ជំនួបហ្សេ៨៖ ជំហានទៅប្រឆាំងការបន្ថយពន្ធដារ និងយល់ស្របបង្រួមវិបត្តិនៅស៊ីរី
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីជំនួបពីរថ្ងៃ នៃកិច្ចចរចារដ៏ចង្អៀត ប្រទេសមហាអំណាចឧស្សាហកម្មទាំង៨ បានរកឃើញនូវចំនុចរួមគ្នាមួយចំនួន ក្នុងនោះការយល់ស្របក្នុងការប្រឆាំងការកាត់បន្ថយពន្ធ បដិសេធប្រាក់ថ្នូរ ក្នុងករណីទាមទារដោយពួកភេវជនចាប់ជម្រិត និងការព្រមព្រៀងរួមមួយចំនួន ទាក់ទងនឹងវិបត្តិនៅប្រទេសស៊ីរី។
មេដឹកនាំទាំងដប់រូប នៃជំនួបហ្សេ៨។
នៅក្នុងទឹកដីនៃប្រទេសអៀរឡង់ខាងជើង ប្រទេសមហាអំណាចខាងផ្នែកឧស្សាហកម្មទាំង៨ រួមមាន អាឡឺម៉ង់ កាណាដា អាមេរិក បារាំង អ៊ីតាលី ជប៉ុន អង់គ្លេស និងរ៉ូស្សី បានជួបប្រជុំគ្នាក្នុងរយៈពេលពីរថ្ងៃ ហើយនៅទីបំផុតបានចេញសេចក្ដីប្រកាសរួមគ្នា នៅលើចំនុចបីធំៗ ដែលកើតមាននៅលើពិភពលោក។ ក្នុងជំនួបនោះ ក៏មានវត្តមានមេដឹកនាំសហគមន៍អ៊ឺរ៉ុប ដូចជាប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក ហែម៉ាន់ វ៉ាន រ៉ុមពីរ (Herman Van Rompuy) និងប្រធានគណៈកម្មាធិការអ៊ឺរ៉ុប លោក ជូហ្សេ ម៉ានូអែល ប៉ារូស្សូ (José Manuel Barroso) នោះ បានមកចូលរួមដែរ។
កាត់បន្ថយពន្ធ
នៅក្នុងសេចក្ដីប្រកាសពត៌មាន ចេញផ្សាយនៅថ្ងៃល្ងាចអង្គារ ជំនួបហ្សេ៨ បានត្រៀមចេញផ្សាយ នៅតាមប្រទេសជាសមាជិកនៃជំនួបនេះរៀងៗខ្លួន នូវគម្រោងសកម្មភាពថ្នាក់ជាតិ ដើម្បីជាព័ត៌មានដាក់ឲ្យដឹង ទាក់ទងនឹងក្រុមហ៊ុនសហគ្រាសទាំងឡាយណា ដែលត្រូវប៉ះពាល់ ជាពិសេសក្រុមហ៊ុនសហគ្រាសធំៗ។
និយាយឲ្យស៊ីជម្រៅ ហ្សេ៨ មិនមានបំណងចង់វាយប្រហារលើ សហគ្រាសខ្នាតធំៗ ប៉ុន្មាននោះទេ ព្រោះការកម្រិតច្បាប់ទម្លាប់តាមរបៀបប្រទេសអង់គ្លេសនេះ នឹងធ្វើឲ្យគ្មានប្រសិទ្ធិភាព ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង នឹងការរត់គេចពន្ធ របស់ពួកអ្នកមានប្រាក់គ្រាក់ៗមួយចំនួន។
បដិសេធប្រាក់ថ្នូរ
មេដឹកនាំប្រទេសទាំង៨ បានសន្យាបដិសេធ មិនចំណាយប្រាក់ថ្នូរសូម្បីមួយសេនឡើយ នៅក្នុងករណីចាប់ជម្រិតរបស់ភេវរជន ទៅលើជនជាតិនៃប្រទេសផងខ្លួននោះ ហើយបានអំពាវនាវឲ្យក្រុមហ៊ុនសហគ្រាសទាំងឡាយ ឲ្យទទួលយកគោលការណ៍នេះ។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា «យើងច្រានចោល ដោយគ្មានគិតគូរអ្វីឡើយ នូវរាល់ការចំណាយនៃប្រាក់ថ្នូរ ទៅឲ្យពួកភេវរជន ហើយយើងអំពាវនាវទៅប្រទេសពាក់ព័ន្ធ និងបណ្ដាសហគ្រាស ក្នុងពិភពលោកអោយទទួលយកគោលការណ៍នេះ»។
ប្រទេសមហាអំណាចឧស្សាហកម្មទាំងប្រាំបី បានបន្ថែមទៀតថា នឹងសហការបញ្ជូនអ្នកជំនាញការ ហើយនឹងជួយគ្នាទៅវិញទៅមក នៅក្នុងដំណោះស្រាយ ទាក់ទងនឹងបញ្ហា«ចាប់ជម្រិត»។
រៀបចំសន្និសិតស្ដីពីវិបត្តិនៅស៊ីរី
បន្ទាប់ពីជំនួបអស់រយៈពេលពីរថ្ងៃនេះមក បណ្ដាមេដឹកនាំបានប្រសូតនូវកិច្ចព្រមព្រៀងមួយ ដើម្បីបង្រួមបញ្ហានៅស៊ីរី ដោយបានអំពាវនាវឲ្យរៀបចំ ក្នុងពេលដ៏ខ្លីតាមតែអាចធ្វើបាន នូវសន្និសិតសន្តិភាពមួយ។ ប៉ុន្តែការព្រមព្រៀងនេះ មិនបាននិយាយដល់ចម្ងល់សំខាន់ៗទាំងឡាយ ដើម្បីឈានទៅដោះស្រាយជម្លោះនោះទេ។
អវត្តមាននៃភាពលំអិតទាំងនេះ បានឆ្លុះបញ្ចាំងពីភាពខ្វែងគំនិតរវាងគ្នាយ៉ាងខ្លាំង រវាងបណ្ដាប្រទេសលោកខាងលិច ដែលគាំទ្រក្រុមប្រឆាំងស៊ីរី និងទីក្រុងម៉ូស្គូ ដែលជាសម្ព័ន្ធមិត្តគាំទ្រចាក់ទឹកមិនលេច របស់ក្រុងដាម៉ាស។ គ្រាន់តែជំនួបនោះបានបញ្ចប់ ប្រធានាធិបតីរ៉ូស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានថ្លែងសារជាថ្មី ពីលទ្ធភាពក្នុងការបញ្ជូនអាវុធបន្ថែមទៀត ទៅឲ្យរបបស៊ីរីសព្វថ្ងៃ ដែលការថ្លែងនេះ មើលទំនងជាការឆ្លើយតបភ្លាមៗមួយ ពីអ្វីដែលអ្នកសារព័ត៌មានសង្កេតឃើញថា វាគ្រាន់តែជាស្នាមញញឹមដែលមានតែសម្បកក្រៅប៉ុណ្ណោះ ពីក្នុងជំនួបកំពូល៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