ផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​រថយន្ដ​ក្រុម​បាល់ទាត់ ដ័រមូន - ការ​ប្រកួត​ត្រូវ​លើក​ពេល

រថយន្ដទេសចរណ៍ ដែលដឹកកីឡាករ របស់ក្រុមបាល់ទាត់ ដ័រមូន (Dortmund) បានរងការវាយប្រហារ ដោយគ្រាប់បែកចំនួនបីគ្រាប់ ក្នុងយប់ថ្ងៃអង្គារនេះ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យកីឡាករម្នាក់រងរបួស ខណៈការប្រកួត ជាមួយក្រុម ម៉ូណាកូ (AS Monaco - ក្នុងក្របខណ្ឌ «Champions League» ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៧) ត្រូវបានលើកពេល ទៅថ្ងៃពុធស្អែក នៅវេលាម៉ោង១៨ និង៤៥នាទី ល្ងាចវិញ។
ផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​រថយន្ដ​ក្រុម​បាល់ទាត់ ដ័រមូន - ការ​ប្រកួត​ត្រូវ​លើក​ពេល
ការប្រកួតដ៏ធំមួយ នៅក្នុងកីឡាដ្ឋានរបស់ក្រុមបាល់ទាត់ ដ័រមូន របស់ប្រទេសអាល្លឺម៉ង់។ (រូបថតឯកសារ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១២ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 12, 2017
  • ប្រធានបទ: ផ្ទុះគ្រាប់មុនប្រកួត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះគ្រាប់បែក ចំនួន៣ដង បានកើតឡើង នៅក្បែររថយន្ដទេសចរណ៍ដ៏ធំ ដែលដឹកក្រុមកីឡាករ ដ័រមូន (Borussia Dortmund) របស់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលទៅប្រកួត នៅក្នុងកីឡាដ្ឋានរបស់ផងខ្លួន ជាមួយនឹងក្រុម ម៉ូណាកូ (AS Monaco) មកពីប្រទេសបារាំង សម្រាប់ការប្រកួតវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions league» ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៧ ក្នុងយប់ថ្ងៃអង្គារ ទី១២ ខែមេសានេះ។

ក្នុងពេលភ្លាមៗ ក្រុមបាល់ទាត់បានប្រកាស នៅលើទំព័រទ្វីសធើរថា រថយន្ដដឹកកីឡាករ បានរងគ្រោះនឹងការផ្ទុះគ្រាប់មួយ ហើយ​ក្រុមកីឡាករទាំងអស់ កំពុងស្ថិតក្នុងសុវត្ថិភាព មិនមានបញ្ហាអ្វីទេ។ តែលោក «Hans-Joachim Watzke» នាយកផ្នែកបាល់ទាត់ របស់ក្រុម ដ័រមូន បានប្រកាសតាមបណ្ដាញទូរទស្សន៍ «Sky» នៅពេលបន្ទាប់មកថា កីឡាករ «Marc Bartra» ខ្សែការពាររបស់ខ្លួន ជាតិអេស្ប៉ាញ អាយុ២៦ឆ្នាំ បានរងរបួស នៅត្រង់ដៃ ហើយត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។

ចំពោះការលើកពេលការប្រកួត ទៅកាន់ថ្ងៃពុធស្អែក វេលាម៉ោង១៨ និង៤៥នាទី ត្រូវបានប្រកាសជាផ្លូវការ និងជាពិសេស នៅតាមឧឃោសនស័ព្ទ នៅក្នុងកីឡាដ្ឋាន ខណៈទស្សនិកជនយ៉ាងច្រើន បានចូលមកអង្គុយ រង់ចាំទស្សនាការប្រកួត សឹងតែពេញកីឡាដ្ឋានទៅហើយ។ ការប្រកាសតាមឧឃោសនស័ព្ទនោះ បានស្នើសុំឲ្យទស្សនិកជន អង្គុយរង់ចាំនៅក្នុងកីឡាដ្ឋាន និងរក្សាភាពស្ងប់ស្ងៀម សម្រាប់រយៈពេល ៣០នាទីបន្ថែមទៀត មុននឹងចំណាត់ការជម្លៀសទស្សនិកជន ចាប់ផ្ដើមធ្វើឡើង។

