អង្កេត៖ ចំនុច​សំខាន់ៗ​ដែល​បាន​ដឹង ជុំ​វិញ​ភេវរកម្ម​នៅ​ប៊ូស្តុន

កាលពីថ្ងៃច័ន្ទទី១៥ខែមេសា ការអបអរកីឡាករដែលរត់ម៉ារ៉ាតុន មកដល់ទីផ្ដាច់ព្រ័ត្រ បានប្រែក្លាយជាការកាន់ទុក្ខ ដោយ​សារអំពើភេវរកម្ម បំផ្ទុះគ្រាប់បែកពីរគ្រាប់ ដែលធ្វើអោយមនុស្សបីនាក់ស្លាប់ និងច្រើនជាង១៧០នាក់របួស។ អត្ថបទនេះ​នឹងត្រឡប់មកវិញ ទៅលើចំនុចសំខាន់មួយចំនួន ដែលទាក់ទងនឹងហេតុការណ៍ ដ៏រង្គាលក្នុងទីក្រុងប៊ូស្តុន។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃច័ន្ទទី១៥ខែមេសា ការអបអរកីឡាករដែលរត់ម៉ារ៉ាតុន មកដល់ទីផ្ដាច់ព្រ័ត្រ បានប្រែក្លាយជាការកាន់ទុក្ខ ដោយ​សារអំពើភេវរកម្ម បំផ្ទុះគ្រាប់បែកពីរគ្រាប់ ដែលធ្វើអោយមនុស្សបីនាក់ស្លាប់ និងច្រើនជាង១៧០នាក់របួស។ អត្ថបទនេះ​នឹងត្រឡប់មកវិញ ទៅលើចំនុចសំខាន់មួយចំនួន ដែលទាក់ទងនឹងហេតុការណ៍ ដ៏រង្គាលក្នុងទីក្រុងប៊ូស្តុន។


ជនរងគ្រោះ ដែលភាគច្រើនពីចំណោមនោះ ត្រូវរបួសជើង។

អំពើភេវរកម្មនៅប៊ូស្តុន បានកើតឡើងនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន ដែលបានធ្វើ​អោយមនុស្ស៣នាក់ស្លាប់ និងជាង១៧០នាក់រងរបួស ក្នុងនោះ១៧នាក់របួសធ្ងន់។

ភូមិសាស្ត្រនៃហេតុការណ៍

ភេវរជនបានឆ្លៀតឱកាស ពិធីរត់ម៉ារ៉ាតុននៃទីក្រុងប៊ូស្តុន ដែលជាពិធីមួយ ក្នុងចំណោមពិធីពិសេសក្នុងពិភពលោក មាន​កីឡាករចូលរួមរត់យ៉ាងច្រើន រហូតដល់ទៅ២៣ពាន់នាក់។ ពិធីនេះត្រូវបានកំណត់ធ្វើ នៅថ្ងៃច័ន្ទនៃសប្ដាហ៍ទីបី ក្នុងខែ​មេសា​ ដែល​ជា​ថ្ងៃបុណ្យឈប់សម្រាក (Patriots' Day) ប្រចាំតំបន់។

នៅម៉ោងប្រហែលជា៣រសៀល គ្រាប់បែកទីមួយបានផ្ទុះឡើង នៅក្នុងហ្វូងមនុស្សកកកុញ ដែលបានប្រមូលគ្នាមកអបអរ អ្នកមកដល់ទីផ្ដាច់ព្រ័ត្រមុនគេ។ តែនៅ១២វិនាទីក្រោយមក គ្រាប់បែកទីពីរបានផ្ទុះមួយទៀត នៅចម្ងាយប្រមាណជា​មួយ​រយម៉ែត្រ ពីកន្លែងផ្ទុះដំបូង។

នគរបាលបានច្រានចោល នូវដំណឹងដែលបានលើកឡើង ក្រោយហេតុការណ៍ភ្លាមៗ ថាមានការបំផ្ទុះគ្រាប់ផ្សេងទៀត បានកើតឡើងនៅផ្នែកមួយទៀត នៃទីក្រុង។

ជនរងគ្រោះ

មនុស្សបីនាក់ បានស្លាប់បាត់បង់ជីវិត និង១៧៦ផ្សេងទៀត បានត្រូវជម្លៀសទៅកាន់មន្ទីពេទ្យជាបន្ទាន់។ អ្នករបួស១៧នាក់ ពីក្នុងនោះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះជាតុល្យភាពចុងក្រោយបង្អស់ ផ្ដល់ដោយនាយនគរបាលប្រចាំតំបន់ លោក អេដ ដេវីស (Ed Davis)។ អ្នករបួសភាគច្រើនបានរងគ្រោះ ដោយសារបានបាត់បង់អវៈយវៈ ឬផ្នែកផ្សេងៗ នៃសេរីរាង្គ-​កាយ។

