ចិន៖ ទីក្រុងចំនួន១០ ខេត្ត១ ស្ថិតក្នុងភាពអាសន្នព្រោះជាតិពុល
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 25, 2015
- ប្រធានបទ: បវិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាជនទាំង៩៦លាននាក់ នៅក្នុងខេត្តសានតុង (Shandong ) ដែលស្ថិតនៅចន្លោះ ក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង របស់ប្រទេសចិន កំពុងរងគ្រោះព្រោះផ្សែងពុល ដែលគ្របដណ្ដប់លើខេត្ត ដែលខ្លួនរស់នៅ។ នេះបើតាមក្រិត្យមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ ដាក់ខេត្តនេះទាំងមូល ទៅក្នុងភាពអាសន្នកម្រិតក្រហម ទាក់ទងនឹងខ្យល់អាកាស ដែលអាចបង្កភាពមហន្តរាយ ដល់ជីវិតមនុស្សសត្វ នៅក្នុងខេត្ត។
ប៉ុន្តែមិនមែនតែខេត្តមួយនេះទេ ព្រោះនៅមានទីក្រុងធំៗចំនួន១០ទៀត ក៏ត្រូវបានប្រកាសដាក់ ឲ្យស្ថិតក្នុងភាពអាសន្នកម្រិតដូចគ្នា នៅខណៈពេលដែលអ័ព្ទដ៏ក្រាស់ កំពុងគ្របដណ្ដប់ ទៅលើមួយភាគធំ នៃប្រទេស ចាប់ពីភាគខាងជើង ចុះរហូតមកដល់ភាគខាងកើត។
នៅក្នុងចំណោមទីក្រុងទាំង១០នោះ មានក្រុង ជីនចាង (Xinxiang) នៃខេត្តហេណាម (ភាគកណ្ដាល) ដែលទទួលផ្សែងពុល ដល់ទៅកម្រិត ២,៥ (PM 2,5)។ កម្រិតដ៏ធំនេះ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ដោយហេតុថា ផ្សែងឬជាតិពុល អាចចូលទៅបំផ្លាញដល់ទីជម្រៅ នៃសួតរបស់មនុស្ស។ រីឯអាជ្ញាធររដ្ឋធានីប៉េកាំងវិញ បានចេញក្រិត្យ ប្រកាសភាពអាសន្នកម្រិតក្រហម ចំនួនពីរដងនៅក្នុងខែធ្នូតែមួយ៖ ម្ដងនៅដើមខែ និងម្ដងទៀត កាលពីសប្ដាហ៍មុន។ ការប្រកាសភាពអាសន្ន បានផ្ដល់លទ្ធភាពឲ្យអាជ្ញាធរបង្កើតនូវវិធានការពិសេសៗជាច្រើន ដូចជាផ្អាកការធ្វើចរាចរណ៍ និងបិទទ្វារោងចក្រ ដើម្បីធានាឲ្យមាន ខ្យល់អាកាសបរិសុទ្ធមកកវិញ។
នៅលើបណ្ដាសង្គម «Weibo» របស់ចិន រូបថតជាច្រើនត្រូវបានបង្ហោះ និងចែករំលែក ជាបន្តបន្ទាប់។ ក្នុងនោះមានរូបភាពខាងលើនេះ ដែលបង្ហាញពីអ័ព្ទដ៏ក្រាស់ ពណ៌ផ្កាឈូក ឬពណ៌ស្វាយ កំពុងគ្របដណ្ដប់ ពីលើក្រុងណានជីន (នៅក្បែរក្រុងសៀងហៃ)។ សារព័ត៌មានផ្លូវការ «Chine Nouvelles» បានអះអាងថា ការមើលឃើញនេះ ជាលទ្ធផលនៃការរួមបញ្ចូលគ្នា រវាងជាតិពុល ដែលមានក្នុងខ្យល់អាកាស នៃប្រទេសចិន និងទិដ្ឋភាពនៅពេលព្រះអាទិត្យរៀបលិច៕
» វីដេអូបង្ហាញពីជាតិពុល នៅក្នុងអាកាស ពីលើក្រុងណានជីង ប្រទេសចិន៖