បណ្ដេញអ្នកការទូតស៊ីរី៖ ប្រទេសលោកខាងលិច តម្លើងសំលេងប្រឆាំង បាឆា អាល់-អាសាដ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: May 30, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមប្រទេសលោកខាងលិច បានតម្លើងសំលេង ប្រឆាំងរបប លោក បាឆា អាល់-អាសាដ Bachar al-Assad ប្រធានាធិបតីនៃប្រទេសស៊ីរី។ ប្រទេសទាំងនោះ មានរួមទាំងនៅទ្វិបអ៊ឺរ៉ុប និងអាមេរិកផង បានបណ្ដេញចេញ ជាបណ្ដើរៗ និងម្ដងម្នាក់ បណ្ដាអ្នកការទូតរបស់ ប្រទេសស៊ីរី ចេញពីប្រទេសផងខ្លួន ដើម្បីបង្ហាញនូវការប្រឆាំង ទល់នឹង ការសំលាប់ដ៏រង្គាលមួយ នៅតំបន់ អ៊ូឡា Houla ក្នុងប្រទេសស៊ីរី ដែលធ្វើអោយមនុស្សចំនួន ១០៨នាក់ ស្លាប់។
ទីក្រុងវ៉ាស៊ីនតោន បារីស ឡុងដ៍ និង ប៊ែកឡាំង រួមជាមួយនឹងយន្ដការមួយ ដែលតាំងពីច្រើនខែកន្លងមក បានប្រឆាំងនឹង នយោបាយ គាបសង្កត់របស់ប្រធានាធិបតី ប្រទេសស៊ីរី លោក បាឆា អាល់-អាសាដ បានសំរេចចិត្តព្រមគ្នានៅថ្ងៃនេះ បញ្ឈប់ ទំនាក់ទំនងការទូត ជាមួយរបបនេះ។
ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ហ្វ្រង់ស៊័រ ហូឡង់ François Hollande បានប្រកាសអោយដឹងពីការបណ្ដេញចេញ ឯកអគ្គរាជទូតប្រទេស ស៊ីរី ប្រចាំប្រទេសបារាំង លោកស្រី ឡាមីយ៉ា ឆាកគួរ នៅថ្ងៃនេះ ហើយបានជូនដំណឹងពីកិច្ចប្រជុំ ក្នុងទីក្រុងបារីស ដែលនឹងកំណត់ធ្វើនៅដើមខែកក្កដាខាងមុខ ជាមួយរាល់បណ្ដាប្រទេស «ជាមិត្តរបស់ប្រជាជនស៊ីរី»។
តាមក្រសួងការបរទេសបារាំង បាននិយាយថា ការសំរេចចិត្តនេះ ត្រូវបានបញ្ជូនទៅប្រាប់ លោកស្រីឯកអគ្គរាជទូតនេះ ដែលបច្ចុប្បន្ន បានក្លាយជា «មនុស្សដែលមិនត្រូវបានទទួលស្វាគមន៍ Persona non grata » រួមជាមួយនឹងអ្នកការទូត ពីរនាក់ផ្សេងទៀត។
លោក ហ្វ្រង់ស៊័រ ហូឡង់ បានលំអិតថា «ខ្ញុំបានជួបនិយាយរួចហើយ ជាមួយនាយករដ្ឋមន្ត្រី អង់គ្លេស លោក ដាវិដ កាមើរូន David Cameron។ រដ្ឋមន្ត្រីការបរទេសបារាំង លោក ឡូរ៉ង់ ហ្វាប៊ីយូស Laurent Fabius ក៏បានជួបពិភាក្សាជាមួយ លោកអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ លោក បាន គីមមូន Ban Ki-moon។ ហើយអ្វីដែលយើងទទួល យល់ព្រមរួមគ្នា គឺត្រូវបន្ថែម ការគាបសង្កត់ ទៅលើរបបផ្ដាច់ការ នៅប្រទេសស៊ីរី។»