កាសែតប្រចាំតំបន់មួយបានរាយការណ៍ថា អ្នករងគ្រោះដល់ជីវិតម្នាក់ ពីចំណោមជនរងគ្រោះទាំង៣នាក់ ជាកុមារអាយុ​៨ឆ្នាំ មានឈ្មោះថា ម៉ាតាំង រីឆារ (Martin Richard)។ កុមារនេះបានរត់ទៅអោបឪពុកខ្លួន ដែលទើបនឹងរត់មកដល់​ទីផ្ដាច់​ព្រ័ត្រ តែត្រូវចំពេលដែលគ្រាប់បានផ្ទុះឡើង។ ប្អូនស្រីរបស់កុមារអាយុ៦ឆ្នាំ បានរង​ដាច់ជើងមួយចំហៀង និងស្ត្រីជាម្ដាយ​បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភេទគ្រាប់បែក

នគរបាលមិនបានបញ្ជាក់ ពីភាពលំអិត ទាក់ទងនឹងគ្រាប់បែក ដែលបានយកមកប្រើបំផ្ទុះនោះទេ។ ប៉ុន្តែកម្លាំងផ្ទុះ ត្រូវបាន​គេមើលឃើញថា ជាគ្រាប់បែកឆ្នៃដោយដៃ ដាក់នៅលើដី តែបានដាក់បន្ថែមគ្រាប់ឃ្លីដែកតូចៗ ឬដែកគោល ដើម្បី​បង្កើន​ឥទ្ធិពលរបស់វា។ សេចក្ដីសន្និដ្ឋាននេះ បានត្រូវអះអាងបញ្ជាក់ ដោយស្ថានភាពអ្នករបួសទាំងអស់ ដែលភាគច្រើនត្រូវ​បាន​សង្កេតឃើញថា បានរងគ្រោះតែផ្នែកខាងក្រោម នៃសេរីរាង្គកាយប៉ុណ្ណោះ។

កម្លាំងផ្ទុះរបស់គ្រាប់បែកទាំងពីរ ជាមួយនឹងកម្លាំងខ្ទាតចេញ ដែលមើលទៅមិនសូវខ្លាំងនេះ ទំនងជាមិនបានប្រើគ្រឿងផ្ទុះ របស់កងទ័ព ប្រភេព C4 ឬ Semtex នោះទេ។ ដូច្នេះវាមានទម្រង់ដូចយ៉ាងច្រើន ទៅនឹងគ្រាប់បែកឆ្នៃដោយដៃ ដើម្បីងាយ​ស្រួល ក្នុងការយកតាមខ្លួន តែគេមិនបានដឹងច្បាស់ថា គ្រឿងប្រដាប់រៀបចំខាងក្នុងរបស់វា ជាអ្វីទេ។

តើការស៊ើបអង្កេត ប្រព្រឹត្តដល់ណាហើយ?

ភ្នាក់ងារអេហ្វប៊ីអាយ (FBI) លោករីក ដេសលូរីយ៉េ (Rick DesLauriers) បានថ្លែងនៅក្នុងសន្និសិតកាសែត កាលពីថ្ងៃ​អង្គារ​ថា «ការស៊ើបអង្កេតរបស់យើង មិនបញ្ឈប់ត្រឹមទីក្រុងប៊ុស្ដុននោះទេ។ វានឹងមានលាតសន្ធឹង ទៅដល់កម្រិត​ពិភពលោក​ទាំងមូល។ យើងនឹងទៅឲ្យដល់ជើងមេឃ ដើម្បីរកអោយឃើញមនុស្សម្នាក់ ឬច្រើននាក់ ដែលជាអ្នកទទួលខុសត្រូវ លើ​ឧក្រិដ្ឋកម្ម ដ៏កំសាកនេះ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើបាន ដើម្បីចាប់ពួកវាមកដាក់ នៅចំពោះប្រព័ន្ធយុត្តិធម៌។»

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានពន្យល់ជាលើកទីពីរ ចេញពីសេតវិមាន នៅថ្ងៃដដែល វេលាម៉ោង១១និង​៣០នាទីថ្ងៃត្រង់ ម៉ោងនៅវ៉ាស៊ីនតោន ថាអាជ្ញាធរមិនទាន់ដឹងជាភេវរកម្មអន្តរជាតិ ឬជាតិនៅ​ឡើយ។

