កូរ៉េខាងជើង ព្រមានចិនសម្ព័ន្ធមិត្តខ្លួន ពី«ផលវិបាកដ៏ធ្ងន់ធ្ងរ»
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 04, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» ដែលជាសម្លេង ចេញពីរដ្ឋាភិបាល នៃគណបក្សកុម្មុយនីសកូរ៉េខាងជើង បានតម្លើងសម្លេងខ្លាំងៗ កាលពីម្សិលម៉ិញ ទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកគាំទ្ររបស់ខ្លួន។ ទីភ្នាក់ងារនោះ បានផ្សាយបទវិចារណកថា ព្រមានក្រុងប៉េកាំង ពី«ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិនជាប្រទេសចិន ចង់សាកល្បងខ្លាំងឡើង ពីភាពអត់ធ្មត់របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង។
បទវិចារណកថា ដែលចេញផ្សាយ នៅយប់ថ្ងៃពុធ សប្ដាហ៍នេះ បានបញ្ជាក់ថា គឺរដ្ឋាភិបាលក្រុង ប៉េកាំង ទេ ដែលត្រូវបង្ហាញឲ្យឃើញ ពី«ការដឹងគុណ»របស់ខ្លួន ចំពោះក្រុងព្យុងយ៉ាង ដែលបានជួយការពារប្រទេសចិន។
ប្រទេសចិន និងកូរ៉េខាងជើង បានចាប់ដៃចងសម្ព័ន្ធមិត្តនឹងគ្នា នៅក្នុងអំឡុងសង្គ្រាមកូរ៉េ ដែលបានកើតឡើង រវាងពីឆ្នាំ១៩៥០ មកទល់នឹងឆ្នាំ១៩៥៣។ បន្ទាប់ពីពេលនោះមក ប្រទេសចិនបានក្លាយជា អ្នកផ្ដល់ជំនួយដ៏ធំបំផុត សម្រាប់របបកុម្មុយនីសកូរ៉េ ហើយក៏ជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយដែរ។
តែចំណងមេត្រីភាពកូរ៉េខាងជើង-ចិន បានរង្គោះរង្គើកាន់តែខ្លាំងឡើង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសចិនមិនសប្បាយចិត្តឡើយ នៅចំពោះមហិច្ឆតានុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនីស នៅជាប់ព្រំដែនរបស់ខ្លួន ដោយសារតែចិន មិនចង់ឲ្យមានវិបត្តិក្នុងតំបន់ផ្ទុះឡើង ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់នយោបាយ និងសេដ្ឋកិច្ច ប្រកបដោយសន្ទុះខ្លាំងក្លា របស់ខ្លួន។
«ការកត់សម្គាល់ ដែលគ្មានការទទួលខុសត្រូវ»
ជារឿយៗ ប្រទេសចិនតែងអំពាវនាវ ឲ្យភាគីទាំងអស់ ត្រូវបញ្ជៀសឲ្យបាន នូវការតម្លើងសរសៃកដាក់គ្នា ជាពិសេសពីសង្គ្រាមសំដី ដែលធ្វើដាក់គ្នា ទៅវិញទៅមក រវាងក្រុង វ៉ាស៊ីនតោន និងក្រុង ព្យុងយ៉ាង។ កាលពីខែកុម្ភៈកន្លងទៅ ចិនបានប្រកាសផ្អាក រហូតដល់បំណាច់ឆ្នាំ២០១៧ នូវការនាំចូលធ្យូងថ្ម ពីប្រទេសកូរ៉េខាងជើង ដែលជាប្រភពចំណូលដ៏ធំ សម្រាប់របបកុម្មុយនីសកូរ៉េ។
ហើយកាលពីប៉ុន្មានថ្ងៃមុន ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានទាមទារ ឲ្យមាន«ទណ្ឌកម្មដ៏តឹងតែង»មួយ ដាក់ទៅលើរបបក្រុង ព្យុងយ៉ាង ប្រសិនជារបបនេះ សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាថ្មីទៀត។ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានលើកឡើងបន្ថែម ពីភាពចាំបាច់ ដែលប្រទេសកូរ៉េខាងជើង ត្រូវបោះបង់ចោល នូវកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីផលិតកាំជ្រួចអន្តរទ្វីប របស់ខ្លួន។
ប៉ុន្តែការលើកឡើង របស់សារព័ត៌មានផ្លូវការចិន មិនបានធ្វើឲ្យរបបកុម្មុយនីសកូរ៉េ សប្បាយចិត្តជាមួយទេ និងបានចាត់ទុកការទាមទារនេះ ថាជា«ការកត់សម្គាល់ ដែលគ្មានការទទួលខុសត្រូវ»។ នេះ បើតាមបទវិចារណកថា របស់ទីភ្នាក់ងារ «KCNA» ដដែលនោះ។ អត្ថបទបានបញ្ជាក់ថា គ្មានអ្វីអាចមកបញ្ឈប់ ឬបង្វែរទិសកង់ប្រវត្តិសាស្ត្រ របស់ប្រទេសកូរ៉េខាងជើង ឲ្យងាកចេញពីផ្លូវដើរ របស់ខ្លួននោះឡើយ។
«កូរ៉េខាងជើង នឹងមិនសុំឲ្យដាក់ទានដាច់ខាត... »
បទវិចារណកថា បានសរសេរបន្ថែមថា៖ «យើង (កូរ៉េខាងជើង) នឹងមិនសុំការដាក់ទានដាច់ខាត ឲ្យរក្សាមិត្តភាពជាមួយចិន ដើម្បីជាថ្នូរ ឲ្យបោះបង់ចោល នូវកម្មវិធីនុយក្លេអ៊ែរដ៏ថ្លៃថ្លា។ (...) រាប់ចាប់តាំងពីសង្គ្រាមកូរ៉េមក ប្រទេសកូរ៉េខាងជើង បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិភាព និងសន្តិសុខ របស់ប្រទេសចិន។ ដូច្នេះ គឺចិនទៅវិញទេ ដែលត្រូវដឹងគុណកូរ៉េខាងជើង។»។
អត្ថបទរបស់ទីភ្នាក់ងារផ្លូវការ «KCNA» បានសរសេរព្រមានថា ចិនមិនត្រូវសាកល្បងឡើយ នឹងភាពអត់ធ្មត់ របស់កូរ៉េខាងជើង ហើយ«ចិនគួរសិក្សាឲ្យបានច្បាស់ អំពីផលវិបាកដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើង ប្រសិនជាចិនកាប់រម្លំ សសរដ៏រឹងមាំ នៃទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិន។»។
ពាក្យសំដីឆ្លើយឆ្លងគ្នា រវាងរបបកុម្មុយនីសទាំងពីរ បានកើតឡើង នៅចំពេលដែលក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបង្កើនការដាក់សម្ពាធ ទៅលើប្រទេសចិន ដើម្បីធ្វើយ៉ាងណា ចាប់សម្ព័ន្ធមិត្តរបស់ចិន គឺប្រទេស កូរ៉េខាងជើង ឲ្យត្រឡប់ចូល មកក្នុងជួរសហគមន៍អន្តរជាតិវិញ៕