បន្ដិចក្រោយពីការប្រកាសរបស់ទីក្រុងបារីស ទីក្រុងប៊ែលឡាំង ក៏បានហៅ ឯកអគ្គរាជទូតប្រទេស ស៊ីរី ប្រចាំប្រទេស អាឡឺម៉ង់ មកនិយាយប្រាប់ ពីការបណ្ដេញចេញ ហើយឯកអគ្គរាជទូតប្រទេស ស៊ីរី មានរយះពេល ៧២ម៉ោង សំរាប់ចាក ចេញពីទឹកដីប្រទេសអាឡឺម៉ង់។
អ្នកទទួលបន្ទុក ការទូតរបស់ ប្រទេសស៊ីរី ប្រចាំនៅទីក្រុង ឡុងដ៍ ក៏ត្រូវបាន ការិយាល័យ កិច្ចការបរទេស របស់អង់គ្លេស កោះហៅកាលពីថ្ងៃច័ន្ទម្សិលមិញ និយាយប្រាប់ពីការបណ្ដញចេញដូចគ្នានេះដែរ។ សូមបញ្ជាក់ថា ប្រទេសស៊ីរី មិនមាន ឯកអគ្គរាជទូតរបស់ខ្លួន ប្រចាំប្រទេសអង់គ្លេស តាំងពីច្រើនខែមកហើយ និយាយគិតចាប់តាំងពីមានការងើបប្រឆាំង ទល់នឹង របបរបស់លោក បាឆា អាល់-អាសាដ មក ហើយ អ្នកទទួលបន្ទុកការទូត នេះជាតំណាងដ៏ខ្ពង់ខ្ពស់តែមួយគត់ របស់ខ្លួន នៅអង់គ្លេស។
ទីក្រុងរ៉ូម Rome ប្រ៊ុយស្សែល និងម៉ាឌ្រីដ Madrid បានបញ្ចេញសញ្ញា ដូចគ្នានេះ ទៅកាន់ រាល់អ្នកតំណាងការទូតរបស់ ប្រទេសស៊ីរី ប្រចាំនៅប្រទេសផងខ្លួន។ ប្រទេស អូស្រ្តាលី Australie និង កាណាដា Canada ក៏បានបណ្ដេញចេញដូចគ្នា នូវអ្នកការទូតសំខាន់ៗ របស់ ប្រទេសស៊ីរី។ ចំណែកឯសហរដ្ឋអាមេរិកឯនោះវិញ ទីក្រុងវ៉ាស៊ីនតោន បានកំណត់រយះពេល ៧២ម៉ោងទៅ អ្នកតំណាងការទូតជាន់ខ្ពស់ របស់ប្រទេសស៊ីរី លោក ហ្សូហ៊ឺរ ចាប៊ួរ Zuheir Jabbour ក្នុងការចាកចេញពី ទឹកដីអាមេរិក។
ប្រទេសភាគច្រើន នៅបស្ចឹមលោក បានបិតឯកអគ្គស្ថានទូតរបស់ផងខ្លួនប្រចាំប្រទេសស៊ីរី តាំងតែពីមាន ការបាញ់ប្រហារ និងការទំលាក់គ្រាប់បែបនៅទីក្រុង ហូម្ស៍ Homs ស្ថិតនៅ ផ្នែកកណ្ដាលនៃប្រទេសស៊ីរី មកម្លេះ។
ប៉ុន្ដែ មិនមាន ការបណ្ដេញចេញ អ្នកការទូតរបស់ប្រទេសស៊ីរី ប្រចាំនៅសហគមន៍អ៊ឺរ៉ុបនៅឡើយទេ។ តែការសំរេចចិត្ត អាចនឹងធ្វើរួមគ្នាមួយ យ៉ាងហោចណាស់រវាង បារីស ឡុងដ៍ និង ប៊ែកឡាំង ដែលជាប្រទេសតំណាងធំៗ នៅក្នុង សហគមន៍។ តែវានៅជាបញ្ហាចោទ ដ៏សំខាន់មួយ នៅក្នុងកិច្ចប្រជុំ របស់ ឯកអគ្គរាជទូតនៃប្រទេសទាំង ២៧ ដែលជា សមាជិករបស់ សហគមន៍អ៊ឺរ៉ុប។
