ISIS ទទួលស្គាល់ការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ដង់ ស្លាប់៥២នាក់
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 13, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបំផ្ទុះគ្រាប់បែកដ៏រង្គាល ដែលប្រកាសទទួលស្គាល់ ដោយអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានកំទេចមណ្ឌលសាសនាឥស្លាមមួយកន្លែង ស្ថិតនៅភាគនារតី នៃប្រទេសប៉ាគីស្តង់។ ការវាយប្រហារនេះ បានធ្វើឲ្យមនុស្សស្លាប់យ៉ាងតិច ៥២នាក់ និង១០៥នាក់រងរបួស។ នេះ បើតាមការថ្លែងឲ្យដឹង របស់អាជ្ញាធរក្នុងតំបន់។
មន្ត្រីសន្តិសុខប្រចាំតំបន់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅមុនការបំផ្ទុះនោះ មនុស្សជាច្រើនរយនាក់ បានជួបជុំគ្នា នៅក្នុងវិហារឥស្លាមឈ្មោះ «Shah Noorani» ដើម្បីចូលរួមពិធីសាសនាមួយ ឈ្មោះ «Dhamaal»។ មន្ត្រីបានថ្លែងឡើងថា៖ «ជារៀងរាល់ល្ងាច នៅពេលព្រះអាទិត្យអស្ដង្គត់ គេមានរៀបចំពិធីនេះ ហើយមនុស្សម្នាបានប្រមូលគ្នា ដើម្បីចូលរួមនៅទីនោះទាំងអស់គ្នា»។
អ្នកទទួលខុសត្រូវ ផ្នែកជួយសង្គ្រោះមួយរូប បានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកថា អ្នករងរបួសត្រូវបានដឹកជម្លៀសជាបន្ទាន់ ទៅកាន់តំបន់ជុំវិញ ជាពិសេសទៅកាន់ក្រុង «Hub» និង«Karachi»។ រដ្ឋាភិបាលប៉ាគីស្តង់ បានបញ្ជូនរថសង្គ្រោះជាបន្ទាន់ ចំនួន២៥គ្រឿង ពីក្រុង «Hub» ដើម្បីជួយដឹកជម្លៀសជនរងគ្រោះ។ កងទ័ពប៉ាគីស្តង់ ក៏ត្រូវបានបញ្ជូន ឲ្យទៅជួយធ្វើយុទ្ធនការសង្គ្រោះដូចគ្នាដែរ ដោយសារស្ថានភាព នៃទីកន្លែងកើតហេតុ មានលក្ខណៈដាច់ស្រយ៉ាល។
ដោយឡែក សម្រាប់អង្គការភេរវនិយម រដ្ឋអ៊ីស្លាមវិញ បានប្រកាសទទួលស្គាល់ការវាយប្រហារនេះ តាមរយៈទីភ្នាក់ងារឃោសនាផ្លូវការរបស់ខ្លួន ឈ្មោះ «Amaq»។ ក្រុមនេះបានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ផ្សាយតាមទីភ្នាក់ងារនោះថា យុទ្ធជនម្នាក់ ពីចំណោមកងកម្លាំងប្រយុទ្ធដើម្បីព្រះអាឡាហ៍របស់ខ្លួន គឺជាអ្នកដែលបានធ្វើ «ប្រតិបត្តិការ ប្រកបដោយវីរភាព»នេះ។
ចំពោះប្រធានាធិបតីប៉ាគីស្តង់ លោក ម៉ាមនូន ហ៊ូសាន់ (Mamnoon Hussain) វិញ បានថ្លែងប្រតិកម្មភ្លាមៗ តបទៅនឹងការវាយប្រហារនេះថា៖ «រដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់ ក្នុងការតាមកំចាត់ក្រុមភេរវនិយម និងក្រុមនិយមជ្រុល ឲ្យអស់ពីប្រទេស»។
ការវាយប្រហារភេរវកម្មរបៀបនេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ។ កាលពីខែមុន សាលានគរបាលមួយកន្លែង នៅក្នុងតំបន់នោះ ក៏បានរង នូវអំពើភេរវកម្មយ៉ាងរង្គាលប្រហាក់ប្រហែលនេះដែរ (ច្រើនជាង៦០នាក់ បានស្លាប់)។ ទង្វើនោះ ត្រូវបានក្រុមរដ្ឋអ៊ីស្លាម ចេញមុខមកទទួលស្គាល់ដូចគ្នា។
សមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម មិនចូលចិត្តវិហារសាសនាឥស្លាម ដូចយ៉ាងវិហារ «Shah Noorani» ដែលក្រុមអ្នកមានជំនឿ បានគិតថា ជាទីកន្លែងឧទ្ទិស ដល់«សាវ័ករបស់ព្រះ» នោះឡើយ។ សម្រាប់ក្រុមឥស្លាមនិយមតឹងមួយនេះ «សាវ័ករបស់ព្រះ» គឺជារូបភាព ឬគំនិតនៃការប្រឆាំង ទៅនឹងសាសនាឥស្លាម៕