អាពាហ៍ពិពាហ៍ខ្មោចនៅចិន៖ គាស់សាកសពស្ត្រីទៅផ្សំផ្គុំ
អបិយជំនឿ៖ ផ្នូរកប់ខ្មោចចំនួនបួន ត្រូវបានជីករំលើង នៅផ្នែកខាងជើងនៃប្រទេសចិន ដើម្បីយកសាកសពស្ត្រីនៅក្នុងនោះ ទៅលក់អោយអ្នកដែលជឿ ពី«អាពាហ៍ពិពាហ៍ខ្មោច»។
ផ្នូរកប់សាកសព ជនជាតិចិន។
ទំនៀមទំលាប់មួយ ដែលមានចំណាស់ ពីរាប់ពាន់ឆ្នាំមកហើយ និងនៅថ្ងៃនេះមិនមាននរណាប្រតិប័ត្តិទៀតនោះ បានធ្វើអោយផ្អើលប្រទេសចិនម្ដងទៀត ដោយបានដាក់ផ្សាយ នៅតាមទំព័រមុខនៃសារព័ត៌មានមួយចំនួន ក្នុងប្រទេស។ បុរសបួននាក់ ត្រូវបានជាប់ទោសពី២៨ទៅ៣២ខែ ក្នុងមន្ទីកែប្រែ ដោយតុលាការទីក្រុងសានស៊ី (ផ្នែកខាងជើងនៃប្រទេស) ពីបទបានគាស់ផ្នូរ យកសាកសពស្ត្រី ដើម្បីលក់ទៅធ្វើសម្ព័នភាព ជាមួយអ្នកដែលទើបនឹងចែកឋានទៅផ្សេងទៀត។
ជនអ្នកគាស់ផ្នូរទាំងនេះ ត្រូវបានរកឃើញថាមានទោស ដែលបាន«លួចសាកសពស្ត្រីពីផ្នូរ និងបន្ទាប់ពីបានលាងសម្អាតរួច រួមនឹងលិខិតមរណភាពក្លែងក្លាយផង បានលក់សាកសពទាំងនោះ នៅក្នុងតម្លៃមួយយ៉ាងខ្ពស់»។ នេះជាការបញ្ជាក់របស់កាសែតចិន ចេញជារៀងរាល់ថ្ងៃ ឈ្មោះ«ដំណឹងពេលល្ងាច»។
១០ សាកសព ក្នុងតម្លៃ៣០ ពាន់អ៊ឺរ៉ូ (ប្រមាណជា៣៩ពាន់ដុល្លា)
ក្នុងតំបន់មួយចំនួន នាផ្នែកខាងជើងនៃប្រទេសចិន នៅមានប្រារព្ធនៅឡើយ នូវទំនៀមទំលាប់ «អាពាហ៍ពិពាហ៍ខ្មោច» ដែលជាការស្វែងរក មនុស្សស្លាប់«ជាគូរ»ម្នាក់ យកទៅផ្សំផ្គុំ ជាមួយនឹងមនុស្សម្នាក់ទៀត ដែលនៅលីវ មិនទាន់មានគូរស្រករ កាលពីពេលនៅមានជីវិត។ គូរស្រករនោះ នឹងត្រូវកប់ទៅម្ដងទៀត ជាមួយនឹងមនុស្សនៅលីវ ដែលតាមជំនឿថា នឹងទៅរស់នៅជាមួយ «ជាស្វាមីភរិយា» នៅភពដទៃមួយទៀត ខុសពីភពមនុស្ស។
ទំនៀមទំលាប់ ដែលត្រូវបានហាមឃាត់នៅក្រោម របបគ្រប់គ្រងនៃម៉ៅសេទុង មួយនេះ បានបង្កអោយមាន ជំនួញជួញដូរខុសច្បាប់ ទៅលើសាកសពរបស់មនុស្ស។ ក្រុមប្រព្រឹត្តិអំពើគាស់ផ្នូរនេះ ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់ចំណូលប្រមាណជា ៣០ពាន់អ៊ឺរ៉ូ ប្រសិនបើក្រុមគេ លក់បានសាកសពចំនួន១០៕
--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