គម្រោង​មួយ​​នឹង​អូសខ្សែកាបក្រោមសមុទ្រ ភ្ជាប់ជប៉ុនមកកម្ពុជា

សហគ្រាស «True Corporation» បានសម្រេចដាក់ទុន ជាមួយសហគ្រាស «NEC Corporation» ដើម្បីអូសខ្សែកាបហ្វ៊ីប នៅក្រោមសមុទ្រ ដើម្បីភ្ជាប់ប្រទេសនៅអាស៊ីខាងកើត ទៅនឹងបណ្ដាញអ៊ិនធើណែត ដែលមានល្បឿនដ៏លឿនបំផុត និងដែលផ្ដល់ចេញ ពីប្រទេសជប៉ុន។
គម្រោង​មួយ​​នឹង​អូសខ្សែកាបក្រោមសមុទ្រ ភ្ជាប់ជប៉ុនមកកម្ពុជា
ផែនទីនៃបណ្ដាញសាងសង់ខ្សែកាបហ្វីប នៅក្រោមសមុទ្រ ភ្ជាប់ប្រទេសជប៉ុន មកបណ្ដាប្រទេស នៅអាស៊ីខាងកើត។ (រូបថត ZNET)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 09, 2018
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសនៅតំបន់អាស៊ីខាងកើត ដែលនឹងទទួលវាសនា បានភ្ជាប់បណ្ដាញខ្សែកាបក្រោមសមុទ្រ (fiber-optic submarine cables) របស់សហគ្រាស «True Corporation» (ប្រទេសថៃ) មានដូចបង្ហាញជូន នៅក្នុងផែនទីខាងលើ ដែលគេមើលឃើញថា កម្ពុជាក៏ជាប្រទេសមួយ ក្នុងចំណោមនោះដែរ។ នេះ បើតាមការចុះផ្សាយ របស់បណ្ដាញ​ទូរទស្សន៍សាធារណៈថៃ «Thai Public Broadcasting Service»។

គេហទំព័ររបស់ «Thai PBS» បានរាយការណ៍ថា ការចុះហត្ថលេខាបណ្ដាក់ទុនមួយ រវាងសហគ្រាសចំនួន៩ ត្រូវបានធ្វើកាលពីខែកន្លងទៅ ជាមួយនឹងសហគ្រាសជប៉ុន «NEC Corporation» ដើម្បីសាងសង់បណ្ដាញខ្សែកាប ខាងក្រោមមហាសមុទ្រប៉ាស៊ីភិក  ចេញពីប្រទេសជប៉ុន មកកាន់ប្រទេសសិង្ហបូរី ដោយឆ្លងកាត់តាម សមុទ្រជប៉ុន និងសមុទ្រចិនខាងត្បូង។

សហគ្រាសទាំង៩មាន China Mobile International, Chunghwa Telecom, Chuan Wei, Facebook, KDDI, Singtel, SK Broadband, True Group និង VNPT។

បណ្ដាញទូរទស្សន៍ថៃដដែល បានស្រង់សំដីលោក «Supoj Mahapan» អ្នកទទួលខុសត្រូវមួយរូប របស់ «True Corporation» មកបញ្ជាក់ថា ទឹកប្រាក់វិនិយោគ ដែលសហគ្រាសលោក គ្រោងនឹងចំណាយនោះ មានប្រមាណជា ៣,៦ពាន់លានបាត (ប្រមាណជា ១១៥លានដុល្លារអាមេរិក ឬ៩៣លានអ៊ឺរ៉ូ)។

ការសាងសង់ខ្សែកាបហ្វីប ដែលនឹងផ្ដល់សេវាកម្មអ៊ិនធើណែត ក្នុងកម្រិតដ៏លឿននោះ នឹងចាប់ផ្ដើមធ្វើ ក្នុងឆ្នាំនេះ ហើយនឹងត្រូវបញ្ចប់ នៅចុងឆ្នាំ២០២០។ ចំងាយសរុប នៃខ្សែកាប ដែលនឹងត្រូវអូស ដាក់ក្រោមមហាសមុទ្រ មានប្រវែងប្រមាណជា ១០ ៥០០គីឡូម៉ែត្រ។ គម្រោងនេះ ត្រូវសង់មជ្ឈមណ្ឌលក្រោមសមុទ្រ ចំនួន ១១ ដែលបែកខ្នែង ទៅកាន់ប្រទេសនានា នៅអាស៊ីខាងកើត។

ប្រភេទខ្សែកាបហ្វីប ចំនួន៨គូ ត្រូវបានយកមកប្រើ ខណៈហ្វីបនីមួយៗ មានសមត្ថភាពបញ្ជូនទិន្និន័យអ៊ិនធើណែត ដល់ទៅ១៤៤ Tb នៅក្នុងមួយវិនាទី ឬនិយាយម្យ៉ាងទៀត ដើម្បីឲ្យស្រួលស្ដាប់ គឺអាចឲ្យអ្នកប្រើប្រាស់ បើកទស្សនាវីដេអូ (UHD) ក្នុងពេលតែមួយ បានរហូតដល់ទៅ ៥ ៧៦០ ០០០ វីដេអូ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...