ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ

ឯកសារសម្ងាត់ ដែលត្រូវបានបិទបញ្ចប់ នៅក្នុងសំនុំរឿងសង្គ្រាមត្រជាក់ ទើបនឹងត្រូវ​បាន​ទម្លាយ​ឲ្យដឹងថា រដ្ឋាភិបាល​អាមេរិក​ នៅក្នុងទសវត្សន៍ឆ្នាំ៥០ និង៦០ ពិតជាមានគម្រោង វាយកម្ទេចសហភាព​សង្គមនិយម​សូវៀត ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។
ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ
កម្លាំងផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ធុន H ដែលមានកម្រិតដល់មេហ្គាតោន។ (រូបថត ឯកសារ)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២១ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 27, 2015
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាគមឯកសារសន្ដិសុខជាតិ ដែលជាសមាគមស្ម័គ្រចិត្តមួយ មានទីតាំងនៅក្នុងសកលវិទ្យាល័យ ហ្សក វ៉ាស៊ីនតោន (George Washington) នៃរដ្ឋធានីវ៉ាស៊ីនតោន បានទម្លាយនូវឯកសារដ៏សម្ងាត់មួយ ដែល​បង្ហាញ ឲ្យដឹង​​ជា​លើកដំបូង ពីគម្រោងការ​ដ៏«ញ៉ាក់សាច់» មួយចំនួន ដែលបានហៀបនឹងកើតឡើង នៅ​ក្នុង​សម័យ​​កាល​​នៃ​សង្គ្រាមត្រជាក់ រវាងមហាអំណាចទាំងពីរ៖ សហរដ្ឋអាមេរិក និង​សហភាព​សង្គមនិយម​សូវៀត (ដែល​ក្លាយ​មក​ពី​សហព័ន្ធរ៉ូស្ស៊ីសព្វថ្ងៃ)។

គម្រោងការដែលមានឈ្មោះថា «SAC (Strategic Air Command) Atomic Requirements Study for 1959» ឬបកជាខេមរភាសា «ការសិក្សា ពីតម្រូវការបែបអាតូមិក សម្រាប់​ឆ្នាំ​១៩៥៩ របស់​​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រអាកាស (អាមេរិក)» ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៥៦ ដោយ​មាន​បញ្ជាក់​យ៉ាងលំអិត នូវទិសដៅវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ របស់អាមេរិកជាច្រើន ហើយ​ដែល​គ្មាន​ឯកសារ​ណា​ផ្សេង ធ្លាប់បង្ហើបឲ្យដឹងដូច្នេះ ពីមុនមកនោះទេ។

អ្នកដែលរៀបរៀបឯកសារនេះ បានលើកឡើង ពីតំបន់ជាទិសដៅជាច្រើន ដែលត្រូវទម្លាប់​គ្រាប់បែក​នុយក្លេអ៊ែរ ដោយរាប់បញ្ចូលទាំងតំបន់ ដែលមានទាំងមនុស្សរស់នៅ ហើយអាចរងគ្រោះ នឹងសារជាតិ​វិទ្យុសកម្ម រហូតដល់ស្លាប់នោះផង។ អ្នករៀបចំឯកសារ ថែមទាំងបានសិក្សា នូវគម្រោងការ ដែលកំណត់​ឲ្យកម្ទេចជាប្រព័ន្ធ នៅលើគោលដៅជាច្រើន (ទាំងមានមនុស្សរស់នៅ និងទាំងតំបន់ឧស្សាហកម្ម) នៅ​ក្នុង​ប្រទេស (ឬអតីត) កុម្មុយនីសមួយចំនួន។ ទីក្រុងធំៗ ដែលក្លាយជាគោលដៅ នៃការវាយប្រហារនោះ មាន​ដូច​ជា រដ្ឋធានីប៉េកាំង រដ្ឋធានីម៉ូស្គូ ទីក្រុងលេនីនហ្គ្រាត (ដែលក្លាយត្រឡប់មកជា ស៊ាំងភេធើស្បួរ (Saint-Pétersbourg) នៅពេលនេះ) រដ្ឋធានីប៊ែរឡាំងខាងកើត និងរដ្ឋធានីវ៉ាសូវីជាដើម។

នៅក្នុងឯកសារដដែល បានបង្ហាញថា សហរដ្ឋអាមេរិកនៅសម័យកាលនោះ មិនត្រឹមតែចង់​កំទេច​មូលដ្ឋាន​​យោធា និងមូលដ្ឋានឧស្សាហកម្មសំខាន់ៗ របស់គូប្រជែង (សហភាពសូវៀត) ប៉ុណ្ណោះនោះទេ តែ​ប្រទេស​មហាអំណាច ក៏មានបំណងកំទេចឲ្យដល់ឬសគល់ នូវប្រជាជនស៊ីវិល របស់ប្លុក​កុម្មុយនីស​នោះ​ដែរ បើទោះជាអាមេរិកដឹងថា គម្រោងការនេះអាចជាការរំលោភ ដល់ច្បាប់ទម្លាប់អន្តរជាតិ ដែលបាន​កំណត់ នៅក្នុងជម្លោះប្រដាប់អាវុធនោះក៏ដោយ។

» ខាងក្រោមនេះ ជាគោលដៅសំខាន់ៗ នៃគម្រោងការវាយកំទេច របស់សហរដ្ឋអាមេរិក ដែល​អះអាង​នៅ​ក្នុង​ឯកសារ​សម្ងាត់៖

វិនាសកម្ម៤០០០ដងខ្លាំងជាង នៅជប៉ុន..

«បញ្ជាការដ្ឋានយុទ្ធសាស្ត្រអាកាស (អាមេរិក) មានបំណងចង់បង្កើត គ្រាប់បែកដែលមានកម្លាំងផ្ទុះ ៦០​មេហ្គាតោន ដើម្បីបម្រើឲ្យមូលហេតុពីរ។ មូលហេតុទីមួយ៖ បង្អាក់ទឹកចិត្តដោយប្រយោល ទៅលើ​សហភាព​សូវៀត ប្រសិនជាប្រទេសកុម្មុយនីស មានគម្រោងចង់ផលិតអាវុធនុយក្លេអ៊ែរ។ រីឯមូលហេតុ​ទី​ពីរ៖ គ្រាប់បែកដែលមានកម្លាំងផ្ទុះ ដ៏ខ្លាំងបែបនេះ នឹងផ្ដល់លទ្ធផល ដែលមានលក្ខណៈ"ញ៉ាក់សាច់" ទៅ​ឲ្យ​សហភាពសូវៀត ប្រសិនបើប្រទេសនេះ ចង់វាយប្រហារអាមេរិក។»

បើគ្រាន់តែគ្រាប់បែកនុយក្លេអ៊ែរ «Little Boy» ទម្លាក់នៅក្រុង ហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ វាមានកម្លាំងផ្ទុះ ត្រឹមតែ១៣គីឡូតោន (១៣ ០០០ តោន) ប៉ុណ្ណោះ ចុះទម្រាំគ្រាប់បែក ដែលមានកម្លាំង៦០​មេហ្គា​តោន (៦០ ០០០ ០០០ តោន) នេះវិញ វាធ្វើឲ្យគិតថា ទំហំនៃវិនាសកម្ម កើតចេញពីការបំផ្ទុះ​គ្រាប់​បែក​លើកនេះ នឹងមានកម្រិត៤០០០ដងខ្លាំងជាង ការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសជប៉ុនទៅទៀត៕

» ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ H៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...