួនដើរលួចចម្លងបទល្បីៗ ដែលអ្នកស្ដាប់ចូលចិត្តទាំងនោះ យកមកបកប្រែ ឬលេងភ្លេងដាក់តន្ត្រីថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់។
ការចាប់ផ្ដើមបញ្ចេញស្នាដៃរបស់បណ្ដាយុវជន នៅថ្ងៃសម្ភោធកម្មវិធី ស្ដាប់ចម្រៀងរបស់ខ្ញុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)
ចម្រៀង - តែសម្រាប់កម្មវិធី«ស្តាប់ចម្រៀងរបស់ខ្ញុំ ឬ Hear My Song» វិញ មានគោលបំណងលើកទឹកចិត្តអ្នកនិពន្ធទំនុកច្រៀង ក្នុងការឈានទៅរកការអភិវឌ្ឍនៃការនិពន្ធបទចម្រៀង បទភ្លេងដោយខ្លួនឯង និងកាត់បន្ថយការចម្លងពីបទបរទេស។ ជាពិសេសកម្មវិធីនេះ ចង់រកឲ្យឃើញនូវទេពកោសល្យថ្មីៗ របស់អ្នកតែងទំនុកនិពន្ធ និងអ្នកចម្រៀង ដើម្បីពង្រីកគំនិតតែងនិពន្ធ អោយកាន់តែប្រសើរឡើង។
ដោយមានកិច្ចសហការ ពីក្រុមហ៊ុនសប្បាយឌីជីខបភើរេសិននផងនោះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាអ្នកផ្ដួចផ្ដើមគំនិត ដើម្បីបង្កើតកម្មវិធីនេះ បានថ្លែងឡើងថា ដោយសារតែអ្នកនិពន្ធនៅស្រុកខ្មែរ មានចំនួនតិចតួចនៅឡើយ ហើយការតែងនិពន្ធនោះទៀតសោត ក៏នៅមានកម្រិត ដែលជាហេតុធ្វើឲ្យបទចម្រៀងដែលផលិតចេញមក មិនបានឆ្លើយតបទៅនឹងការទន្ទឹងរងចាំ របស់អ្នកស្ដាប់ជាពិសេសយុវវ័យ។
សេចក្ដីថ្លែងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធ កម្មវិធី«ស្តាប់ចម្រៀងរបស់ខ្ញុំ» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន។ លោក ខៀវ កាញារិទ្ធ បានថ្លែងបន្តថា «អ្វីដែលជាបញ្ហាធំពេលនេះ យើងមានអ្នកនិពន្ធតែពីរបីនាក់។ អញ្ចឹងបើអោយគាត់មួយខែ តែងអោយបាន១០បទ គឺមិនងាយនោះទេ ហេតុនេះមានតែគាត់លួចចម្លងបទរបស់គេ ដើម្បីអោយគ្រប់មួយថាសចំរៀងដើម្បីចេញលក់»។
លោក ជី សិលា អគ្គនាយកក្រុមហ៊ុន សប្បាយឌីជីខបភើរេសិន បានអោយដឹងដែរថា កម្មវិធីថ្មីមានឈ្មោះ «ស្តាប់ចម្រៀងរបស់ខ្ញុំ ឬ Hear My Song» បានចាប់ផ្តើមធ្វើ តាំងពីឆ្នាំ២០១៣កន្លងមក ជាមួយនឹងក្ដីសង្ឃឹមថា កម្មវិធីនេះនឹងមានអ្នកគាំទ្រ និងទទួលបានការចាប់អារម្មណ៍ពីយុវជនជាច្រើន ក្នុងការចូលរូមប្រកួតប្រជែងនេះ។ លោក បន្ថែមថា «យើងចង់ឃើញអ្វីជាមោទនភាពរបស់ខ្លួនឯង និងជាមោទនភាពរបស់ខ្មែរយើង»។
អ្នកចូលរូមប្រលងនៅក្នុងកម្មវិធីនេះ មិនតម្រូវអោយមានក្រុមតន្រ្តីធំនោះទេ ពួកគេគ្រាន់តែតែងបទចម្រៀង និងបទភ្លេង ហើយអាចច្រៀងបាន ជាមួយឧបករណ៍ខ្លះៗ ដូចជាហ្គីតា ឬព្យាណូជាដើម។ បេក្ខជនទាំងអស់ អាចជាបេក្ខជនទោល ឬជាក្រុម ដែលតែងទំនុកច្រៀងថ្មី និងអត្ថន័យចំរៀងថ្មី ដោយការបង្ហាញសមត្ថភាព តាមរយៈការនិពន្ធដោយខ្លួនឯង ហើយមិនមែនជាការប្រកួតលើទឹកដមសម្លេងនោះទេ។ នេះបើតាមការបញ្ជាក់របស់ ប្រធានគម្រោងកម្មវិធីនេះ កញ្ញា ដាយ ណារី។
នៅក្នុងរយៈពេលកន្លងមក ផលិតកម្មចម្រៀង អ្នកចម្រៀង និងអ្នកតែងទំនុកច្រៀងមួយចំនួន បានរងនូវការរិះគន់យ៉ាងជូរចត់ ពីសំណាក់អ្នកស្ដាប់ និងអ្នកដែលមានទស្សនវិស័យវែងឆ្ងាយ ដោយតែការលួចចម្លង ឬយកចម្រៀងបរទេសមកធ្វើការបកប្រែទាំងដុល ហើយគ្មានការបង្កើតនូវបទចម្រៀង ដែលជាស្នាដៃរបស់ខ្លួនឯងនោះឡើយ។ ក្រុមអ្នករិះគន់បានលើកឡើងថា ការលើកស្ទួយវិស័យចម្រៀង ឬសិល្បៈណាក៏ដោយ ចាំបាច់ណាស់ តម្រូវឲ្យមានការលើកទឹកចិត្តក្នុងការការបង្កើតថ្មី និងការគោរពគ្នាទៅវិញទៅមក តាមរយៈការគោរព-អនុវត្តន៍នូវច្បាប់កម្មសិទ្ធបញ្ញា ដោយខានមិនបាន៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ មិនា ២០១៤