កុមារី រិទ្ធ សូនីតា ធ្វើ​ឱ្យ​មនុស្ស​យំ​ទៀត ជា​មួយ​បទ​«កម្ម​ខ្ញុំ» (vdo)

តាមរយៈចម្រៀង«កម្មខ្ញុំ» ទាក់ទងនឹងរឿងពិតរបស់ខ្លួន កុមារី រិទ្ធិ សូនីតា ដែលជាក្មេងកំព្រា ត្រូវបាន​ឪពុក​ម្តាយ​បោះ​បង់​ចោល​នោះ បានធ្វើឱ្យគណៈកម្មការ ក៏ដូចជាអ្នកទស្សនាជាច្រើន ទ្រាំទប់ទឹកភ្នែកមិនបាន។
កុមារី រិទ្ធិ សុនីតា ច្រៀងទាំងហូរទឹកភ្នែករហាម។ (រូបថតផ្តិតពីវិដេអូ)
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: November 01, 2014
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កម្មខ្ញុំ» ជាគឺជា​បទ​ចម្រៀង​មួយ​បទ ដែល​រៀប​រាប់​ពី​ជីវិត ក្មេង​ស្រី​កំព្រា​ម្នាក់ ដោយ​សារ​ឪពុក​ម្តាយ​បោះ​បង់​ចោល។ បទ​ចម្រៀង ដែល​ត្រូវ​បាន​រៀប​រៀង និង​និពន្ធ​ឡើង​ដោយ​លោក ម៉េង ប៊ុនឡូ នេះ ជា​រឿង​ពិត​របស់​បេក្ខនារី​ប្រលង​ចម្រៀង កុមារ រិទ្ធ សូនីតា ផ្ទាល់ ដែល​រូប​នាង​ត្រូវ​បាន​ឪពុក​ម្តាយ បោះ​បង់​ចោល​តាំង​ពី​នៅ​តូច ហើយ​ត្រូវ​បាន​លោក​តា​វ័យ​ចំណាស់ម្នាក់ យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា។ នាង​តូច បាន​បក​ស្រាយ​ចម្រៀង​នេះ នៅ​ក្នុង​កម្មវិធី​«ផ្កាយ​រះ​ក្នុង​សួន» របស់​ស្ថានីយ៍​ទួរទស្សន៍​អប្សរា កាល​ពី​ពេល​ថ្មីៗ​មក​នេះ។

អមជាមួយមនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ក្នុង​ការ​បក​ស្រាយ​បទ​ចម្រៀង​ខាង​លើ កុមារី​ដែល​មាន​វ័យ​ត្រឹមតែ​១០ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ចូលរួម ទ្រាំ​ទប់​ទឹក​ភ្នែក​មិន​បាន ព្រោះ​តែ​អាណិត​អាសូរ​ជីវិត​របស់​នាង។ មិន​ត្រឹម​តែ​ទស្សនិក​ជន​រំភើប និង​អួល​ដើម​កតែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ក៏​លាន់​មាត់​សរសើរ​គ្រប់​គ្នា​ផង​ដែរ ពី​ទឹក​ដម​សំនៀង​របស់​នាង។ គេ​សង្ឃឹម​ថា ទឹក​សម្រៀង​ដ៏​ក្រអួន​ក្រអៅ​នេះ នឹង​អាច​ឱ្យ​កុមារី ដែល​មាន​ប្រវត្តិ​ជូរ​ចត់​រូប​នេះ ឈ្នះ​ជ័យ​លាភី​របស់​កម្មវិធី «ផ្កាយ​រះ​ក្នុង​សួន»។

រឿងរ៉ាវនៃជីវិតរបស់ដួងផ្កាយរះថ្មី ដែលមកពីខេត្តកណ្តាលរូបនេះ ក្រៅពីធ្វើឱ្យទស្សនិកជនរំជួលចិត្ត ប៉ុន្តែវាក៏​បាន​ដាស់តឿនដល់ឪពុកម្តាយមួយចំនួន ជាពិសេសយុវវ័យដែលភ្លើតភ្លើន នឹងរឿងស្នេហាភ្លើងចម្បើង រហូត​បណ្តោយខ្លួន ឱ្យជ្រុលជ្រួស មុននឹងធ្វើអ្វីមួយ ឬក៏សម្រេចចិត្តបោះបង់ចោលនណារម្នាក់ គួរតែគិតឱ្យបាន​វែង​ឆ្ងាយ កុំព្រោះតែរឿងរបស់មនុស្សធំ ធ្វើឱ្យក្មេងម្នាក់ត្រូវកំព្រារងារឯកការ ស្រែកការថ្នាក់ថ្នមបីមាតាបិតា។ ឃ្លា​មួយក្នុងចម្រៀងនេះ ត្រូវបាននាងតូចច្រៀងថា៖ «យុត្តិធម៌សត្វមានមេបា ឯខ្ញុំនេះណា ឯការជាកូនកំព្រា​ឪពុក​ម្តាយបែកបាក់ នៃច្រវ៉ាក់កម្ម ធ្លាក់មកលើកូនវេទនា រស់រ៉ែងអស់មួយជីវិត»។

កម្មវិធី «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍អប្សរា ត្រូវបានទស្សនិកជន ចាត់ទុកថា ជាថ្នាលបណ្តុះ បណ្តាល ទំពាំងស្នងឫស្សី ក្នុងវិថីសិល្បៈ ប្រកបដោយ ទេពកោសល្យ មានតាំងពីកំណើត។ ព្រមជាមួយ​គ្នា​នេះ ក្រៅពីផ្តល់ឱកាសបេក្ខជនបញ្ចេញទេពកោសល្យ សិល្បៈ កម្មវិធីមួយនេះ ក៏បានជីកកកាយពីជីវប្រវត្តិ របស់បេក្ខជនបេក្ខនារី ដែលចូលប្រឡងថែមទៀត ដើម្បីឱ្យ មហាជនបាន ដឹងពីការពិត។

រឿងរ៉ាវរបស់កុមារីរាងតូចច្រឡឹងរូបនេះ ត្រូវបានផលិតរៀបចំឡើងវិញ តាមរយៈឈុតឆាកដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...