កូរ៉េខាងជើង​ពង្រាយ​កាំជ្រួច​នៅ​ឆ្នេរ​ខាង​កើត និង​ប្រាប់​រ៉ូស្សី​អោយ​ជម្លៀស​អ្នក​ការ​ទូត

ប្រទេសកូរ៉េខាងជើង បានប្រាប់ទៅរ៉ូស្សី អោយ«ត្រៀម» ជម្លៀសអ្នកការទូតចេញពីស្ថានទូត នៅថ្ងៃសុក្រនេះ។ ក្នុងថ្ងៃនេះដដែល ប្រទេសកុម្មុយនីសបានពង្រាយ កាំជ្រួចចម្ងាយមធ្យមមួយគ្រឿងទៀត នៅឆ្នេរខាងកើតរបស់ខ្លួន និងនិយាយថា បានត្រៀមខ្លួនរួចស្រេច ក្នុងការ«សម្ដែងរិទ្ធ»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកូរ៉េខាងជើង បានប្រាប់ទៅរ៉ូស្សី អោយ«ត្រៀម» ជម្លៀសអ្នកការទូតចេញពីស្ថានទូត នៅថ្ងៃសុក្រនេះ។ ក្នុងថ្ងៃនេះ ដដែល ប្រទេសកុម្មុយនីសបានពង្រាយ កាំជ្រួចចម្ងាយមធ្យមមួយគ្រឿងទៀត នៅឆ្នេរខាងកើតរបស់ខ្លួន និងនិយាយថា បានត្រៀមខ្លួនរួចស្រេច ក្នុងការ«សម្ដែងរិទ្ធ»។


កាំជ្រួចមូស៊ូដង់ របស់ប្រទេសកូរ៉េខាងជើង ក្នុងព្យុះហយាត្រាកងព័ទរបស់ខ្លួន។

អ្នកនាំពាក្យ ស្ថានទូតរ៉ូស្សី ប្រចាំទីក្រុងព្យុងយ៉ាងបានថ្លែងអោយដឹងថា ប្រទេសកូរ៉េខាងជើង បានស្នើសុំអោយរ៉ូស្សី «ត្រៀម» ជម្លៀសអ្នកការទូតចេញពីស្ថានទូត។ លោកឌឺនីស សំសូនូវ (Denis Samsonov) បាននិយាយទៅកាន់ ភ្នាក់ងារ ព័ត៌មានរ៉ូស្សីថា «តំណាងម្នាក់ មកពីក្រសួងការបរទេសកូរ៉េខាងជើង បានស្នើសុំនៅថ្ងៃទី០៥ខែមេសានេះ មកភាគីរ៉ូស្សី ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការជម្លៀសអ្នកធ្វើការការទូតទាំងអស់ ពីស្ថានទូតរ៉ូស្សី»។

អ្នកការទូតរូបនេះ បានបន្ថែមថា «ប្រទេសរ៉ូស្សី បានទទួលការស្នើសុំនេះ ដូចស្ថានទូតនៃប្រទេសដទៃទៀត ប្រចាំនៅ​ទីក្រុងព្យុងយ៉ាងដែរ ក្នុងខណៈពេលដែលស្ថានភាពកាន់តែទុំជោរ នៅក្នុងឧបទ្វីបកូរ៉េ»។ លោកថា បានទទួលការស្នើ​សុំ​នេះរួច ហើយកំពុងធ្វើការសម្រេចចិត្តនៅឡើយ។ លោកអះអាងថា «មិនមានអ្វី កើតឡើងខុសប្លែកពីធម្មតានោះទេ ហើយ​ស្ថានទូតនៅតែមានដំណើរការធម្មតា។ ខ្ញុំអាចបញ្ជាក់ថា នៅទីក្រុងព្យុងយ៉ាង ក្នុងពេលនេះ អ្វីៗស្ថិតក្នុងសភាពស្ងប់ស្ងាត់​ល្អណាស់។ ជាថ្ងៃបុណ្យឈប់សម្រាក ដែលមិនមានហេតុភេទអ្វី អោយចម្លែកឡើយ។»

