តើ បារ៉ាក់ អូបាម៉ា បានបន្សល់ទុកអ្វីខ្លះ?
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២០ មករា ២០១៧
- កែប្រែចុងក្រោយ: January 21, 2017
- ប្រធានបទ: ងាកមើលព្រឹត្តិការណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ក្លាយជាប្រធានាធិបតី ដែលពោរពេញដោយមោទនភាព...
១៤៣ឆ្នាំ ក្រោយការទម្លាក់ចោល នូវរបបទាសភាព លោក បារ៉ាក់ ហ៊ូសេន អូបាម៉ា (Barack Hussein Obama) អតីតសមាជិកព្រឹទ្ធសភាវ័យ ៤៧ឆ្នាំ មកពីរដ្ឋអ៊ីលីណ័រ (Illinois) បានក្លាយជាប្រធាធានាធិបតី ដែលមានសម្បុរខ្មៅមុនគេបង្អស់ នៃសហរដ្ឋអាមេរិក។ ជាមួយនឹងបុគ្គលិកលក្ខណៈ ការនិយាយស្ដី និងរូបរាងសង្ហារបស់លោក លោក បារ៉ាក់ អូបាម៉ា ត្រូវបានមនុស្សរាល់គ្នា រាប់ទាំងគូប្រជែងរបស់លោកផង ទទួលស្គាល់ថា បានដឹកនាំសហរដ្ឋអាមេរិក ដោយគ្មានភាពរកាំរកូស ឬរឿងអាស្រូវអ្វីធំដុំ ដូចដែលប្រធានាធិបតីមុនៗ ធ្លាប់បានធ្វើនោះទេ។
ភាពល្អូកល្អឺន ដែលលោក អូបាម៉ា មានជាមួយនឹងភរិយា រួមនឹងកូនស្រីទាំងពីរ បានផ្ដល់រូបភាពដ៏ល្អបន្ថែមទៀត សម្រាប់គ្រួសារប្រធានាធិបតីមួយ ដែលអ្នកផងទាំងឡាយនៅក្នុងលោក តែងសុបិន្ដចង់បាន។
ចេញពីវិបត្តិសេដ្ឋកិច្ច...
លោក បារ៉ាក់ អូបាម៉ា បានចូលមកកាន់អំណាច នៅចំពេលដែលវិបត្តិសេដ្ឋកិច្ច នៅអាមេរិក និងនៅលើពិភពលោក កំពុងមានវិសាលភាពខ្លាំងក្លា ជាងពេលណាៗទាំងអស់ រាប់ចាប់ពីឆ្នាំ១៩៣០នោះមក។ ប៉ុន្តែលោកបានដោះស្រាយវិបត្តិនេះ និងបានទប់ ឲ្យសេដ្ឋកិច្ចអាមេរិកមានលំនឹង រហូតមកដល់សព្វថ្ងៃ។ នៅពេលលោក ចូលមកកាន់សេតវិមាន នៅឆ្នាំ២០០៩ អាត្រានៃពលរដ្ឋអាមេរិកគ្មានការងារធ្វើ មានកម្រិត ៧,៩% និងបានហក់ឡើងរហូតដល់ ១០% នៅប៉ុន្មានខែក្រោយមក។ ប៉ុន្តែ នៅថ្ងៃនេះ អាត្រានៃពលរដ្ឋអាមេរិកាំង អត់ការងារធ្វើ បានធ្លាក់មកនៅត្រឹមតែ ៤,៧% ប៉ុណ្ណោះ។
ស្រមោលនៃវិបត្តិនៅស៊ីរី
