ប្រធានាធិបតី​អ៊ុយក្រែន​ថ្មី បដិសេធ​សម្បទាន​ជា​មួយ​ប្រទេស​រ៉ូស្សី

បន្ទាប់ពីបានស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសុន្ទរកថា​លើក​ដំបូង​ថា លោកបដិសេធ នូវរាល់​កិច្ចព្រមព្រៀងទាំងឡាយ ដែលកើតចេញពីការធ្វើសម្បទាន ជាមួយនឹងប្រទេសរ៉ូស្សី។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសុន្ទរកថា​លើក​ដំបូង​ថា លោកបដិសេធ នូវរាល់​កិច្ចព្រមព្រៀងទាំងឡាយ ដែលកើតចេញពីការធ្វើសម្បទាន ជាមួយនឹងប្រទេសរ៉ូស្សី។


លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ ​ប្រធានាធិបតីទី៥ របស់ប្រទេសអ៊ុយក្រែន ដើរត្រួតពល បន្ទាប់ពីបានកាន់តំណែង។ (រូបថត Reuters)

វិបត្តិអ៊ុយក្រែន - មហាសេដ្ឋីដែលនិយមលោកខាងលិច លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) បានក្លាយជា​ប្រធានាធិបតីទី៥ របស់ប្រទេសអ៊ុយក្រែនឯករាជ្យ នៅក្នុងពិធីស្បថចូលកាន់ដំណែងមួយ នៅថ្ងៃសៅរ៍ទី៧ ខែមិថុនា​នេះ ក្នុង​រដ្ឋសភា​ជាតិ នារដ្ឋធានីគៀវ នៅចំពោះវត្តមានរបស់ប្រមុខរដ្ឋ និងតំណាងរដ្ឋាភិបាលនៃប្រទេសជាច្រើន។

ជាប់ឆ្នោតជាប្រធានាធិបតីនៅថ្ងៃទី២៥ ខែឧសភាកន្លងទៅ ជាមួយនឹងសម្លេងឆ្នោត៥៤,៧%នោះ បុរសកំពូលអ្នកមាន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ អាយុ៤៨ឆ្នាំ បានធ្វើការស្បថស្បែ នៅមុខរដ្ឋធម្មនុញ្ញ និងសៀវភៅធម៌កាតូលិក មុននឹងត្រូវបាន​ប្រកាស​ជាផ្លូវការ ជាប្រធានាធិបតីរបស់ប្រទេស ដោយប្រធានតុលាការធម្មនុញ្ញនៃប្រទេសអ៊ុយក្រែន។ លោកនឹង​បន្ដតំណែងជាប្រធានាធិបតីនេះ ពីអតីតប្រធានាធិបតី លោក វិចទ័រ អៀនូកូរិច (Viktor Ianoukovitch) ដែលត្រូវបាន​បណ្ដេញចេញពីតំណែង កាលពីចុងខែកុម្ភៈ បន្ទាប់ពីបដិវត្តនិយមអ៊ឺរ៉ុបមួយ រងនូវការបង្ក្រាបយ៉ាងរង្គាល និងប្រកប​ដោយឈាម នៅកណ្ដាលរដ្ឋធានីគៀវ ។

បដិសេធ នូវរាល់កិច្ចព្រមព្រៀងណា ដែលតម្រូវឲ្យធ្វើសម្បទានជាមួយប្រទេសរ៉ូស្សី

នៅសុន្ទរកថាដំបូងរបស់ខ្លួន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ បានសន្យាពីការរក្សាឯកភាពជាតិរបស់ប្រទេស ជាពិសេស​នៅ​ក្នុងតំបន់ខាងកើត ដែលកំពុងធ្លាក់ទៅក្នុងភ្នក់ភ្លើង នៃការបះបោររបស់ក្រុមនិយមរ៉ូស្សី ដែលចង់បំបែកខ្លួន។ លោក​បានបដិសេធដោយចំហរ នូវរាល់ការធ្វើសម្បទានជាមួយប្រទេសរ៉ូស្សី នៅលើគោលការណ៍តាមបែបអ៊ឺរ៉ុប របស់​ប្រទេស​អ៊ុយក្រែន និងទៅលើស្ថានភាពរបស់តំបន់គ្រីម៉ៀ (Crimée)។

ជាមួយនឹងសម្ដីរបស់លោក ដែលនិយាយថា៖ «តំបន់គ្រីមៀ គឺជាទឹកដីអ៊ុយក្រែន និងនៅតែជាទឹកដីអ៊ុយក្រែន» សម្ដី​ទះដៃដ៏កងរំពង បានលាន់លឺឡើងយ៉ាងខ្លាំង នៅក្នុងអាគាររដ្ឋសភា។ លោកបានបន្ថែមថា៖ «ខ្ញុំបាននិយាយ​រឿង​នេះ​ច្បាស់ណាស់ ទៅកាន់មេដឹកនាំរ៉ូស្សី នៅណ័រម៉ង់ឌី (Normandie - តំបន់មួយផ្នែកខាងលិចនៃរដ្ឋធានីប៉ារីស​ ប្រទេស​បារាំង កន្លែងដែលមេដឹកនាំធំៗក្នុងពិភពលោក បានទៅចូលរួមក្នុងពិធីខួបលើកទី៧០ ថ្ងៃកងទ័ពសម្ព័ន្ធមិត្តឡើងគោក ដើម្បីប្រយុទ្ធវាយកងទ័ពហ្វាស៊ីសអាឡឺម៉ង់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ - ២០១៤)»។

លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ បានសន្យាថានឹងធ្វើដំណើរក្នុងពេលឆាប់ៗខាងមុខ ទៅកាន់ទីក្រុងឧស្សាហកម្ម ដុងបាស ដែល​សម្បូរទៅដោយអ្នកនិយាយភាសារ៉ូស្សី និងមួយភាគធំ ត្រូវបានកាន់កាប់ដោយ ពួកអ្នកបះបោរ។ ក្នុងការ​ថ្លែង​របស់លោក ក៏បានធ្វើទៅកាន់បណ្ដាជនដែលរស់នៅទីនោះដែរ ស្ដីពីការប្រគល់នូវអំណាចស្វ័យគ្រប់គ្រងមួយចំនួន និងធានាឲ្យមានការប្រើប្រាស់ដោយសេរី នូវភាសារ៉ូស្សី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...