អ៊ីស្ត្រាអែល​បាញ់​កម្ទេច​យន្ដហោះ​ស៊ីរី​មួយ​គ្រឿង ដែល​ហោះ​ចូល​ដីខ្លួន

កងទ័ពអ៊ីស្ត្រាអែល ដែលភាសាអេប្រឺ ហៅថា «Tsahal» បានបាញ់កាំជ្រួច នៅរសៀលថ្ងៃអង្គារនេះ កម្ទេចយន្ដហោះមួយគ្រឿង របស់កងទ័ពស៊ីរី ដែលបានហោះចូល មកក្នុងដែនអាកាស គ្រប់គ្រងដោយ​អ៊ីស្ត្រាអែល ពីលើតំបន់មួយឈ្មោះ «Golan»។
អ៊ីស្ត្រាអែល​បាញ់​កម្ទេច​យន្ដហោះ​ស៊ីរី​មួយ​គ្រឿង ដែល​ហោះ​ចូល​ដីខ្លួន
រូបភាពជំនួស បង្ហាញពីយន្ដហោះប្រភេទ «Sukhoi»​ ផលិតនៅរ៉ូស្ស៊ី និងកាំជ្រួច «Patriot» ផលិតនៅអាមេរិក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 25, 2018
  • ប្រធានបទ: អ៊ីស្ត្រាអែល-ស៊ីរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាំជ្រួចពីរដើម ធុន «Patriot» ដែលជាសព្វាវុធផលិត នៅសហរដ្ឋអាមេរិក ត្រូវបានកងទ័ពអ៊ីស្ត្រាអែល បាញ់ចេញ សំដៅកម្ទេចយន្ដហោះមួយគ្រឿង របស់កងទ័ពស៊ីរី ដែលហោះចូលដែនអាកាស អ៊ីស្ត្រាអែល កាលពីរសៀលថ្ងៃអង្គារនេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពអ៊ីស្ត្រាអែល ដែលហៅខ្លួនឯង តាមភាសាអេប្រឺ ថា «Tsahal»។

បើតាមសេចក្ដី​ប្រកាសព័ត៌មាន​ដដែល​នោះ បានឲ្យដឹងថា យន្ដហោះប្រដេញ របស់កងទ័ពអាកាស​ស៊ីរី ដែលជាប្រភេទយន្ដហោះ «Sukhoi» ផលិតនៅរ៉ូស្ស៊ី បានហោះចូល ទៅក្នុងលំហរអាកាស គ្រប់គ្រងដោយប្រទេសអ៊ីស្ត្រាអែល ប្រមាណជា២គីឡូម៉ែត្រ។

វិទ្យុក្នុងស្រុកអ៊ីស្ត្រាអែល បានបញ្ជាក់ថា យន្ដហោះស៊ីរី បានប៉ះជាមួយកាំជ្រួច «Patriot» នៅខាងលើតំបន់ «Golan» ដែលស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសអ៊ីស្ត្រាអែល និងបន្ទាប់មក យន្ដហោះបានទៅធ្លាក់ នៅក្នុងទឹកដី ស៊ីរី។

សេចក្ដីប្រកាសព័ត៌មាន បានអះអាងថា៖ «តាំងពីព្រឹកថ្ងៃអង្គារមក សកម្មភាពខុសធម្មតា នៃការប្រយុទ្ធដ៏ខ្លាំងមួយ បានកើតឡើង នៅក្នុងប្រទេសស៊ីរី រាប់បញ្ចូលទាំងការកើនឡើង នៃសកម្មភាព តាមផ្លូវអាកាស របស់កងទ័ពស៊ីរីផង។ កងទ័ពអ៊ីស្ត្រាអែល បានដាក់ហេតុការណ៍នេះ ទៅក្នុងការប្រកាសអាសន្ន ហើយបន្តប្រយុទ្ធប្រឆាំង រាល់ការរំលោភ លើកិច្ចព្រមព្រៀង នៃការបែងចែកកម្លាំង ក្នុងឆ្នាំ១៩៧៤។»។

សម្រាប់រដ្ឋាភិបាលក្រុង ដាម៉ាស (ស៊ីរី) វិញ បានច្រានចោល ការលើកឡើង ពីការហោះរំលោភ ចូលទឹកដី គ្រប់គ្រងដោយអ៊ីស្ត្រាអែល និងបានបញ្ជាក់ថា យន្ដហោះកងទ័ពស៊ីរី បានហោះនៅលើទឹកដី របស់ខ្លួន។

ប្រភពមួយពីកងទ័ពស៊ីរី បានថ្លែងប្រាប់សារព័ត៌មានរ៉ុស្ស៊ី «Sputnik» ថា យន្ដហោះនោះ កំពុងធ្វើប្រតិបត្តិការ ប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ដែលស្ថិតក្នុងទីតាំងមួយ ឈ្មោះ «Saida» នៃទឹកដីស៊ីរី។

ក្នុងឆ្នាំ១៩៧៤ កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខា ដើម្បីបង្កើតតំបន់​គ្មានយោធាមួយ រវាងប្រទេសទាំងពីរ អ៊ីស្ត្រាអែល - ស៊ីរី។ កិច្ចព្រមព្រៀងនេះ បង្កើតឡើង នៅមួយឆ្នាំ ក្រោយពីសង្គ្រាម រវាងប្រទេសអ៊ីស្ត្រាអែល និងបណ្ដាប្រទេសអារ៉ាប់ជុំវិញ ក្នុងឆ្នាំ១៩៧៣។ តែវាជាកិច្ចព្រមព្រៀង បង្កើតតំបន់គ្មានយោធា ហើយប្រទេសទាំងពីរ មិនដែលចុះកិច្ចព្រមព្រៀងសន្តិភាព រវាងគ្នានោះឡើយ។

កងទ័ពអ៊ីស្ត្រាអែល ត្រូវបានដាក់ ទៅក្នុងសភាពត្រៀមលក្ខណៈ បន្ទាប់ពីគម្រោងវាយលុក ដ៏ខ្លាំងមួយ របស់ប្រទេសស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវបានបើកធ្វើ ចាប់ពីថ្ងៃទី១៩ ខែមិថុនានោះ ដើម្បីដណ្ដើមកាន់កាប់មកវិញ នូវតំបន់ជាច្រើន ដែលកាន់កាប់ ដោយក្រុមប្រឆាំង (ដែលបានងើបបះបោរ) ក្នុងខេត្ត «Deraa» និងខេត្ត «Qouneïtra» ស្ថិតនៅភាគខាងត្បូង នៃប្រទេស ស៊ីរី។ តំបន់ទាំងនោះ នៅជាប់ជាមួយតំបន់ «Golan» ដែលគ្រប់គ្រងដោយអ៊ីស្ត្រាអែល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...