អ្នកនាំពាក្យនគរបាលក្រុង លោក «Gunnar Wortmann» បានថ្លែងឲ្យដឹងថា គ្រាប់បែកចំនួន៣គ្រាប់ បានផ្ទុះឡើង នៅពេលរថយន្ដទេសចរណ៍ បានចេញដំណើរពីសណ្ឋាគារ ដែលក្រុមកីឡាកររបស់ក្រុម ដ័រមូន បានស្នាក់នៅ ស្ថិតនៅភាគខាងលិច នៃទីក្រុង និងមានចំងាយប្រមាណជា ១០គីឡូម៉ែត្រ ពីកីឡាដ្ឋាន។ គ្រាប់បែកទាំងនោះ ត្រូវបានផ្ទុះឡើង នៅជាប់នឹងកង់​របស់រថយន្ដ។ លោកបានបញ្ជាក់បន្ថែមថា កម្លាំងផ្ទុះ បានធ្វើឲ្យកញ្ចក់រថយន្ដ បានរបើកខ្ទេចខ្ទី។

អ្នកនាំពាក្យនគរបាលអាល្លឺម៉ង់វិញ បានថ្លែងឡើងថា គ្រាប់ផ្ទុះត្រូវបានលួចបង្កៃ នៅក្នុងគុម្ភផ្កានៅក្បែរផ្លូវ ដែលរថយន្ដដឹកកីឡាករ ត្រូវឆ្លងកាត់ និងស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីសណ្ឋាគារ។ មកដល់ម៉ោងនេះ វាហាក់ដូចជារហ័សពេក ដែលត្រូវចាត់ទុកហេតុការណ៍នេះ គឺជាអំពើភេរវកម្ម។

នាយកផ្នែកបាល់ទាត់ របស់ក្រុម ដ័រមូន បានថ្លែងបន្តថា៖ «ក្រុមកីឡាករទាំងអស់ កំពុងស្ថិតក្រោមភាពតក់ស្លុត។ (...) គឺជារូបភាពដ៏អាក្រក់ ដែលយើងពិបាកធ្វើចិត្តរបស់យើង ឲ្យបានស្រួលវិញណាស់។ ខ្ញុំសង្ឃឹមថា ក្រុមបាល់ទាត់របស់យើង នឹងមានលទ្ធភាពត្រឡប់មកប្រកួតវិញ នៅថ្ងៃស្អែក។ នៅក្នុងស្ថានភាព ដែលធ្លាក់ក្នុងវិបត្តិនេះ បណ្ដាជននៅទីនេះ ត្រូវតែពួតដៃគ្នា។»។

នៅលើបណ្ដាញសង្គម គេឃើញចលនាទទួលឲ្យស្នាក់នៅ ពីសំណាក់អ្នកគាំទ្រក្រុម ដ័រមូន សម្រាប់អ្នកគាំទ្រក្រុម ម៉ូណាកូ ដែលធ្វើដំណើរពីចំងាយ មកទស្សនាការប្រកួតនេះ។ ចលនានោះ ត្រូវបានធ្វើឡើង ក្រោមពាក្យគន្លឺះ «#bedforawayfans» ទាំងក្នុងបណ្ដាញសង្គម ទ្វីសធើរ និងហ្វេសប៊ុក។

ចំណែកឯលោក «Reinhard Rauball» នាយកគ្រប់គ្រងក្រុម ដ័រមូន វិញ បានថ្លែងដែរថា៖ «ក្រុមកីឡាករទាំងមូល នឹងព្យាយាមបំភ្លេចហេតុការណ៍នេះ ដើម្បីត្រឡប់មកប្រកួតវិញ។ តែរឿងដែលអាក្រក់បំផុតនោះ គឺអ្នកដែលនៅពីក្រោយ​ការវាយប្រហារនេះ បានសម្រេចនូវអ្វី ដែលពួកគេចង់បាន។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...