នាវាសង្គ្រាមផ្ទុកយន្ដហោះចម្បាំងអាមេរិក ជិតមកដល់សមុទ្រជប៉ុន
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៧
- កែប្រែចុងក្រោយ: April 25, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាវាសង្គ្រាមអាមេរិក មានឈ្មោះ «Carl Vinson» រួមនឹងយន្ដហោះចម្បាំង ជាច្រើនគ្រឿង នៅលើនាវានោះផង កំពុងធ្វើដំណើរ ចូលមកក្នុងដែនទឹក នៃសមុទ្រជប៉ុន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីតំបន់ឆ្នេរខាងកើត របស់ឧបទ្វីបកូរ៉េ។ នេះជាការប្រកាសឡើង កាលពីចុងសប្ដាហ៍នេះ របស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃឃ៍ ផេន្ស៍ (Mike Pence) នៅចំពោះការតម្លើងសាច់ដុំដាក់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសកុម្មុយនីស កូរ៉េខាងជើង។
នាវាដ៏ធំ ដែលមានផ្ទុកយន្ដហោះ ត្រូវបានអមដំណើរ ដោយនាវាពិឃាត ចំនួនពីរគ្រឿង និងនាវាល្បាតមួយគ្រឿងទៀត ដែលសុទ្ធតែមានសមត្ថភាព អាចបាញ់កាំជ្រួច សំដៅទៅដីគោកបាន។ នាវាទាំងនោះ ត្រូវបានចល័ត មកឈរជើង នៅក្នុងសមុទ្រជប៉ុន ចាប់ពីចុងខែមេសានេះតទៅ។
ថ្លែងពីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី លោក ម៉ៃឃ៍ ផេន្ស៍ បានឲ្យដឹងបន្តថា៖ «ដូចនេះ របបកូរ៉េខាងជើង មិនត្រូវយល់ច្រឡំឡើយ ព្រោះថាសហរដ្ឋអាមេរិក មានធនធាន មនុស្ស និងវត្តមាននៅក្នុងតំបន់មួយនេះ ដើម្បីថែរក្សាផលប្រយោជន៍របស់យើង និងសន្តិសុខ នៃផលប្រយោជន៍ទាំងនេះ ក៏ដូចជាផលប្រយោជន៍ របស់សម្ព័ន្ធមិត្តយើង»។
ប៉ុន្មានសប្ដាហ៍មកនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បានតម្លើងសម្លេងដាក់គ្នា ជុំវិញការបាញ់សាកល្បងមិនឈប់ឈរ នូវសព្វាវុធធុនធ្ងន់ៗ ពីសំណាក់ប្រទេសកុម្មុយនីសកូរ៉េ។ កាលពីថ្ងៃទី៨ ខែមេសាកន្លងមក ក្រុងវ៉ាស៊ីនតោន បានប្រកាសថា កងកម្លាំងជើងទឹក និងអាកាសរបស់អាមេរិក បានចេញដំណើរួចហើយ ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។ នៅក្នុងសេចក្ដីប្រកាសនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាថា នឹងបញ្ជូននាវាសង្គ្រាម ដ៏«សម្បើម»មួយ ដើម្បីជាមធ្យោបាយទប់ទល់ នឹងការវាយប្រហារណាក៏ដោយ។
តែនៅ១០ថ្ងៃក្រោយការប្រកាសនោះ អ្នកទទួលខុសត្រូវម្នាក់ របស់ក្រសួងការពារជាតិអាមេរិក បានទទួលស្គាល់ថា ក្រុមនាវាចម្បាំងទាំងនោះ បានធ្វើដំណើរបញ្ច្រាសទិស ដើម្បីទៅធ្វើសមយុទ្ធយោធា ជាមួយនឹងកងទ័ពនៃប្រទេសអូស្ត្រាលី ឯណោះទៅវិញទេ។
កាលពីដើមសប្ដាហ៍មុន បន្ទាប់ពីការបាញ់កាំជ្រួច សាកល្បងមួយទៀត របស់កូរ៉េខាងជើងរួច លោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំរបបកុម្មុយនីស លោក គីម ជុង-អ៊ុន (Kim Jong-Un) ឲ្យ«ត្រៀមខ្លួន»។ ការព្រមាននេះ បានបង្កឲ្យមានប្រតិកម្មមកវិញ ពីសំណាក់របបក្រុងព្យុងយ៉ាង តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ ដោយលើកឡើងថា កូរ៉េខាងជើងបានត្រៀមខ្លួន រួចស្រេចហើយ ដើម្បី«ឆ្លើយតប» ទៅនឹងសង្គ្រាមបែបណាក៏ដោយ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក។
ប្រតិកម្មនោះ ត្រូវបានលោក ម៉ៃឃ៍ ផេន្ស៍ ថ្លែងសន្យាថា របបកូរ៉េកុម្មុយនីស នឹងទទួលលទ្ធផលយ៉ាងអាណោចអធម ក្នុងករណីផ្ទុះសង្គ្រាម។ លោកបានវាយតម្លៃរបបកុម្មុយនីសដ៏ឯកោមួយនេះ ថាជារបបដឹកនាំ ប្រកបដោយគ្រោះថ្នាក់ និងជាការគម្រាម ដ៏បន្ទាន់បំផុត នៅក្នុងតំបន់៕