ប៉ារីស៖ រកឃើញរណ្ដៅកប់សពបូរាណមាន២០០គ្រោងឆ្អឹង នៅក្រោមផ្សារទំនើប (dvo)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 01, 2015
- ប្រធានបទ: របកគំហើញ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការរកឃើញថ្មីថ្មោងមួយ នៅកណ្ដាលរដ្ឋធានីប៉ារីស ដ៏ល្បីល្បាញរបស់ប្រទេសបារាំង នៅក្នុងសម័យកាលបច្ចុប្បន្ន។ នៅពីក្រោមអាគារផ្សារទំនើបមួយ ស្ថិតក្នុងសង្កាត់លេខ២ ក្រុមអ្នកបូរាណវិទូបានរកឃើញ សាកសពជាគ្រោងឆ្អឹង ចំនួន២០០គ្រោងឆ្អឹង ដែលត្រូវបានបញ្ចុះ នៅក្នុងរណ្ដៅកប់សាកសពបូរាណ មានលក្ខណៈរួមមួយ នៅចុងសប្ដាហ៍នេះ។ សំនួរកំពុងត្រូវបានចោទសួរឡើង ថាតើសាកសពទាំងនេះ បានស្លាប់ក្នុងមូលហេតុអ្វី? ដោយសារជម្ងឺប៉េស្ត៍ ឬដោយសារគ្រោះទុរភិក្ស ក្នុងសម័យកាលនោះ?
តាំងពីដើមខែមករា រហូតមកទល់នឹងខែមិនាឆ្នាំ២០១៥នេះ ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានជាតិ ខាងការស្រាវជ្រាវនៃបូរាណវិទ្យា បានដឹកនាំការកកាយផ្នូរបូរាណដ៏យូរលង់មួយ ដែលគេចាំបានថា ជាកន្លែងរបស់អតីតមន្ទីរពេទ្យ ទ្រីនីតេ (Trinité) បង្កើតឡើងនៅក្នុងសតវត្សទី១២ និងត្រូវបានវាយកម្ទេចចោល នៅចុងសតវត្សទី១៨។
លោក ប៉ាស្កាល់ រ៉យ (Pascal Roy) ប្រធានផ្សារទំនើប ម៉ូណូព្រី (MonoPirx) បានថ្លែងឲ្យដឹងថា៖ «ដោយសារយើងចង់ធ្វើគម្រោង ជួសជុលកែលំអរផ្សារឡើងវិញ អញ្ចឹងហើយ ទើបយើងបានសម្រេចចិត្តយកចេញ នូវពំនូកដីដំបូកដ៏ធំមួយ ស្ថិតក្នុងជាន់ទី២ក្រោមដី។ អញ្ចឹងហើយ បានជាធ្វើឲ្យ កំណាយបូរាណវិទ្យាមួយនេះ បានកើតឡើង។»
ប្រធានផ្សារទំនើបបានបន្តទៀតថា៖ «យើងគិតថាប្រហែលជាមានគ្រោងឆ្អឺង តែប៉ុន្មានប៉ុណ្ណោះ ដោយសារនៅទីនេះ អាចជាអតីតផ្នូរបូរាណមួយ ប៉ុន្តែមិនបានគិតថា យើងមានរណ្ដៅកប់សាកសពរួម មានសាកសពដល់ទៅរាប់រយដូច្នេះទេ»។
នៅពេលមានការវាយកម្ទេចមន្ទីរពេទ្យ (ចុងសតវត្សទី១៨) គ្រោងឆ្អឹងដែលបានបញ្ចុះនៅទីនេះ ត្រូវបានគាស់ឡើង ហើយបញ្ជូនទៅថែរក្សាទុក នៅក្នុងសារមន្ទីផ្នូរបូរាណមួយទៀត ស្ថិតនៅកណ្ដាលរដ្ឋធានីប៉ារីស (នៅមានរហូតដល់សព្វថ្ងៃ) ដែរ។ បូរាណវិទូដែលដឹកនាំការធ្វើកំណាយ អ្នកស្រី អ៊ីសាប៊ែល អាបាឌី (Isabelle Abadie) បានថ្លែងពន្យល់ថា៖ «ទំនងជាពេលនោះ ការគាស់គ្រោងឆ្អឹងឡើងមកនោះ មិនបានធ្វើឲ្យបានម៉ត់ចត់ត្រឹមត្រូវ ឲ្យបានគ្រប់រណ្ដៅកប់សាកសពទាំងអស់»។
គួរកត់សម្គាល់ដែរថា នេះជាលើកទីមួយហើយ ដែលក្រុមអ្នកស្រាវជ្រាវបូរាណវិទ្យា បានរកឃើញផ្នូរបូរាណ របស់មន្ទីរពេទ្យ នៅកណ្ដាលរដ្ឋធានីប៉ារីស ដូច្នេះ។ អ្នកស្រី អ៊ីសាប៊ែល បានរំលឹកឡើងវិញថា ក្រុមអ្នកស្រីធ្លាប់បានរកឃើញ ផ្នូរបូរាណ របស់មន្ទីរពេទ្យ នៅកណ្ដាលក្រុងផ្សេងទៀត ដូចជាម៉ាសីយ៍ (Marseille) ឬទ្រ័យ៍ (Troyes) ប៉ុន្តែមិនដែលនៅកណ្ដាលរដ្ឋធានី យ៉ាងអញ្ចឹងទេ។
មកដល់ពេលនេះ កំណាយបានធ្វើឡើង នៅលើផ្ទៃក្រឡាជាង ១០០ម៉ែត្រការ៉េ ហើយរណ្ដៅកប់សាកសពរួម ចំនួន៨ ត្រូវបានកាយរកឃើញ។ ពីក្នុងចំណោមនោះ រណ្ដៅចំនួន៧ មានសាកសពពី៥ទៅ២០នាក់ ដាក់ត្រួតគ្នា រវាងពី២ទៅ៥ជាន់។ រណ្ដៅទី៨ មានលក្ខណៈពិសេសជាងគេ ព្រោះមានសាកសពដល់ទៅ ១៥០នាក់ ដាក់តម្រៀបគ្នាជាច្រើនជាន់។ អ្នកស្រី អ៊ីសាប៊ែល បានថ្លែងថា៖ «នៅមានមួយជាន់ទៀត នៅខាងក្រោម...» ដោយអ្នកស្រីគិតជាមុនថា នឹងមានរណ្ដៅ ឬអ្វីផ្សេង អាចនឹងត្រូវបានរកឃើញទៀត ក្នុងពេលខាងមុខ៕
អាគារផ្សារទំនើបមើលពីក្រៅ។