អាមេរិកចាត់ទុក ការគម្រាមរបស់កូរ៉េខាងជើង ថា«បានការ»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 31, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេតវិមាន របស់និយាយកាលពីថ្ងៃសុក្រទី២៩ខែមិនានេះ ថាបានយកជា«បានការ» នូវការប្រកាសរបស់ ប្រទេសកូរ៉េខាងជើង ដែលដាក់ប្រទេសខ្លួន ទៅក្នុង«ស្ថានភាពសង្គ្រាម» ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។ តែសេតវិមាននៅតែបានកត់សម្គាល់ថា ការគម្រាមទាំងនេះ មិនមែនជារឿង ខុសមួយដងនោះទេ។
របបក្រុងព្យុងយ៉ាង បានដាក់ប្រទេសខ្លួន ទៅក្នុង«ស្ថានភាពសង្គ្រាម»។
លោកស្រី កៃលីន ហេដេន (Caitlin Hayden) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកាំង បានថ្លែងប្រកាសថា «យើងបានឃើញពីព័ត៌មាន ស្ដីពីការប្រកាសថ្មី ដែលមិនល្អមួយ របស់កូរ៉េខាងជើង។ យើងចាត់ទុកការគម្រាមទាំងនេះ ជាបានការ និងនៅតែមានជំហរយ៉ាងជិតស្និតជាមួយ កូរ៉េខាងត្បូងសម្ព័ន្ធមិត្តរបស់យើង»។
ប្រទេសកូរ៉េខាងជើង បានប្រកាសថាបាន ចាប់ផ្ដើមដោយជៀសពុំផុត ចូលទៅក្នុង«ស្ថានភាពសង្គ្រាម»មួយ ប្រឆាំងនឹងកូរ៉េខាងត្បូង ដែលជាសេចក្ដីប្រកាសមួយចុងក្រោយបំផុត រាប់តាំងពីការប្រកាសនានា ជិតមួយសប្ដាហ៍មកហើយ។ ការប្រកាសនេះ បានបង្កអោយមានការព្រួយបារម្ភ ពីសំណាក់សហគមន៍អន្តរជាតិ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។ ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ច្បាស់ៗទៀតថា រាល់ការបង្ករឿងទាំងឡាយ នឹងអាចបង្កើតអោយមាន ប្រតិកម្មតបតភ្លាមៗ ឈានទៅកាន់ជម្លោះ«នុយក្លេអ៊ែ»។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានកំណត់ពីការគម្រាមចុងក្រោយ នេះរបស់កូរ៉េខាងជើង ថានៅក្នុងផ្នែកមួយ នៃការគម្រាម«រាល់ដង»របស់របបកុម្មុយនីស ដឹកនាំដោយគឹមជុងអ៊ុន (Kim Jong-Un) ហើយមិនមានលក្ខណៈអ្វី អោយចម្លែកខ្លាំងលើសពីការគម្រាមលើកមុនៗទេ។ សេចក្ដីប្រកាសព័ត៌មាននោះក៏និយាយដែរថា សហរដ្ឋអាមេរិក «ពិតជា»មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួន និងការពារសម្ព័ន្ធមិត្តទាំងឡាយ នៅអាស៊ី។
«យើងបន្តចាត់វិធានការសំខាន់ៗ បន្ថែមទៀត ដើម្បីប្រឆាំងទប់នឹងការគម្រាមរបស់ប្រទេសកូរ៉េខាងជើង ដែលក្នុងនោះមានគម្រោង តម្លើងចំនួនយន្ដហោះត្រៀមប្រយុទ្ធ នៅលើទឹកដីអាមេរិក ក៏ដូចជាប្រព័ន្ធចាប់ព័ត៌មាន និងប្រព័ន្ធបង្វែទិសដៅ» លោកស្រីហេដេន បានបន្ថែម។
មុននេះបន្តិច អ្នកនាំពាក្យរបស់សេតវិមាន បានថ្លែងបញ្ជាក់ទៅកាន់ អ្នកសារព័ត៌មានថា «យើងសហការយ៉ាងជិតស្និត មិនត្រឹមតែជាមួយសម្ព័ន្ធមិត្តរបស់យើងទេ តែជាមួយប្រទេសចិន និងរ៉ូស្សី ដែលសុទ្ធតែមានបំណងយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយមួយ ដោយសន្តិភាព ទៅលើស្ថានភាពនេះ»៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