បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​ដល់​វគ្គ​១ភាគ២ បន្ទាប់​ពី​ជម្រុះ​អ៊ុយរូហ្គាយ ២-០

ក្រុមមាន់គកបារាំង ទើបនឹងទទួលបានសំបុត្រមុនគេ ឲ្យចូលប្រកួតនៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនេះ បានបំបាក់ក្រុម អ៊ុយរូហ្គាយ ក្នុងវគ្គ១ភាគ៤ នៅល្ងាចថ្ងៃសុក្រនេះ។ ក្រុមបារាំង នឹងរង់ចាំមើល ក្រុមគូប្រកួតរបស់ខ្លួន ដែលចេញពីការប្រកួត រវាងក្រុម ប្រេស៊ីល និង ប៊ែលហ្សិក ក្នុងប៉ុន្មានម៉ោងខាងមុខ។ 
បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​ដល់​វគ្គ​១ភាគ២ បន្ទាប់​ពី​ជម្រុះ​អ៊ុយរូហ្គាយ ២-០
ក្រុមកីឡាករ បារាំង អបអរគ្រាប់បាល់របស់ខ្លួន នៅក្នុងការប្រកួតទល់នឹងក្រុម អ៊ុយរូហ្គាយ ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 08, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ពីពេលនេះតទៅ វាជាវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ដែលមានក្រុមបាល់ទាត់ចំនួន៤ក្រុម ដែលអាចត្រូវបានចាត់ទុក ថាជាក្រុមបាល់ទាត់​ខ្លាំងជាងគេ នៅលើលោក។ ហើយក្រុមមាន់គកបារាំង ទើបនឹងទទួលបានសំបុត្រដំបូងគេ ដើម្បីចូលមកក្នុងវគ្គ៤ក្រុម ចុងក្រោយគេបំផុតនេះ បន្ទាប់ពីបានប្រកួត យកឈ្នះលើក្រុម អ៊ុយរូហ្គាយ ដោយគ្រាប់បាល់ ២-០ កាលពីប៉ុន្មាននាទីមុន។

នៅក្នុងការប្រកួត ទល់នឹងក្រុមបាល់ទាត់ មកពីទ្វីបអាមេរិកខាងត្បូង ក្រុមបារាំងបានបង្ហាញ ពីក្រឡាទាត់ដ៏ត្រឹមត្រូវ សម្រាប់គ្រប់គ្រង និងការពារបាល់ រួមទាំងប្រសិទ្ធិភាពនៃការស្វែងរកគ្រាប់បាល់ បានពីរគ្រាប់ ដោយខ្សែការពារបារាំង កីឡាករ រ៉ាហ្វាអែល វ៉ារ៉ាន (Raphaël Varane - នៅនាទីទី ៤០) និងខ្សែប្រយុទ្ធបារាំង កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann - នៅនាទីទី ៦១)។

ផ្ទុយទៅវិញ ក្រុម អ៊ុយរូហ្គាយ ហាក់មិនបានបង្ហាញ ពីគ្រោះថ្នាក់ខ្លាំងសម្រាប់ក្រុម បារាំង ទេ ក្រៅតែពីការប្រើក្បាល ពីសំណាក់កីឡាករ «Martín Cáceres» រុញបាល់ ទៅក្នុងប្រអប់ទីបារាំង តែត្រូវបានកីឡាករចាំទី «Hugo Lloris» របស់ក្រុម មាន់គក ទះចេញទាន់ពេល។ គេត្រូវនិយាយដែរ ថាកំពូល​ខ្សែប្រយុទ្ធរបស់ក្រុម អ៊ុយរូហ្គាយ គឺកីឡាករ អេឌីនសុន កាវ៉ានី (Edinson Cavani) បានអវត្តមានពីការប្រកួត ដោយសារបានរងរបួស កាលពីក្នុងការប្រកួតលើកមុន ទល់នឹងក្រុមព័រទុយហ្គាល់។

បន្ថែមពីលើភាពទន់ខ្សោយ របស់ខ្សែប្រយុទ្ធ អ៊ុយរូហ្គាយ ហើយនោះ នៅមានអ្នកចាំទីរបស់ក្រុមនេះមួយទៀត ក៏បានប្រព្រឹត្តិកំហុស ក្នុងការទប់បាល់ ដែលទាត់បញ្ចូលទី មិនជាខ្លាំងណាស់ណា ដោយកីឡាករបារាំង អង់ទ័ន គ្រីស្មាន់ (នៅនាទីទី ៦១) នោះដែរ។ អ្នកចាំទី អ៊ុយរូហ្គាយ កីឡាករ «Fernando Muslera» បានភ្លាត់ដៃ​ដ៏គួរឲ្យសោកស្ដាយ ដោយទុកឲ្យបាល់ហោះឆ្លងខ្លួន ទៅចូលទីនៅខាងក្រោយ បន្ថែមពិន្ទុ ២-០ ឲ្យក្រុម បារាំង។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អ៊ុយរូហ្គាយ និងក្រុម បារាំង៖

បានទទួលសំបុត្រ​ឡើងទៅវគ្គ ១ភាគ២ ផ្ដាច់ព្រ័ត្រមុនគេ ក្រុម បារាំង ត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួតរវាងក្រុម ប្រេស៊ីល និងក្រុម ប៊ែលហ្សិក ក្នុងពេលបន្តិចទៀត ដើម្បីដឹងពីគូប្រកួតរបស់ខ្លួន សម្រាប់ការប្រកួត ក្នុងយប់ថ្ងៃអង្គារខាងមុខ។ អ្នកតាមដានបាល់ទាត់ជាច្រើន បានផ្ដល់ក្ដីសង្ឃឹម លើក្រុម ប្រេស៊ីល ដែលសម្បូរដោយ កំពូលកីឡាករជាច្រើន។ ប៉ុន្តែបើសង្កេតមើលការប្រកួត ក្នុងវគ្គកន្លងមក គេមិនឃើញថា ក្រុមប្រេស៊ីល មានសន្ទុះបាល់និងក្រឡាទាត់​ ខ្លាំងណាស់ណាទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...