បញ្ហានៅក្នុងប្រទេសស៊ីរី ដែលបានបណ្ដាល ឲ្យមានមនុស្សស្លាប់ ដល់ទៅជាង ៣០០ ០០០នាក់ និងបង្កឲ្យមនុស្សច្រើនលាននាក់ គ្មានទីលំនៅ និងរត់ភៀសខ្លួននោះ បានតាមលងរជ្ជកាល របស់លោក អូបាម៉ា មិនឲ្យគេងលក់បានស្រួលឡើយ។ ក្រោមបទពិសោធដ៏ជូរចត់ នៅក្នុងប្រទេសអៀរ៉ាក់ ដែលបានបន្សល់ទុក ពីប្រធានាធិបតីមុនមកនោះ លោក បារ៉ាក់ អូបាម៉ា បានបដិសេធមិនបញ្ជូនកងទ័ពថ្មើរជើងអាមេរិក ឲ្យចូលទៅធ្វើប្រតិបត្តិការសិក នៅក្នុងប្រទេសស៊ីរីទេ រហូតមកដល់ថ្ងៃនេះ។
ប៉ុន្តែការប្រុងប្រយ័ត្នជ្រុល និងការមិនប្រញាប់ប្រញាល់ ធ្វើប្រតិកម្មឲ្យទាន់ពេល នៅក្នុងសំនុំរឿងស៊ីរី លោក អូបាម៉ា បានបង្កើត ឲ្យមានការរិះគន់យ៉ាងច្រើន ប្រឆាំងនឹងរូបលោក ទាំងនៅសហរដ្ឋអាមេរិក និងទាំងនៅលើពិភពលោក។ លោកមិនយល់ព្រម ឲ្យមានការបំពាក់អាវុធ ឲ្យហួសពីអ្វី ដែលបានកំណត់ទុក ទៅឲ្យក្រុមបះបោរនៅស៊ីរី ដែលសុទ្ធសឹងជាលទ្ធភាព ក្នុងការទម្លាក់របបដឹកនាំស៊ីរីសព្វថ្ងៃ ដែលស្ថិតក្រោមប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad) នោះឡើយ។ លោកក៏បានជំទាស់ផងដែរ នូវគំនិតដែលតម្រូវ ឲ្យបើកការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងនឹងរបបលោក បាឆារ អាល់-អាសាធ ខណៈគេបានរកឃើញ តាមរយៈភស្ដុតាងជាច្រើន បញ្ជាក់ថា របបនេះបានប្រើអាវុធគីមី ប្រឆាំងនឹងប្រជាជនខ្លួនឯង។
វាយលុកសម្លាប់ ប៊េន ឡាដេន...
«យប់នេះ ខ្ញុំអាចជម្រាបជូនពលរដ្ឋអាមេរិកាំង និងជូនពិភពលោក ថាសហរដ្ឋអាមេរិក បានដឹកនាំប្រតិបត្តិការមួយ ដែលបានសម្លាប់ អ៊ូសាម៉ា ប៊េនឡាដេន (Oussama Ben Laden)» យប់នោះ ពីថ្ងៃទី១ ចូលមកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ កងកម្លាំងពិសេសរបស់អាមេរិក បានបើកការវាយសម្រុកមួយ ទៅលើលំនៅដ្ឋាន របស់លោក អ៊ូសាម៉ា ប៊េនឡាដេន មេបណ្ដាញភេរវនិយម អាល់-កៃដា (Al-Qaïda) ដ៏ល្បីឈ្មោះ ដែលបានរស់នៅលាក់ខ្លួន នៅក្នុងក្រុង «Abbottabad» នៃប្រទេសប៉ាគីស្ដង់។ បើទោះជាដំបូងឡើយ កងកម្លាំងអាមេរិកមានសង្ឃឹម តែ៥០% ថាមេដឹកនាំបណ្ដាញភេរវនិយមរូបនេះ មានវត្តមានក្នុងគេហដ្ឋាននោះក៏ដោយ តែនៅទីបំផុតយុទ្ធនាការវាយលុក បានសម្រេចបំណងរបស់អាមេរិក ដែលតាមស្វែងរកលោក ប៊េនឡាដេន តាំងពីយូរមកហើយ បើទោះជាស្លាប់ឬរស់ និងរស់នៅក្រហែងណាក៏ដោយ។
ការប្រយុទ្ធនឹងការផ្លាស់ប្ដូរអាកាសធាតុ...
