បាល់ទាត់ពិភពលោក២០១៤៖ អូស្ត្រាលី អ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានកៅអីទៅប្រេស៊ីល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កៅអីរបស់ក្រុមបាល់ទាត់អាស៊ីទាំង៣ និងអូសេអានី មួយ ដែលត្រូវធ្វើដំណើរទៅប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ (2014 World Cup) នៅក្នុងប្រទេសប្រេស៊ីលនោះ បានរកឃើញម្ចាស់ជាផ្លូវការហើយ ពោលគឺមានក្រុមស៊ាំរៃខៀវជប៉ុន, អូស្ត្រាលី, អ៊ីរ៉ង់ និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអៀរ៉ង់ សប្បាយរីករាយ នៅពេលដឹងថាខ្លួនមានកៅអីឡើងទៅប្រេស៊ីល។
ក្រុមជម្រើសជាតិអូស្ត្រាលី បានទទួលកៅអីទៅលេងបាល់ទាត់ពិភពលោករបស់ខ្លួនជាលើកទី៣ បន្ទាប់យកឈ្នះ ១-០ លើក្រុមអ៊ីរ៉ាក់ ក្នុងទីក្រុងស៊ីដនី (Sydney) កាលពីយប់មិញ ហើយបានបញ្ចប់ដោយឈរចំណាត់ថ្នាក់លេខ២ ក្នុងពូលបន្ទាប់ពីជប៉ុន។
រីឯក្រុមអ៊ៀរ៉ង់ បានយកឈ្នះក្រុមកូរ៉េខាងត្បូង ១-០ ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពូល។ ប៉ុន្តែទោះជាយ៉ាងណា កូរ៉េខាងត្បូងនៅមានឱកាសឡើងទៅកាន់វគ្គជាបន្តដែរ ព្រោះបានទទួលចំណាត់ថ្នាក់លេខ២ ក្នុងពូលដែរនោះ។
ចំណែកឯក្រុមអ៊ុយបេហ្គីស្ថាន បានលត់ក្រុមកាតា ៥-១ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនអាចជួយឲ្យពួកគេទទួលបានកៅអីប្រេស៊ីលដែរ ព្រោះបានត្រឹមតែចំណាត់ថ្នាក់លេខ៣ ក្នុងពូល។ អ៊ុយបេហ្គីស្ថាន មានពិន្ទុស្មើគ្នាជាមួយកូរ៉េខាងត្បូង ប៉ុន្តែខុសគ្នាត្រង់គ្រាប់ទាត់បញ្ចូលទីគ្នា តែ១គ្រាប់គត់ ដែលធ្វើឲ្យមានការសោកស្តាយជាទីបំផុត។
ប៉ុន្តែពេលនេះ អ៊ុយបេហ្គីស្ថាននៅមានឱកាសមួយទៀត ពោលគឺពួកគេត្រូវប្រកួតចាញ់ធ្លាក់ (play-off) ជាមួយនឹងក្រុមលេខ៣ក្នុងពូលផ្សេង សូដង់ នៅខែកញ្ញា ហើយអ្នកឈ្នះនឹងត្រូវទៅប្រកួតជាមួយនឹងក្រុមលេខ៥ នៅតំបន់អាមេរិកខាងត្បូង នៅខែវិច្ឆិកា ដើម្បីប្រជែងយកកៅអី១ទៀត ទៅប្រទេសប្រេស៊ីលដែរ។
កីឡាករបម្រុង ជូស ឃេណេឌី (Josh Kennedy) បានប្រើក្បាលតែតបញ្ចូលទីបានសម្រេចនៅនាទីទី៨៣ ហើយក៏ជាគ្រាប់បាល់តែ១គ្រាប់គត់ ដែលជួយឲ្យក្រុមហ្គង់ហ្គូរូ អូស្ត្រាលីទទួលបានជ័យជំនះដែរ បន្ទាប់ពីកីឡាកររូបនេះ ដូរចូលជំនួសអតីតកីឡាករក្រុមអេវើតុន (Everton) ធីម កាហីល (Tim Cahill) នៅនាទី៧៧។
ដូច្នេះយើងឃើញហើយថា បាល់ទាត់ពិភពលោកឆ្នាំ២០១៤ សម្រាប់វត្តមានក្រុមអាស៊ី មិនខុសគ្នាប៉ុន្មានទេ ពីបាល់ទាត់ពិភពលោកឆ្នាំ២០១០កន្លងទៅ គ្រាន់តែកាលពីឆ្នាំ២០១០ មានកូរ៉េខាងជើង ប៉ុន្តែឆ្នាំ២០១៤ខាងមុខនេះ នឹងមានវត្តមានរបស់ក្រុមខ្លាំងរបស់អាស៊ីថ្មី អ៊ៀរ៉ង់វិញ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