អង់គ្លេសហាមផ្សាយ វីដេអូពាណិជ្ជកម្មនេះ ព្រោះ«ដោះ»និង«គូទ»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: March 01, 2015
- ប្រធានបទ: ត្រេកត្រអាល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនឲ្យតែនៅបស្ចឹមលោក រឿងស្រាតបញ្ចេញ«ដោះ ឬគូទ» សុទ្ធតែត្រូវបានស្វាគមន៍ ទាំងអស់នោះទេ។ ជាពិសេសវីដេអូ នៃការថតផ្សាយពាណិជ្ជកម្ម ឲ្យទូរស័ព្ទដៃយីហោ Kazam របស់អង់គ្លេសមួយនេះ ចង់បង្ហាញពីភាពស៊ិចស៊ី របស់តួសម្ដែង ជាការទាក់ទាញ មុននឹងឈានទៅបង្ហាញ ផលិតផលទូរស័ព្ទដៃ។ តែសម្រាប់អ្នកទស្សនា និងអាជ្ញាធរអង់គ្លេសវិញ វាមានលក្ខណៈត្រេកត្រអាល ខាងផ្លូវភេទ ដែលជាហេតុធ្វើឲ្យវីដេអូនេះ ត្រូវបានហាមឃាត់ មិនឲ្យផ្សាយជាសាធារណៈ កាលពីថ្ងៃពុធសប្ដាហ៍មុន។
នៅក្នុងវីដេអូ គេឃើញរូបភាពទូរស័ព្ទ បានពន្លេចខ្លួនឡើង នៅ៤០វិនាទីក្រោយមក។ ប៉ុន្តែចាប់ពីវិនាទីទីមួយរហូតមក វីដេអូបានបង្ហាញតែពីរូបភាពស្ត្រីដ៏ស្អាត ស៊ិចស៊ីមួយរូប ស្លៀកពាក់តែអាវនិងខោទ្រនាប់ ដើរកាត់បន្ទប់ បង្ហាញរាងចុះឡើង... ហើយមិនត្រឹមតែប៉ុណ្ណឹង គេឃើញមានការថតពង្រីក ដាក់យ៉ាងពេញអេក្រង់ នូវសុដន់ទាំងគូរ ដ៏ទ្រលុកទ្រលន់... កំប៉េះគូទដ៏ស្រើបស្រាល... ហើយនឹងបបូរមាត់ដ៏ត្រេកត្រអាល។
មួយសន្ទុះក្រោយមក ស្រាប់តែតារាសម្ដែង ក្នុងវីដេអូ ដូចជានឹកឃើញ ថាខ្លួនត្រូវធ្វើការងារប្រចាំថ្ងៃ៖ នោះគឺយកអាវមកអ៊ុត រួចពាក់បិទខ្លួន! បើនិយាយពី៤០វិនាទីដំបូង គេស្មានតែជាពាណិជ្ជកម្ម សម្រាប់លក់ខោអាវទ្រនាប់ របស់ស្ត្រី ឬក៏អាចជាពាណិជ្ជកម្ម សម្រាប់លក់សម្ភារៈរួមភេទ... តែមិនមែនទេ ព្រោះតារាស៊ិចស៊ី បានទាញយកទូរស័ព្ទ មកនិយាយ នៅពេលចុងបញ្ចប់នៃវីដេអូ មុននឹងចេញអក្សរមក និយាយពីការលក់ទូរស័ព្ទ។
គ្រាន់តែ វីដេអូត្រូវបានចេញផ្សាយដំបូង ពាក្យបណ្ដឹងចំនួន៨ ត្រូវបានដាក់ប្ដឹង ប្រឆាំងនឹងការផ្សាយនេះ។ ហើយនៅទីបំផុត អាជ្ញាធរអង់គ្លេស បានហាមវីដេអូនេះ មិនឲ្យចេញផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍។ មូលហេតុផ្លូវការ៖ «វីដេអូមានឈុតឆាក ជំរុញឲ្យមានការត្រកត្រអាល ខាងផ្លូវភេទ ហើយអាចធ្វើឲ្យ អ្នកទស្សនាមួយចំនួន រងការប៉ះទង្គិច ដោយសារតែបានយក រូបភាពជាស្ត្រីមកប្រើប្រាស់ ប្រៀបបានទៅនឹងវត្ថុ»៕