លោក បារ៉ាក់ អូបាម៉ា ជាស្ថាបនិកមួយរូប ពីក្នុងចំណោមស្ថាបនិកជាច្រើននាក់ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ២០១៥ ស្ដីពីអាកាសធាតុ។ បន្ទាប់ពីជំនួបក្នុងរាជធានី កូពេហាច (Copenhague - ប្រទេសដាណឺម៉ាក) ទទួលបរាជ័យ គ្មានទទួលបានលទ្ធផលអ្វី ជាដុំកំភួននោះ លោកប្រធានាធិបតី អូបាម៉ា បានដឹងច្បាស់ថា ការចរចាទាំងឡាយ ដែលទាក់ទងនឹងធាតុអាកាស អាចធ្វើទៅបាន លុះត្រាណា មានការចូលរួម និងការយល់ព្រម ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសពីរក្នុងពិភពលោក ដែលបញ្ចេញជាតិពុលច្រើនជាងគេ ទៅក្នុងបរិយាកាស។
កិច្ចព្រមព្រៀងជាមួយប្រទេសអៀរ៉ង់ ស្ដីពីអាវុធនុយក្លេអ៊ែរ
កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយរដ្ឋាភិបាលក្រុង តេអៀរ៉ង់ បានចុះហត្ថលេខាសម្រច នៅខែកក្កដា ឆ្នាំ២០១៥។ កិច្ចព្រមព្រៀង ដែលមានបំណងបញ្ជៀស ប្រទេសអៀរ៉ង់ ចេញពីការផលិតអាវុធនុយក្លេអ៊ែរ ដោយប្ដូរនឹងការលើកចេញវិញនូវទណ្ឌកម្មនោះ គឺជាជ័យជំនះដ៏ធំមួយ សម្រាប់នយោបាយការទូត របស់លោក បារ៉ាក់ អូបាម៉ា ដែលផ្ដល់អាទិភាព ទៅលើការជជែកពិភាក្សា ជាជាងប្រឈមមុខ។ បើទោះជាកិច្ចព្រមព្រៀងនេះ បានបញ្ឆេះ ឲ្យប្រទេសអ៊ីស្ត្រាអែលខឹងក្រេវក្រោបក៏ដោយ តែលោក អូបាម៉ា ទទួលបានការអបអរជាទូទៅ ពីសំណាក់ប្រទេសជាច្រើនផ្សេងទៀត នៅក្នុងពិភពលោក។
ប្រព័ន្ធធានាសេវាកម្មសុខភាព «Obamacare» ដ៏ផុយស្រួយ
កំណែទម្រង់មួយ ទៅលើប្រព័ន្ធធានារ៉ាប់រង ផ្នែកសេវាកម្មសុខភាព ក្នុងប្រទេសអាមេរិក គឺជាអាទិភាពដំបូងបំផុត រាប់ចាប់តាំង ពីអាណត្តិទីមួយរបស់លោក និងត្រូវបានបោះឆ្នោតអនុម័ត្រ នៅឆ្នាំ២០១០ បន្ទាប់បានឆ្លងកាត់សង្គ្រាមប៉ាកា និងការជជែកវែកញែក យ់ាងសម្បើមនៅក្នុងរដ្ឋសភា។ ប៉ុន្តែ ដោយសារប្រព័ន្ធធានាសុខភាពថ្មី ដែលមានឈ្មោះជាផ្លូវការ «Affordable Care Act» ហៅ «Obamacare» នេះ ពលរដ្ឋអាមេរិកាំង ជិតពាក់កណ្ដាល បានទទួលការថែរក្សាសុខភាព ដោយមិនគិតថ្លៃ ឬតម្រូវឲ្យបង់ថ្លៃថោក (តួលេខនៃពលរដ្ឋ ដែលគ្មានការធានារ៉ាប់រង បានថយ ពី ១៦% ក្នុងឆ្នាំ២០១០ មកនៅត្រឹម តែ ៨,៩% ប៉ុណ្ណោះក្នុងឆ្នាំ២០១៦)។
ផ្ទុយទៅវិញ ក្រុមប្រឆាំង មកពីគណបក្សសាធារណរដ្ឋ បានសន្យាថា នឹងលប់ច្បាប់ធានារ៉ាប់រង ផ្នែកសុខភាពនេះចេញវិញ ប្រសិនជាពួកគេ ទទួលបានអំណាច មកក្ដោបក្ដាប់ ក្នុងថ្ងៃណាមួយ។
ការបើកដៃដ៏ភ្ញាក់ផ្អើល ទៅរកប្រទេសគុយបា...