នគរបាល ក៏បានបញ្ជាក់ដែរថា ខ្លួនមិនទាន់បានរកឃើញជនសង្ស័យណាម្នាក់ទេ មកទល់នឹងពេលនេះ។ ភ្នាក់ងារស៊ើប​អង្កេតបានអំពាវនាវដល់បណ្ដាជនទូទៅ ដែលមានរូបថត ឬវីដេអូ សូមយកមកប្រគល់អោយខ្លួន ដើម្បីជាជំនួយដល់ការ​វែកមុខភេវរជន។ នៅក្នុងយប់ថ្ងៃទី១៥ ចូលមកថ្ងៃទី១៦ ខែមេសា នគរបាលបានវាយសម្រុក ចូលទៅក្នុងផ្ទះរបស់​យុវជន​ម្នាក់អាយុ២០ឆ្នាំ មានដើមកំណើតអារ៉ាប់ សាអ៊ូឌីត ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ យុវជននេះ ដែលបាន​រងការរលាក ហើយកំពុងសម្រាកនៅមន្ទីពេទ្យនោះ ត្រូវបានសាកសួរដោយនគរបាល។ ប៉ុន្តែនគរបាលនិយាយថា បាន​សាកសួរមនុស្សជាច្រើន និងមិនទាន់បានផ្ដោតការសង្ស័យ ទៅលើនរណាម្នាក់នៅឡើយ។

ប្រភពសំខាន់ ដែលគួរអោយសង្ស័យ

កាសែតអាមេរិកាំង បានដាក់ការសង្ស័យទៅលើបីចំនុច៖ បណ្ដាញភេវរនិយម អាល់កៃដា (Al Qaïda) ចលនាស្ដាំនិយម​ជ្រុល និងអំពើឆ្កួតលីលារបស់ជនណាម្នាក់។

- បណ្ដាញភេវរនិយម អាល់កៃដា មិនគួរត្រូវគេសង្ស័យខ្លាំងទេ បើយោងទៅលើបែបផែនប្រតិបត្តិការ ដែលនៅ«ស្ទើរ» មិនមានជំនាញ ដូចបានពន្យល់ពីខាងលើនោះ។ សេចក្ដីសន្និដ្ឋាននេះ បានបកស្រាយអោយឃើញ បើទោះជាកាសែត​អាមេរិកាំង ធ្លាប់បានរាយការណ៍ កាលពីពេលថ្មីៗ ពីសេចក្ដីអំពាវនាវរបស់អាលកៃដា ដែលបាន«ជម្រុញ»សមាជិក​ទាំង​អស់ក្នុងពិភពលោក​ ឲ្យធ្វើសកម្មភាពដោយ«ខ្លួនឯង» និងមិនចាំបាច់មានបញ្ជាពីថ្នាក់លើនោះក៏ដោយ។

- ចលនាស្ដាំនិយមជ្រុល ត្រូវបានគេយកមកសង្កត់ធ្ងន់ ជាមួយនឹងថ្ងៃបុណ្យជាតិ ដើម្បីដាក់គ្រាប់បែក។ ទិវាបុណ្យ​«ស្នេហា​ជាតិ (Patriot's Day)» ជាថ្ងៃនិមិត្តសញ្ញាដ៏ខ្ពស់មួយ ដើម្បីរំលឹកមកវិញនូវព្រឹត្តិការណ៍ចម្បាំង ដើម្បីឯករាជ្យភាព។ ទិវា​«ស្នេហាជាតិ»នេះ អាចបង្កឲ្យមានជាមនោសញ្ចេតនា ប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធសព្វថ្ងៃ។ កន្លងមកប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ទិវា«ស្នេហាជាតិ» បានជួនចំជាមួយនឹងភេវរកម្មចំនួនប្រាំ ប្រកបដោយវិនាសកម្ម នៅវ៉ាកូ (Waco) អូក្លាអូម៉ាស៊ីធី (Oklahoma City) កូឡំប៊ីន ( Columbine) វើជីននីតេជ (Virginia Tech) និងប៊ូស្ដុន។ ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក បានលើកពីមូលហេតុរបស់ភេវរកម្ម ដែលអាចជារឿងដែលប្រឆាំងនឹងនយោបាយបច្ចុប្បន្ន របស់លោកបារ៉ាក់ អូបាម៉ា  ដូចជាការត្រួតពិនិត្យអាវុធជាតិផ្ទុះនោះជាដើម៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...