នាយករដ្ឋមន្ត្រីជប៉ុនព្រមានកូរ៉េខាងជើង ថានឹងធ្វើការ«តបត»

ភាពតានតឹង បានកើនកំដៅខ្លាំងឡើង នៅក្នុងឧបទ្វីបកូរ៉េ។ ប៉ុន្តែលើកនេះ ជាវេនរបស់ប្រទេសជប៉ុនម្ដង ដែលបានចេញមកធ្វើការព្រមាន ទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសជប៉ុន បាននៅស្ថាត់ស្ងៀម មិនសូវធ្វើប្រតិកម្មអ្វីសោះ តាំងពីភាពតានតឹង បានកើតឡើងពីដំបូងទីនោះមក។
ការថ្លែងព្រមាននេះ បានធ្វើឡើងឡើង តាមរយៈនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ម្សិលម៉ិញ នៅចំពោះការជួបប្រជុំ រវាងគ្រួសារជនជាតិជប៉ុន ដែលត្រូវបានរបបកូរ៉េខាងជើង ចាប់ពង្រត់ខ្លួនទៅ និងនៅមុនកិច្ចប្រជុំ រវាងរដ្ឋមន្ត្រី មកពីប្រទេស «G7»។ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាប៊េ (Shinzo Abe) បានឲ្យដឹងថា៖ «យើងត្រូវធ្វើឲ្យរបបនេះ (របបកូរ៉េខាងជើង) យល់ឲ្យច្បាស់ថា ទង្វើរបស់របបនេះ ដែលជាន់ឈ្លីមកលើយើង នឹងត្រូវទទួលលទ្ធផលវិញ ដោយខ្លាំងក្លាបំផុត លុះត្រាតែរបបដឹកនាំនេះ ដោះស្រាយបញ្ហាចាប់ពង្រត់ (ពលរដ្ឋជប៉ុន) និងបញ្ហាកាំជ្រួចនុយក្លេអ៊ែរ។ បើមិនដូច្នេះទេ ខ្ញុំមិនគិតថា ពួកគេនឹងមានលទ្ធផលល្អនោះឡើយ។»
កាលពីថ្ងៃសៅរ៍កន្លងមកនេះ ប្រទេសកូរ៉េខាងជើង បានប្រកាសដោយខ្លួនឯង ថាបានធ្វើការសាកល្បងដោយជោគជ័យ នូវកាំជ្រួចអន្តរទ្វីបមួយដើម ដែលបំពាក់ដោយគ្រាប់បែក។ សេចក្ដីប្រកាសនោះ បានអះអាងទៀតថា កាំជ្រួចថ្មីដែលទើបនឹងបានសាកល្បង អាចមានបំពាក់ ដោយគ្រាប់បែកនុយក្លេអ៊ែរ ដែលមានកម្លាំងខ្លាំងបំផុត ហើយមានលទ្ធភាព ក្នុងការវាយប្រហារ ទៅដល់ទឹកដីអាមេរិកបាន។
តែការអះអាង របស់កូរ៉េខាងជើង អាចជាការ«ឃោសនា» ដូចដែលប្រទេសនេះធ្លាប់ធ្វើកន្លងមក។ ក្រុមអ្នកជំនាញនៅបស្ចឹមលោក បានជឿថា ប្រទេសកុម្មុយនីស នៅមិនទាន់មានសមត្ថភាព ជាពិសេសបច្ចេកវិទ្យាទំនើបៗ ដើម្បីយកមកបំពាក់ឲ្យគ្រាប់បែក ឬកាំជ្រួចអន្តរទ្វីបរបស់ខ្លួននៅឡើយ៕