បន្ទាប់បានធ្វើការចរចារ យ៉ាងសំងាត់ជាទីបំផុត អស់ជាច្រើនខែមកនោះ លោក បារ៉ាក់ អូបាម៉ា បានប្រកាសនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤ ពីការខិតចូលជិតគ្នា ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជាមួយនឹងប្រទេសគុយបា ដែលជាសត្រូវដ៏តឹងតែង និងដ៏ចាស់វស្សា របស់សហរដ្ឋអាមេរិក បន្សល់ទុក តាំងពីសម័យកាលសង្គ្រាមត្រជាក់។ នៅ១៥ខែក្រោយមក ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីនោះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ ពីការបើកទំព័រថ្មី ដោយចាប់ផ្ដើមដំបូង តាមរយៈការទាក់ទងផ្នែកសេដ្ឋកិច្ច ជាមួយប្រទេសកុម្មុយនីសមួយនេះ និងក៏ជាឱកាស សម្រាប់ក្រុមហ៊ុន សហគ្រាសអាមេរិកាំងទាំងឡាយ ដើម្បីចូលទៅដាក់ទុន នៅទីនោះដែរ។
ការតានតឹង នៃការប្រកាន់ពូជសាសន៍ បានកើនឡើង...
ក្នុងបញ្ហានៃការប្រកាន់ពូជសាសន៍ពណ៌សម្បុរ លោក បារ៉ាក់ អូបាម៉ា បានបង្កការខកចិត្តជាខ្លាំង ទៅដល់បណ្ដាជនអាមេរិកាំងភាគតិច ដែលបានបោះឆ្នោតគាំទ្រលោក ឲ្យជាប់ជាប្រធានាធិបតី។ បើទោះជាពេលខ្លះ លោក អូបាម៉ា បានបង្ហាញពីទឹកចិត្តផ្ទាល់ខ្លួន របស់លោក ចំពោះបណ្ដាជនភាពតិចនោះក៏ដោយ តែសម្រាប់រូបភាពជាផ្លូវការ លោកមិនមែនជាប្រធានាធិបតី នៃបណ្ដាជនទាំងនោះ ដែលបានគាំទ្រលោក ទាំងចិត្តទាំងកាយនោះឡើយ ជាពិសេស នៅចំពោះសោកនាដកម្មបាញ់សម្លាប់ ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ជាបន្តបន្ទាប់ ពីសំណាក់កងកម្លាំងនគរបាលស្បែកស។
បរាជ័យ នៃការបិតពន្ធនាគារ «Guantanamo»
នៅក្នុងរយៈពេល៨ឆ្នាំ នៃអាណត្តិជាប្រធានាធិបតី ទាំងពីរលើកនេះ លោក បារ៉ាក់ អូបាម៉ា បានដុតដៃដុតជើង សព្វគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធ្វើឲ្យសម្រេច នូវការសន្យាដ៏ធំមួយ នៅក្នុងយុទ្ធនាការបោះឆ្នោត៖ នោះគឺការបិតពន្ធនាគារ «Guantanamo» ដែលជានិមិត្តរូប នៃភាពជ្រុលនិយម របស់សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំង ទល់នឹងភេរវនិយម បន្ទាប់ពីភេរកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ទោះជាមានការព្យាយាមជាច្រើនដងក្ដី តែបំណងនេះ របស់លោក អូបាម៉ា មិនអាចដើរទៅមុខ បានវែងឆ្ងាយ បើសូម្បីតែឆ្លងសភាថ្នាក់ទាបក៏ដោយ៕