អ្នកលេងហ្វេសប៊ុកប្រតិកម្ម ព្រោះលោកតា ប្រាជ្ញ ឈួន រស់ធម្មតាសោះ!
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី៣១ តុលា ២០១៤
- កែប្រែចុងក្រោយ: November 01, 2014
- ប្រធានបទ: ដំណឹង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប៉ុន្តែដំណឹងដ៏អកុសលនេះ ត្រូវបានបដិសេធដោយក្រុមគ្រួសាររបស់លោកតា ប្រាជ្ញ ឈួន ផ្ទាល់ ថាមិនមែនជាការពិតទេ។ យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានភ្ញាក់ផ្អើលរួចទៅហើយ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយឈ្មោះ កោះសន្តិភាព បានផ្សាយដំណឹង នៅព្រឹកថ្ងៃទី៣១ ខែតុលាថា អ្នកចម្រៀងចាប៉ីដ៏ល្បីឈ្មោះ លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានធ្វើប្រតិកម្មខ្លាំងក្លា ជំទាស់នឹងការផ្សាយនេះ ដោយសារមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានដឹងច្បាស់ថា លោកតាសិល្បៈករនៅមានជីវិតរស់រាន និងមានសុខភាពល្អនៅឡើយ។ ហើយដោយសារតែប្រតិកម្ម ដែលផ្ទុះឡើងនេះដែរ ទើបកាសែតកោះសន្តិភាព ដែលបានចុះផ្សាយបង្កឱ្យមានការភ័ន្តច្រលំនោះ បានបញ្ជូនអ្នកយកព័ត៌មានរបស់ខ្លួន ជាបន្ទាន់ឲ្យចុះទៅដល់ផ្ទះលោកតាផ្ទាល់តែម្តង។
សារព័ត៌មានដដែលនេះ បានជួបជាមួយភរិយាលោកតា ប្រាជ្ញ ឈួន ឈ្មោះកែវ ព្រីង អាយុ៦៦ឆ្នាំ ហើយបានស្រង់សម្ដីលោកយាយ មកសរសេរថា លោកតាព្រឹទ្ធាចារ្យភារម្យ ប្រាជ្ញ ឈួន ដែលមានវ័យប្រមាណ៧៨ឆ្នាំ នោះហើយកំពុងរស់នៅភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នៅពេលនេះសុខភាពរបស់គាត់វិញល្អប្រសើរ សម្រាន្ត និងងើបអង្គុយដោយខ្លួនឯង ចំពោះការហូបបាយវិញក៏ធម្មតាដែរ។
ចំណែកឯលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ក៏បានបញ្ជាក់ដូចគ្នាដែរថា លោកតា ប្រាជ្ញ ឈួន កំពុងតែមានសុខភាពធម្មតា។ លោកថា ការចុះព័ត៌មានថា អ្នកចម្រៀងចាប៉ីរូបនេះទទួលមរណៈភាពនោះ គឺជាការ«ប្រមាថអាយុជីវិត» អ្នកចាប៉ីដងវែងដ៏ល្បីឈ្មោះខាងលើ៕