រហូតមកទល់នឹងថ្ងៃនេះ ឯកអគ្គរាជទូតនៃប្រទេសទាំង ២៧ តែងតែបានបញ្ចេញយោបល់ខុសប្លែកគ្នា ពីការរក្សាទុក ទំនាក់ទំនងការទូតជាមួយប្រទសស៊ីរី។ តួយ៉ាង ប្រទេសប៉ូឡូញ Roumanie និងរូម៉ានី Roumanie រំពឹងថានឹងទុក ឯកអគ្គរាជ ទូតរបស់ផងខ្លួន ប្រចាំនៅទីក្រុង ដាម៉ាស Damas តទៅទៀត។
«ក្រុមប្រឹក្សាជាតិស៊ីរី» របស់ ក្រុមអ្នកប្រឆាំង ក្នុងប្រទេសស៊ីរី បានអបអរសាទររាល់ ការបណ្ដេញចេញទាំងនេះ ហើយបាន អំពាវនាវអោយ ក្រុមប្រឹក្សា សន្ដិសុខ របស់អង្គការសហប្រជាជាតិ អោយសំរេចទៅ នូវវិធានការមួយដែលអនុញ្ញាតិ អោយ មានអន្តរាគមន៍យោធា ប្រឆាំងរបបផ្ដាច់ការនៅ ដាម៉ាស្ស។
ការសម្លាប់រង្គាលនៅ ទីក្រុប អ៊ូឡា Houla បានបង្ក អោយមានការក្ដៅក្រហាយជាទូទៅ ពីសំណាក់ សហគមន៍អន្តរជាតិ។ ប្រធានអ្នកសង្កេតការ និងជាអ្នកឃ្លាំមើល ជនជាតិណ័រវេស លោក រ៉ូប៊ែរ មូដ Robert Mood បានរាយការណ៍ទៅ ក្រុមប្រឹក្សា សន្ដិសុខថា យ៉ាងហោចណាស់ បណ្ដាជនជាង ១០៨នាក់ ត្រូវបានសំលាប់ ក្នុងនោះមាន ៤៩នាក់ជាកុមារ។ ការស៊ើបអង្កេត ជាលទ្ធផលលើកដំបូង បាននិយយថា ក្នុងចំណោមនោះ មនុស្សដែលគេសំលាប់នោះ ភាគច្រើន ត្រូវបានគេយកទៅ សំលាប់។
អំពើហឹង្សា បានបន្ដធ្វើអោយ មនុស្សយ៉ាងហោចណាស់ ជាង១០នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីការឈប់បាញបានចូលជាធរមាន នៅក្នុងកិច្ចព្រមព្រៀង រកសន្តិភាពរវាង អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសអារ៉ាប់ទាំងឡាយ ដែលមានលោក កូហ្វី អាណន្ដ Kofi Annan ជាប្រេសិត ។
តាមការសង្កេតការរបស់ ក្រុមអ្នកការពារសិទ្ធមនុស្ស បានអោយដឹងថា រយះពេលជាង១៤ខែកន្លងមកហើយ ដែលអំពើ ហឹង្សា បានសំលាប់មនុស្ស ប្រមាណជាជាង ១៣ ០០០នាក់ ហើយ ១ ៨០០ នាក់ តាំងពីថ្ងៃ១២ខែមេសា៕
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៨ ខែឧសភា ២០១២
ប្រភព ៖ ទីភ្នាក់ងាសារពត៌មានបារាំង AFP