ប្រតិបត្តិការសឹកនៅម៉ាលី៖ ប្រធានាធិបតីបារាំងថា គ្មានបំណងអ្វីក្រៅពីបង្ក្រាប«ភេវរកម្ម»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងប្រតិបត្តិការសឹក នៅក្នុងប្រទេសម៉ាលី ការជួបប្រយុទ្ធគ្នា បានបង្កអោយមានកងទ័ពស្លាប់ជាច្រើននាក់ ជាពិសេសកងកម្លាំងបះបោរនៅក្នុងប្រទេសនេះ បើគិតមកទល់នឹងយប់ថ្ងៃសៅរ៍ទី១២មករា។ ប្រទេសបារាំងបានបញ្ជាក់ តាមរយះប្រមុខរដ្ឋរបស់ខ្លួនថា បារាំងមិនមានបំណងអ្វីផ្សេង ក្រៅតែពីប្រយុទ្ធប្រឆាំងទល់នឹងភេវរកម្មឡើយ។
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ថ្លែងការណ៍នៅវិមានប្រធានាធិបតី ល្ងាចថ្ងៃទី១២មករា។
រូបថត Philippe Wojazer / Reuters / NTB scanpix ។
ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានចេញមកបកស្រាយ នៅក្រោយបន្ទាប់ពីកិច្ចប្រជុំ នៃក្រុមប្រឹក្សាការពារជាតិ ស្ដីអំពីប្រតិបត្តិការសឹកនៅក្នុងប្រទេសម៉ាលី (ទ្វីបអាហ្វ្រិកកណ្ដាល) នៅល្ងាចថ្ងៃសៅរ៍ទី១២មករានេះ។ ប្រមុខរដ្ឋរូបនេះបាននិយាយជាអាថ៌ថា «ដោយសារសេចក្ដីក្លាហាននៃយុទ្ធជនរបស់យើង ការសំពងមួយទៅលើពួកភេវរជនបានទទួលផ្លែផ្កា និងមានការបាត់បង់ដ៏ធំធេងនៅខាងសត្រូវ។ (...) ប៉ុន្តែបេសកកម្មរបស់យើង នៅមិនទាន់បានបញ្ចប់នៅឡើយ។ ខ្ញុំបានពិនិត្យជាប់ជានិច្ច ក្នុងការពង្រឹងនូវគ្រប់មធ្យោបាយយោធា ជុំវិញរដ្ឋធានីបាម៉ាកូ (Bamako) ដើម្បីការពារជនរួមជាតិរបស់យើង។»
លោកហូឡង់ក៏បានសម្ដែងនូវគាវរកិច្ចផងដែរ នូវយុទ្ធជនអ្នកបើកបរឧទ្ធម្ភាគចក្រមួយរូប ដែលបានពលីជីវិតក្នុងពេលជួបប្រយុទ្ធនោះ ជាមួយនឹងពាក្យមួយឃ្លាថា «បារាំងមិនមានបំណងអ្វីផ្សេង ក្រៅពីប្រយុទ្ធប្រឆាំងនឹងភេវរកម្មឡើយ»។ នៅរសៀលថ្ងៃសៅរ៍កន្លងមកនេះ ក្រុមប្រឹក្សាការពារជាតិបារាំង បានកោះប្រមូលមន្ត្រីសំខាន់ៗ មកប្រជុំជាបន្ទាន់មួយ នៅវិមានប្រធានាធិបតីអេលីហ្សេរ (Elysées) ក្នុងវត្តមាននោះមាន រដ្ឋមន្ត្រីការពារជាតិបារាំង លោកហ្សង់-អ៊ីវ ឡឺឌ្រីអាន (Jean-Yves Le Drian) រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមានុយអ៊ែល វ៉ាល់ (Manuel Valls) មេបញ្ជាការកងទ័ពបារាំង លោកអែឌូអារ ហ្គីយោ (Édouard Guillaud) និងអ្នកទទួលខុសត្រូវសន្តិសុខជាតិបារាំង មួយចំនួនទៀត។
វិធានការពង្រឹងសន្តិសុខបន្ថែមទៀត
