រដ្ឋមន្ត្រីស្ត្រីវ័យក្មេងបារាំង រងការវាយប្រហារ ព្រោះ«អាវទ្រនាប់»
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៨ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 09, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើមិនចូលចិត្ត ឬធ្វើនយោបាយមិនឈ្នះគេ អញ្ចឹងត្រូវតែរកល្បិច និងយុទ្ធវិធីគ្រប់យ៉ាង ដើម្បីនិយាយបង្កាច់បង្ខូច ឬបង្កើតបញ្ហាផ្សេង ដើម្បីបំបែរចំណាប់អារម្មណ៍ឬ? ហើយ... វាមិនមែនជាលើកទីមួយ នោះទេ។ សមាជិករដ្ឋាភិបាល របស់លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និងជារដ្ឋមន្ត្រីក្រសួងអប់រំ អ្នកស្រី ណាចា វ៉ឡូប៊ែនកាសឹម បានរងការវាយប្រហារ តាមប្រព័ន្ធផ្សព្វផ្សាយជាថ្មីទៀត ទាក់ទងនឹងសម្លៀកបំពាក់ និងការផាត់មុខមាត់ របស់អ្នកស្រី នៅក្នុងវេទិកាសួរឆ្លើយមួយ នៅរដ្ឋសភាជាតិបារាំង។
ចុះផ្សាយនៅលើទំព័រមុខ នៃទស្សនាវដ្ដីឡឺព័ង (Le Point) ដ៏ល្បីរបស់ប្រទេសបារាំង អ្នកធ្វើអត្ថាធិប្បាយព្រឹត្តិការណ៍ លោក ហ្សង់ប៉ូល ប្រ៊ីគីលី (Jean-Paul Brighelli) ដែលជាសាស្ត្រាចារ្យ និងជាសមាជិកមួយរូប នៃគណបក្ស«ប្រទេសបារាំងក្រោកឈរ (Debout la France - មាននិន្នាការស្ដាំនិយមជ្រុល)»នោះ បានយកអ្នកស្រីរដ្ឋមន្ត្រី ដែលមានអាយុ៣៨ឆ្នាំ មកសរសេរបរិហា ទាក់ទងនឹងនយោបាយរបស់អ្នកស្រី ក្នុងកំណែទម្រង់វិស័យអប់រំបារាំង។ ប៉ុន្តែការរៀបរាប់នោះ បានជ្រុលហួសទៅដល់បែបផែន នៃការស្លៀកពាក់ និងការផាត់មុខមាត់ ប្រកបដោយការទាក់ទាញ របស់អ្នកស្រី។
ឃ្លានោះ បានសរសេរថា៖ «គឺនៅក្នុងភាពយន្ដ "Annie Hall" ដែលសមិទ្ធិករភាពយន្ដ លោក "Woody Allen" បានបង្កើតគំនិត បែបអ្នករស់នៅរដ្ឋកាលីហ្វ័នី នូវ "LVS" ឬការបង្ហាញឲ្យឃើញ នូវខោអាវទ្រនាប់ ដ៏ត្រេកត្រអាល។ កាលពីថ្ងៃពុធ (សប្ដាហ៍មុន ក្នុងរដ្ឋសភាបារាំង) អ្នកស្រី ណាចា វ៉ាឡូប៊េលកាសឹម បានធ្វើបច្ចុប្បន្នភាព នៃគំនិត "LVS" ជំនាន់ទីពីរ ឬការបង្ហាញឲ្យឃើញ នូវអាវទ្រនាប់ ដ៏ស្រៀវស្រើបនេះឡើងវិញ។ ជាយុទ្ធសាស្ត្រមួយ ដ៏ចាស់យូរលង់ ដូចជាការផាត់បបូរមាត់ ពណ៌ក្រហមឆេះ និងបន្ដោងក្រវិល ពាក់នឹងត្រជៀក (...)។»
ការវាយប្រហារនេះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីមជ្ឈដ្ឋាននយោបាយបារាំង។ រដ្ឋលេខាធិការទទួលបន្ទុកផ្នែកសិទ្ធិស្ត្រី អ្នកស្រី ប៉ាស្កាល់ ប៊ស្តារ (Pascal Boistard) បានប្រតិកម្មទៅនឹងអត្ថបទនេះ ដោយចាត់ទុកការលើកឡើងនេះ ថាបាន«ជេរប្រទេសផ្ដាសារ» ទៅដល់ស្ត្រីគ្រប់គ្នាទាំងអស់៕