តំណាងរាស្ត្រអាមេរិក ចូលចិត្តរំលឹកពីឈ្មោះ«ហ៊ីត្លែ»ណាស់!
- ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ មិនា ២០១៥
- កែប្រែចុងក្រោយ: March 01, 2015
- ប្រធានបទ: ប្រវត្តិមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនយោបាយ និងការដឹកនាំរបស់ អតីតជនផ្ដាច់ការអាល្លឺម៉ង់ ក្នុងប្រវត្តិសាស្ត្រ លោក អាដុហ្វ ហ៊ីត្លែ (Adolf Hitler) ពិតជាមានកន្លែងល្អ ដែលគេត្រូវរំលឹក ពីឈ្មោះលោកឬ? នៅសហរដ្ឋអាមេរិក ឈ្មោះរបស់ហ៊ីត្លែ តែត្រូវបានប្រើប្រាស់ជាញឹកញយ នៅក្នុងសភាជាន់ទាប។ បើគេរាប់តាំងពី ឆ្នាំ១៩៩៦មក ឈ្មោះលោក ហ៊ីត្លែ ត្រូវបានប្រើប្រាស់ចំនួន១៨០០ដង។ នេះបើតាមអត្ថបទមួយ ចេញផ្សាយដោយ គេហទំព័រ Daily Dot របស់អាមេរិក។
សម្រាប់នៅក្នុងប្រទេសបារាំងវិញ សំណៅឯកសារពីមុនមក របស់រដ្ឋសភាបារាំង បានបង្ហាញថា ឈ្មោះ ហ៊ីត្លែ ត្រូវបានយកមកប្រើប្រាស់ ចំនួន៤០ដង រាប់ពីឆ្នាំ១៩៩៧មក និងនៅក្នុងព្រឹទ្ធសភា ចំនួន១៧ដង រាប់ចាប់តាំងពីឆ្នាំ១៩៩៦។
រីឯនៅក្នុងប្រទេសកម្ពុជា កាលពីប៉ុន្មានសប្ដាហ៍មុននេះ មេដឹកនាំកម្លាំងប្រដាប់អាវុធ មួយរូបរបស់កម្ពុជា បានប្រើប្រាស់ឈ្មោះ របស់ជនផ្ដាច់ការរូបនេះ មកធ្វើជាគំរូ យ៉ាងហោចណាស់ក៏ម្ដងដែរ។ នេះបើតាមសារព័ត៌មាន ចេញផ្សាយក្នុងស្រុក ជាច្រើន។ បន្ទាប់មក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានរំលឹកពីឈ្មោះ ហ៊ីត្លែ មកថ្លែងជាសាធារណៈ ម្ដងឬពីរដងថែមទៀត។
ប៉ុន្តែនៅក្នុងនៅក្នុងសភាជាន់ទាបអាមេរិក ការប្រើប្រាស់ឈ្មោះ ហ៊ីត្លែ មិនមែនដើម្បី យកមកធ្វើជា«គំរូ» ក្នុងការដឹកនាំ ដូចមេដឹកនាំនៅកម្ពុជាទេ។ ផ្ទុយទៅវិញ ឈ្មោះ «ហ៊ីត្លែ» មានប្រយោជន៍ ក្នុងការរំលឹកពីប្រវត្តិសាស្ត្រ ដើម្បីបង្ហាញ ពីទំហំបញ្ហានយោបាយទាំងឡាយ ដែលអាចរុញ ទៅរកលទ្ធផលដ៏អាក្រក់ ប្រសិនបើសមាជិកសភា ឬសមាជិករដ្ឋាភិបាល មិនធ្វើការប្រុងប្រយ័ត្នទេនោះ។
យ៉ាងណាក៏ដោយ ការប្រើប្រាស់ជ្រុលហួសហេតុ នៃឈ្មោះ មេដឹកនាំផ្ដាច់ការ ហ៊ីត្លែ នេះ ក៏តែងទទួលបានប្រតិកម្ម ជាញឹកញយនិងខ្លាំងក្លា ពីសំណាក់សម្ព័ន្ធភាពអាមេរិក នៅអ៊ឺរ៉ុបដែរ។ ដូចជានៅឆ្នាំ២០០២ តំណាងរាស្ត្រអាមេរិកម្នាក់ ត្រូវបានរដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់ ទាមទារឲ្យមានការបកស្រាយ ឲ្យច្បាស់លាស់ ក្នុងការដែលតំណាងរាស្ត្ររូបនេះ ធ្វើការប្រៀបធៀប អតីតប្រធានាធិបតីអាមេរិក ហ្សក ប៊ូស (Georges W Bush) ទៅនឹង ហ៊ីត្លែ។
តើគេគួរតែធ្វើច្បាប់មួយ ដើម្បីដាក់កំណត់ កុំឲ្យរំលឹកពីឈ្មោះ ហ៊ីត្លែ ឬ? ទេ! មិនចាំបាច់ទេ! តែត្រូវមានសតិសម្បជញ្ញៈ នៅក្នុងការប្រើប្រាស់ «ពាក្យឬឈ្មោះ» នេះ ដែលមានន័យប្រហាក់ប្រហែល ទៅនឹងពាក្យ«យួន» ដែលចង់និយាយរំលឹក ពីប្រវត្តិឈ្លានពាន នៃប្រទេសវៀតណាម ឬលំហូរចូលដោយខុសច្បាប់ នៃជនអន្តោប្រវេសន៍វៀតណាម មកក្នុងប្រទេសកម្ពុជា តែក៏ចង់និយាយដល់ផងដែរ ពីការរើសអើងពូជសាសន៍ ដែលគេគួតែជៀសវាង៕