ដោយឡែក ក្រសួងការបរទេសរ៉ូស្សី ឯម៉ូស្គូ បានរំលឹកទីក្រុងព្យុងយ៉ាងពីកតព្វកិច្ចរបស់ខ្លួន ក្នុងការការពារបេសកកម្ម​ការ-​ទូត របស់ប្រទេសដែលបានភ្ជាប់ទំនាក់ទំនងជាមួយខ្លួន ខណៈដែលកូរ៉េខាងជើងបានប្រកាស ថាខ្លួនមិនមាន​សមត្ថភាព ក្នុងការធានាសុវត្ថិភាព អោយស្ថានទូតបរទេសទាំងនោះបានទៀតទេ ចាប់ពីថ្ងៃទី១០ខែមេសា ប្រសិនបើជម្លោះ​បានផ្ទុះ​ឡើង។

បញ្ជូនកាំជ្រួចចម្ងាយមធ្យម ទៅកាន់ឆ្នេរខាងកើត

ព្រឹត្តិការណ៍ក្នុងថ្ងៃនេះដដែល ប្រទេសកូរ៉េខាងជើង បានបញ្ជូនកាំជ្រួចចម្ងាយមធ្យមរបស់ខ្លួន មួយគ្រឿងទៀត ទៅដាក់​ពង្រាយនៅឆ្នេរខាងកើត ហើយត្រៀមនៅផ្ទុះអាវុធ តាមរបៀប«ចល័ត»មួយ។ នេះបើតាមភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ (Yonhap) ដោយបានស្រង់ព័ត៌មាននេះ ពីមន្ត្រីជាន់ខ្ពស់មា្នក់ នៃប្រទេសកូរ៉េខាងត្បូង។ ភ្នាក់ងារព័ត៌មាន បាន​បន្ថែមពីស្ថានភាព ដែលកាន់តែធ្ងន់ធ្ងរ ហើយថា ការចាប់ផ្ដើមផ្ទុះអាវុធ អាចនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខ។ តែក្រសួង​ការពារជាតិរបស់កូរ៉េខាងត្បូង ដែលបានអះអាងពីការដាក់ពង្រាយ នូវកាំជ្រួចទីមួយក្នុងពេលកន្លងមក មិនបានបញ្ជាក់​ជាថ្មី នូវព័ត៌មានចុងក្រោយនេះទេ។

មន្ត្រីកូរ៉េខាងត្បូង ត្រូវបានភ្នាក់ងារស្រង់ពាក្យសម្ដីថា​ «គេបានបញ្ជាក់មកថា ប្រទេសកូរ៉េខាងជើង បានដឹកតាមរថភ្លើង កាលពីដើមសប្ដាហ៍នេះ នូវកាំជ្រួចចំនួនពីរ ធុន មូស៊ូដង់ (Musudan) សម្រាប់បាញ់ក្នុងរយៈចម្ងាយមធ្យម ឆ្ពោះទៅ​កាន់​ឆ្នេរខាងកើត ហើយបានតម្លើងនៅលើរថយន្ដ ដែលបានត្រៀមរួចជាស្រេច ក្នុងការផ្ទុះអាវុធ»។ កាំជ្រួច មូស៊ូដង់ អាច​បាញ់​បានក្នុងចម្ងាយ ៣០០០គីឡូមែត្រ ឬនិយាយអោយខ្លី វាមានសមត្ថភាព អាចបាញ់បានចម្ងាយ រហូតមកដល់ប៉ែកខាងត្បូង នៃឧបទ្វីបកូរ៉េ ឬប្រទេសជប៉ុន។ ប្រសិនបើគេមិនបន្ថែមទម្ងន់អ្វីផ្សេង កាំជ្រួចនេះ អាចបាញ់បានចម្ងាយរហូតដល់ ៤០០០​គីឡូម៉ែត្រ ឬមកដល់មូលដ្ឋានយោធា ហ្គាម (Guam) របស់អាមេរិក នៅកណ្ដាលមហាសមុទ្រប៉ាស៊ីភីក។

ភ្នាក់ងារយ៉ុងហាប់ដដែល បានស្រង់ប្រភពពីខាងយោធាកូរ៉េខាងត្បូង មកបញ្ចាក់ថា កូរ៉េខាងជើងអាច​បាញ់កាំជ្រួចលើក​ទីមួយរបស់ខ្លួន នៅថ្ងៃទី១៥ខែមេសាខាងមុខ ដែលជាថ្ងៃបុណ្យខួបកំណើតរបស់ ស្ថាបនិករបបកុម្មុយនីស លោក គីម អ៊ីល-ស៊ុង (Kim Il-sung) ដែលបានស្លាប់ទៅនៅឆ្នាំ១៩៩៤។

-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...