បទ«ល្បីដល់ក្អួតឈាម» កើតពីការចំអក (Troll) របស់អ្នកប្រើប្រាស់ហ្វេសប៊ុក
- ដោយ: អ៊ុម វ៉ារី ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៥ តុលា ២០១៤
- កែប្រែចុងក្រោយ: November 01, 2014
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលអ្នកស្តាប់បទ Apolojoy របស់តារាចម្រៀងបរទេសនោះ អ្នកនឹងនឹកឃើញដល់តារាចម្រៀង ទើបនឹងដុះពន្លកម្នាក់ ដែលគេដាក់រហស្សនាមឱ្យថា «Apolojoy» ដែលជាតារាច្រៀងល្បីឈ្មោះ តាមរយៈការចំអក (Troll) របស់ទស្សនិកជន នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ឥលូវតារាច្រៀងពន្លកថ្មីរូបនេះ ត្រៀមនឹងចេញបទថ្មីមួយទៀត ដែលនិពន្ធទំនុកភ្លេង និងច្រៀងផ្ទាល់ ដែលមានចំណងជើងថា «ល្បីដល់ក្អួតឈាម»។
«ល្បីដល់ក្អួតឈាម» គឺជាបទថ្មីដែលកើតចេញពីការរិះគន់ ឌឺដង ឬបន្តុះបង្អាប់របស់ទស្សនិកជន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទៅលើតារាចម្រៀងម្នាក់ ដែលទើបចាប់ផ្តើមដុះពន្លក ជាតារាចម្រៀងនៅលើវិថីសិល្បៈ ហើយធ្លាប់ឡើងច្រៀងនៅលើកញ្ចក់ទូរទស្សន៍ នាពេលកន្លងមក។
បទ«ល្បីដល់ក្អួតឈាម»នេះ ក៏នឹងត្រៀមចេញវីស៊ីឌីលក់ ក្នុងពេលឆាប់ខាងមុខនេះដែរ នៅក្នុងផលិតកម្ម World Song។ បន្ទាប់ពីស្ងាត់មុខមួយរយៈ តារាចម្រៀង រស់ សេរីវណ្ណាត ហៅ Apolojoy បានចេញមុខជាថ្មី ដើម្បីបកស្រាយពីចម្ងល់របស់ទស្សនិកជន ក្រោយពីពួកគេបានឃើញរូបថតក្អួតឈាម នៅក្នុងបន្ទប់ជួល រហូតដល់មានទំព័រ Troll ជាច្រើនយកទៅចុះផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងវីដេអូដែលមានរយៈពេល ៩ នាទី ដែលបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ រស់ សេរីវណ្ណាត ម្ចាស់បទ«ល្បីដល់ក្អួតឈាម» បានបញ្ជាក់ថា រូបថតដែលបង្ហោះចេញទៅនោះលើបណ្តាញសង្គមហ្វេសប៊ុក មិនមែនជាការពិតឡើយ គ្រាន់តែជាឈុតមួយ នៅក្នុងការសម្តែងបទល្បីដល់ក្អួតឈាម។ ប៉ុន្តែតារាចម្រៀងពន្លកថ្មីរូបនេះ បានបញ្ជាក់ថា បេះដួងរបស់គេឈឺចាប់ និងរងរបួសផ្លូវចិត្តធ្ងន់ធ្ងរ ជាងសភាពក្អួតឈាម ក្នុងរូបថតនេះទៅទៀត នៅពេលដែលលឺពាក្យទាំងឡាយ របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានរិះគន់ និងនិយាយពាក្យបញ្ចើចបញ្ចើ មកលើខ្លួន។
លោកបន្តថា៖ «ព្រោះកាលណា ដែលយើងក្អួតឈាមចេញមក វាហាក់ធូរស្រាលជាង ប៉ុន្តែការដែលយើងគ្រាំឈាមនៅខាងក្នុង ទើបជាការលំបាក»។ លោកថា នៅពេលដែលលោក បានជួបនូវការវាយប្រហារផ្លូវចិត្តបែបនេះ លោកត្រូវគេចវេសន៍ ពីមនុស្សម្នាទាំងឡាយ ទៅណាមកណា ត្រូវពាក់ម៉ាសគេចពីអ្នកដ៏ទៃ។ ប៉ុន្តតារាចម្រៀងរូបនេះ បញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងប្រឈមមុខជាមួយទស្សនិកជន។
ចំពោះបទចម្រៀង«ល្បីដល់ក្អួតឈាម»នេះ លោក Apolojoy មានបំណងចង់លាក់ទុកសិន ទុកឱ្យទស្សនិកជនភ្ញាក់ផ្អើល។ ក្រៅពីបទល្បីដល់ក្អួតឈាមនេះ តារាចម្រៀងរូបនេះ ក៏នឹងប្តេជ្ញាស្តារបទចម្រៀងមួយចំនួនរបស់ខ្លួនឡើងវិញ ដើម្បីទទួលបានបានចាប់អារម្មណ៍ និងបម្រើអារម្មណ៍ទស្សនិកជន។ បទទាំងនោះ មាន «ស្រីស្រស់ចិត្តធម៌ ស្នេហ៍ស្រីជានិច្ច អ្នកក្រត្រដរចង់មាន និងបេះដូងរងកម្ម» ជាដើម។ លោកបញ្ជាក់ថា បើទោះបីជាបទល្បីដល់ក្អួតឈាមនេះ ជាស្នាដៃនិពន្ធទាំងសាច់ភ្លេង និងទំនុកច្រៀងដោយខ្លួនលោកផ្ទាល់ក្តី ប៉ុន្តែនេះ មិនមែនជាលោកទីមួយឡើយ ព្រោះកាលពី៧ ទៅ៨ឆ្នាំមុន លោកក៏ធ្លាប់និពន្ធបទភ្លេង Original បែបនេះដែ។
សម្រាប់ទស្សនិកជនមួយចំនួន បានលើកឡើងថា មិនគួរណានាំគ្នាបន្តុះបង្អាប់ រិះគន់លោក រស់ សេរីវណ្ណាត នោះទេ។ ផ្ទុយទៅវិញ គេគួរតែតែលើកចិត្តដល់លោក ដែលខិតខំផលិតបទខ្លួនឯង មិនចម្លងគេ៕