នាវាចម្បាំងយក្សរ៉ុស្ស៊ីមកដល់ឆ្នេរស៊ីរី ត្រៀមធ្វើសង្គ្រាម
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១២ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 13, 2016
- ប្រធានបទ: វិបត្តិស៊ីរី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ប្រទេសរ៉ុស្ស៊ី សង្គ្រាមលោកលើកទី៣ ហាក់ដូចជាបានចាប់ផ្ដើម បញ្ចេញរូបរាងរបស់វារួចហើយ។ នាវាចម្បាំងយក្សឈ្មោះ «Amiral Kouznetsov» ដែលមានផ្ទុកពេញ ដោយយន្ដហោះប្រដេញ និងយន្ដហោះទម្លាក់គ្រាប់បែក ដ៏ទំនើបៗ ត្រូវបានបញ្ជូនទៅដល់តំបន់ឆ្នេរសមុទ្រ នៃប្រទេសស៊ីរីហើយ ដើម្បីពង្រឹងកម្លាំងយោធារ៉ុស្ស៊ី និងត្រៀមធ្វើប្រតិបត្តិការសឹកធំៗបន្ថែមទៀត នៅក្នុងវិបត្តិស៊ីរី។ នេះបើតាមការប្រកាស ដោយផ្ទាល់ របស់មេបញ្ជាការនាវានេះ លោក «Sergueï Artamonov» កាលពីថ្ងៃសៅរ៍។
លោកមេបញ្ជាការ បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ជាតិ ឈ្មោះ «Rossia 1» ថា៖ «ក្រុមនាវា ដែលមានផ្ទុកយន្ដហោះចម្បាំងរ៉ុស្ស៊ី បានមកដល់តំបន់ ដែលត្រូវឈរជើង ស្ថិតនៅភាគខាងកើត នៃសមុទ្រមេឌីទែរ៉ាណេ ហើយ។ ក្រុមនាវាទាំងនោះ កំពុងបំពេញភារកិច្ចរបស់ពួកគេរួមគ្នា ដោយបានចល័តនៅលើដែនទឹក ភាគខាងលិច នៃប្រទេសស៊ីរី។»។
លោក «Sergueï Artamonov» បានបន្តទៀតថា យន្ដហោះចម្បាំង នៃនាវា «Amiral Kouznetsov» នឹងធ្វើការហោះហើរ «សឹងជារៀងរាល់ថ្ងៃ» ជាពិសេសហ្វឹកហាត់ ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយកំពង់ផែសមុទ្រនៅជិតបំផុត របស់ប្រទេសស៊ីរី។ តាំងពីជាងមួយឆ្នាំមកហើយ ប្រទេសរ៉ុស្ស៊ីបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដើម្បីជាការគាំទ្រទៅដល់កងទ័ពស៊ីរី របស់លោកប្រធានាធិបតី បាឆារ អែល-អាសាធ (Bachar el-Assad)។
» នាវាចម្បាំងនុយក្លេអ៊ែរ «Amiral Kouznetsov» មើលពីចំហៀង៖
រដ្ឋាភិបាលក្រុង ម៉ូស្គូ បានប្រកាសកាលពីពាក់កណ្ដាល ខែតុលា ថានាវាចម្បាំងនុយក្លេអ៊ែរ «Amiral Kouznetsov» ដែលមានផ្ទុកយន្ដហោះប្រដេញ យន្ដហោះទម្លាក់គ្រាប់បែក និងឧទ្ធម្ភាគចក្របាញ់មិនឆេះ នឹងត្រូវអមដំណើរដោយនាវាផ្សេងទៀត ដើម្បីធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ក្នុងគោលបំណងដើម្បីពង្រឹងវត្តមានយោធារ៉ុស្ស៊ី នៅក្នុងតំបន់។ សេចក្ដីប្រកាសព័ត៌មានមួយ របស់កងទ័ពរ៉ុស្ស៊ី បានអះអាងថា ការដាក់ពង្រាយនាវាចម្បាំងធុនធ្ងន់មួយនេះ ក៏ដូចជានាវាសឹកដទៃទៀត (ក្នុងនោះមាន នាវាប្រឆាំងនាវាមុជទឹក នាវាកាំភ្លើងធំ «Amiral Koulakov» និងនាវាអន្តរាគមន៍ «Piotr Veliki») នឹងផ្ដល់លទ្ធភាពឲ្យធ្វើការឆ្លើយតប ទៅនឹងការគម្រាមថ្មីៗគ្រប់ទម្រង់ ជាពិសេសឧក្រិដ្ឋកម្មចោរសមុទ្រ និងភេរវនិយមអន្តរជាតិ។
នៅក្នុងប្រទេសស៊ីរី កងទ័ពរ៉ុស្ស៊ីមានមូលដ្ឋានទ័ពអាកាសរបស់ខ្លួនមួយហើយ នៅក្រុង «Hmeïmim» ដែលជាក្រុង-បន្ទាយយោធាដ៏ធំ របស់លោក បាឆារ អែល-អាសាធ នៅក្បែរនឹងខេត្ត «Lattaquié»។ កងទ័ពរបស់មហាអំណាចរ៉ុស្ស៊ី បានប្រើប្រាស់មូលដ្ឋានទ័ពអាកាសនេះ ដើម្បីធ្វើប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស រាប់ចាប់តាំងពីការលូកដៃដំបូង របស់ប្រទេសនេះ នៅក្នុងវិបត្តិស៊ីរី នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។
ការតម្លើងវត្តមានយោធា និងសព្វាវុធ របស់ប្រទេសរ៉ុស្ស៊ីនៅក្នុងតំបន់ បានធ្វើឡើង នៅក្នុងបរិបទដ៏តឹងតែង រវាងប្រទេសនេះ និងបណ្ដាប្រទេសនៅបស្ចឹមលោក ដែលបានមើលមុខគ្នាមិនចំ ស្ដីពីដំណោះស្រាយវិបត្តិ ក្នុងប្រទេសស៊ីរី។ សាធារណមតិរ៉ុស្ស៊ីខ្លួនឯង បានគិតរួចជាស្រេចហើយថា ពិភពលោកកំពុងប្រឈមមុខ នឹងសង្គ្រាមលោកលើកទី៣ ជាពិសេសនៅបន្ទាប់ពីការចរចា រវាងក្រុងវ៉ាស៊ីនតោន និងក្រុងម៉ូស្គូ ស្ដីពីវិបត្តិស៊ីរី ត្រូវបានកាត់ផ្ដាច់ កាលពីថ្ងៃទី៣ ខែតុលាកន្លងមក៕
-------------------
» វីដេអូបង្ហាញពីសកម្មភាព នៅលើនាវាចម្បាំង «Amiral Kuznetsov» របស់កងទ័ពរ៉ូស្ស៊ី៖