មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

ភ្លៀងមួយមេ ស្រាប់តែបាក់ស្រុតដី ខណៈនៅជុំវិញគ្មានដើមឈើរ ដែលអាចធ្វើឲ្យរំលើងឫស បង្កឲ្យដីបាក់ រហូត​រថយន្ដ​បីគ្រឿង បានរងការខូចខាតដូច្នេះ។ អ្នកជំនាញបាននិយាយថា មូលហេតុតែមួយគត់ ដែលបណ្ដាល​ឲ្យ​ស្រុត​ផ្លូវ​ថ្នល់​នោះ គឺ​ការដ្ឋាន​នៅក្បែរ​ទី​កន្លែង​កើតហេតុ បានធ្វើឡើង​ដោយ​ខុស​បច្ចេកទេស។
មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​
ទិដ្ឋភាពនៃការបាក់ស្រុតផ្លូវថ្នល់ នៅក្បែររបងពហុកីឡាដ្ឋាន កណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីភ្លៀងមួយមេ បានបង្អុរចុះនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 08, 2016
  • ប្រធានបទ: សុវត្ថិភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជារាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ពីសណ្ឋានដីបាតបឹង ហើយត្រូវបានបូមដី យកមកចាក់​បំពាក់​ក៏ដោយ តែទិដ្ឋភាពនៃការបាក់ស្រុតដី ឬផ្លូវថ្នល់ មិនសូវដែលកើតមានឡើយ នាពេលកន្លងមក។ គេ​ធ្លាប់​ប្រទះឃើញជាច្រើន នូវការរំលើងឫសដើមឈើធំៗ ដែលបានធ្វើឲ្យដើមឈើទាំងនោះ ដួលទាំងជំហរ និង​សង្កត់​មក​លើរថយន្ដ ឬអាគារបង្កឲ្យមានការខូចខាត។

តែនៅរសៀលថ្ងៃពុធនេះ វេលាម៉ោងប្រមាណជា១៤ ភ្លៀងមួយមេបានបញ្ចប់ទៅ ជាមួយនឹងតុល្យភាព​គួរ​ឲ្យ​កត់​សំគាល់។ បើទោះជាការលិចលង់ នៅតាមតំបន់មួយចំនួននៃរាជធានី នៅតែកើតឡើងជាធម្មតានោះ ប៉ុន្តែ​ហេតុការណ៍ចំនួនពីរកន្លែង បានកើតឡើង៖ នោះគឺការបាក់ស្រុតដីថ្នល់ នៅជាប់របងស្តាតអូឡាំពិក នៅលើ​ផ្លូវ​លេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យរថយន្ដបីគ្រឿង ដែលបានចតលើចិញ្ចើម​ថ្នល់​សាធារណៈ រងការខូចខាត និងការរំលំដើមឈើ នៅក្នុង​បរិវេណ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឲ្យ​រថយន្ដ​បី​គ្រឿង​ទៀត​ខូចខាតដូចគ្នា។ នេះបើតាម​សេចក្ដី​រាយការណ៍ របស់សារព័ត៌មានក្នុងស្រុកជាច្រើន។

ការបាក់ស្រុតដីថ្នល់ នៅជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិក បានបង្កជាចំងល់ ទៅដល់អ្នករស់នៅ​ក្នុង​រាជធានី ពី​មូលហេតុ​ដែលធ្វើឲ្យហេតុការណ៍ ដ៏កម្រនេះកើតឡើង។ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានថ្លែងបដិសេធ​តាមសារព័ត៌មានក្នុងស្រុកមួយ ថាមិនអាចនិយាយបាន ពី​តុល្យ​ភាព​នៃ​ការ​ខូចខាត ឬពីមូលហេតុ ដែលបណ្ដាល​ឲ្យមានការបាក់ស្រុត​នេះឡើយ ដោយលោកថា រង់ចាំឲ្យមន្ទីរ​សាធារណការ​រាជធានី ប្រមូល​ទិន្នន័យ និងត្រួតពិនិត្យជាមុនសិន។

សម្រាប់អ្នកជំនាញមួយរូប ពីរាជធានីភ្នំពេញ ដែលមានជំនាញខាងស្ថាបត្យកម្ម និងនគរូបនីយកម្ម បាន​ថ្លែង​ដាក់​កំហុស ទៅលើការធ្វេសប្រហែស នៃការដ្ឋានសំណង់ដ៏ធំមួយ នៅក្បែរនោះ ដែលបានជីកដីនៅ​ក្បែរ​ផ្លូវ​ថ្នល់ ដើម្បីធ្វើអាគារ (ឬសំណង់) ជាន់ក្រោមដី។ អ្នកជំនាញជាតិខ្មែរ ដែលបានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានលើកឡើងថា ក្រុមហ៊ុនចិនដែលជាអ្នកម៉ៅការសាងសង់ នៅ​ទី​នោះ មិនបានថ្លឹងថ្លែងឲ្យបានច្បាស់លាស់ ពីបច្ចេកទេសទប់ដី ដែលមានទីតាំង​ជាប់ផ្លូវ​សាធារណៈ​នោះ​ឡើយ។ ហើយគាប់ជួនភ្លៀងធ្លាក់បានធ្លាក់ចុះ មកយ៉ាងគំហុកផងនោះ ទឹកភ្លៀងក៏បានបង្ហូរនាំដីចេញ បង្ក​ភាព​ទន់​ជ្រាយ​កាន់តែខ្លាំង រហូតបណ្ដាលឲ្យបាក់ស្រុត។

លោកស្ថាបត្យករបានថ្លែងឡើងថា៖ «វាជាបញ្ហាបច្ចេកទេស ដែលក្រុមហ៊ុនសាងសង់នោះ មិនបានគិតដល់ ឬធ្វេសប្រហែស»។

ភ្លាមៗនៅក្រោយហេតុការណ៍បាក់ស្រុតនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានទីតាំងនៅក្បែរ បាន​ថត​រូបពីលើផ្ទះរបស់ពួកគេ យកមកបង្ហោះ ក៏បានបង្ហាញឲ្យឃើញដែរថា ការទប់ដីផ្លូវថ្នល់ ដែលក្រុមហ៊ុន​សាង​សង់​បាន​ធ្វើ​ឡើង ទំនងជាមិនបានផ្ដល់ការធានា ទៅដល់ភាពរឹងមាំទៅដល់ផ្លូវថ្នល់នោះឡើយ កុំថា​ឡើយ​ដល់​ទៅពេល​មានភ្លៀងធ្លាក់ មកខ្លាំងដូច្នេះ។

ដំណឹងចុងក្រោយបានឲ្យដឹងថា រថយន្ដទាំងបីគ្រឿង ដែលរងការខូចខាត ពីការស្រុតបាក់ដីផ្លូវថ្នល់ ត្រូវបាន​ក្រុមហ៊ុនសំណង់ស្ទូចឡើង និងសងទៅម្ចាស់ដើមវិញហើយ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើនរណា ឬ​ស្ថាប័ន​ណាមួយ ជាអ្នកចេញសង នូវការខូចខាត ដែលបណ្ដាលមកពីហេតុការណ៍ទាំងនេះឡើយ៕

----------

» ទិដ្ឋភាពភ្លៀងធ្លាក់ កណ្ដាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...