ទាក់ទងនឹងការវាយប្រយុទ្ធ នៅក្នុងប្រទេសសូម៉ាលី លោកប្រធានាធិតបី បានចូលរួមរំលែកការឈឺចាប់ នៃគ្រួសារយុទ្ធជនពលី និងចំណាប់ខ្មាំងដែលបានស្លាប់ ក្នុងពេលដែលបារាំងបើកការវាយលុកមួយ ដោយក្រុមកុម្ម៉ង់ដូពិសេស ដើម្បីរំដោះចំណាប់ខ្មាំងនេះ ក្នុងយប់ថ្ងៃសុក្រមុននេះ។ «ខ្ញុំបានសម្រេចចិត្តតាំងពីប៉ុន្មានថ្ងៃមកហើយ ដើម្បីបើកការវាយលុកមួយ សំដៅរំដោះអោយបានជនជាតិបារាំង ដែលជាប់ជាចំណាប់ខ្មាំង តាំងពី៣ឆ្នាំកន្លះកន្លងមក នៅក្នុងស្ថានភាពដ៏អាក្រក់នោះ។ យុទ្ធនាការនេះ មិនបានសម្រេចដល់គោលដៅទេ បើទោះជាមានការពលីជីវិត នៃទាហានយើងពីររូប។ ហើយចំណាប់ខ្មាំង ក៏ទំនងជាត្រូវបានគេសម្លាប់ដែរ។ ផ្ទុយមកវិញ យុទ្ធនាការនេះ បានបញ្ជាក់ពីភាពដាច់ណាត់របស់ប្រទេសបារាំង មិនអោយធ្លាក់ក្នុងការគម្រាម របស់ក្រុមភេវរជនឡើយ។»
ក្នុងប្រទេសបារាំងឯណេះវិញ លោកហ្វ្រង់ស៊័រ ហូឡង់បានប្រកាសអោយដឹង ពីការស្នើសុំរបស់លោក ទៅនាយករដ្ឋមន្ត្រីលោក ហ្សង់-ម៉ាក អារ៉ូល្ត៍ (Jean-Marc Ayrault) នូវវិធានការពង្រឹងសន្តិសុខ ដល់«កម្រិតពណ៌ក្រហម» នៅក្នុងរយះពេលដ៏ឆាប់ៗនេះ ។ អាគាររដ្ឋការសំខាន់ៗ និងមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងឡាយ នឹងត្រូវដាក់ក្រោមការឃ្លាំមើលយ៉ាងដឹតដល់ និងតឹតរឹងជាងមុន។
លោកប្រមុខរដ្ឋបារាំងរូបនេះ បានសម្ដែងការសាទរទៅដល់ ការព្រមព្រៀងនយោបាយ មកពីគ្រប់ភាគីនិន្នាការគណបក្សទាំងអស់ នៅជុំវិញកិច្ចអន្តរាគមន៍យោធា នៅប្រទេសម៉ាលី។ «នៅក្នុងស្ថានភាពនេះ ការបង្រួបបង្រួម នៃប្រជាជាតិបារាំង ជាកម្លាំងមួយបន្ថែមទៀត សម្រាប់យកជ័យជំនះនៅក្នុងយុទ្ធនាការរបស់យើង»។
សូមបញ្ជាក់ថា តាមការស្នើសុំរបស់ប្រធានាធិបតីនៃប្រទេសម៉ាលី លោក ឌីយ៉ុងគូនដា ត្រាអូរ៉េ (Dioncounda Traoré) ប្រទេសបារាំងតាមរយះប្រធានាធិបតីរបស់ខ្លួន បានធ្វើការឆ្លើយតបជាវិជ្ជមាន កាលពីថ្ងៃសុក្រទី១១មករា ក្នុងការជួយកងទ័ពប្រទេសម៉ាលី ប្រយុទ្ធប្រឆាំងទល់នឹង ក្រុមបះបោរនិយមអ៊ីស្លាម ដែលមានប្រភពនៅផ្នែកខាងជើងនៃប្រទេស។ សម្រាប់បស្ចឹមលោក និងរដ្ឋាភិបាលប្រទេសម៉ាលី ក្រុមបះបោរនេះជាពួក«ភេវរជន»។ បន្តិចម្ដងៗ រហូតមកទល់បច្ចុប្បន្ន ក្រុមអ្នកបះបោរនេះ បានវាយដណ្ដើម មកកាន់កាប់ នូវទឹកដីធំជាង៥០% នៃប្រទេសម៉ាលី ដែលធ្លាប់ជាអតីតទឹកដី គ្រប់គ្រងដោយប្រទេសបារាំង៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