អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើងទៅវគ្គ១/២មុនគេ បន្ទាប់ពីឈ្នះប៉ូឡូញ
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី៣០ មិថុនា ២០១៦
- កែប្រែចុងក្រោយ: July 01, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រងការរិះគន់ ព្រោះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលមានប្រធានក្រុមកីឡាករ ជាកីឡាករល្បីឈ្មោះលំដាប់ពិភពលោក ឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនសូវទទួលបានជោគជ័យប៉ុន្មានឡើយ។ ជាពិសេសដូចនៅក្នុងការប្រកួត ចាញ់ចេញ នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមប៉ូឡូញ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមព័រទុយហ្គាល់បានបណ្ដោយឲ្យ ក្រុម ប៉ូឡូញ រកគ្រាប់បាល់នាំមុខបាន តាំងពីនាទីទី២។
ហើយកីឡាករដែលបានជួយសង្គ្រោះក្រុម ព័រទុយហ្គាល់ ឲ្យរកពិន្ទុបានស្មើរមកវិញនៅនាទីទី៣៣នោះ មិនមែនជាកីឡាករល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ នោះឡើយ តែជាកីឡាករវ័យទើប១៨ឆ្នាំម្នាក់ ឈ្មោះ រ៉ឺណាតូ សិនឆេស (Renato Sanches) ទៅវិញ។ កីឡាកររូបនេះ ទើបនឹងទទួលបានកិច្ចសន្យា ទាត់នៅក្នុងក្លិបបាល់ទាត់អាជីព «Bayern Munich (ក្នុងប្រទេសអាល្លឺម៉ង់)» កាលពីខែតុលាឆ្នាំមុនប៉ុណ្ណោះ។
ផ្ទុយទៅវិញ កីឡាករ រ៉ូណាល់ដូ ដែលមានបាល់នៅនឹងជើងជាច្រើនគ្រាប់ បែរជាមិនបានទាត់បាល់ ទាំងនោះបានល្អ ឬបង្កគ្រោះថ្នាក់ដល់ក្រុមប៉ូឡូញនោះទេ។ យ៉ាងណា គេក៏ត្រូវនិយាយដែរថា ក្រុមប៉ូឡូញមានខ្សែការពារមិនធម្មតា ដែលអាចទប់ ឬបញ្ជៀសគ្រាប់បាល់ ឲ្យមកនៅនឹងជើងរបស់កំពូលកីឡាករនេះ បានគ្រប់ពេល។ ក្រុមប៉ូឡូញ បានបន្តទប់យ៉ាងមានប្រសិទ្ធភាព នូវរាល់ការវាយលុកក្រោយៗមកទៀត របស់ក្រុមព័រទុយហ្គាល់ រហូតដល់ទីបញ្ចប់នៃម៉ោងបន្ថែម (៤៥+៤៥+១៥+១៥) ដោយពិន្ទុ១-១ និងបានទុកឲ្យការប្រកួត បានឈានទៅដល់ ការកាត់សេចក្ដីចាញ់ឈ្នះ តាមរយៈការទាត់បាល់១១ម៉ែត្រ ៥គ្រាប់ម្ខាង។
នៅដំណាក់កាលទាត់បាល់១១ម៉ែត្រ ៥គ្រាប់ម្ខាងនេះ គេអាចនិយាយថា ក្រុមព័រទុយហ្គាល់ មានអ្នកចាំទី កីឡាករ «Rui Patricio» ពូកែចាប់បាល់ល្អជាង ឬកីឡាករជាតិប៉ូឡូញ «Jakub BLASZCZYKOWSKI» ទាត់បាល់បញ្ចូលទីមិនបានល្អ ទើបធ្វើឲ្យក្រុមប៉ូឡូញ ត្រូវបានជម្រុះចេញ (ដោយពិន្ទុ៥-៣) និងរៀបចំខោអាវត្រឡប់ទៅផ្ទះវិញជាស្ថាពរ។ ជារឿងមួយ ដ៏គួរឲ្យសោយស្ដាយជាទីបំផុត សម្រាប់ក្រុម ប៉ូឡូញ ដែលធ្លាប់បានប្រកួតស្មើរ ជាមួយនឹងក្រុម អាល្លឺម៉ង់ នៅវគ្គប្រកួតជម្រុះ និងបានបណ្ដេញក្រុមស្វីស ឲ្យទៅផ្ទុះមុនខ្លួន នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ។
រីឯក្រុមព័រទុយហ្គាល់វិញ នឹងត្រូវទៅជួប នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នាថ្ងៃពុធទី៦ ខែកក្កដាខាងមុខ ជាមួយនឹងក្រុម វៀល្ស៍ ឬក្រុមប៊ែលហ្សិក ដោយទុកឲ្យក្រុមទាំងពីរនេះ ជួបគ្នាយកចាញ់ឈ្នះសិន នៅយប់ថ្ងៃសុក្រទី១ ខែកក្កដានេះ៕
--------------------
» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