ឌុយបៃ នឹងសង់អាគារមួយទៀត ខ្ពស់ជាងអាគារ Burj Khalifa
- ដោយ: ដ. កែវ អត្ថបទ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១១ មេសា ២០១៦
- កែប្រែចុងក្រោយ: April 12, 2016
- ប្រធានបទ: ស្ថាបត្យកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាគារ «Burj Khalifa» ដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០១០មកនោះ មានកំពស់ ៨២៨ម៉ែត្រ ហើយក្លាយជាអាគារ ដែលខ្ពស់ជាងគេក្នុងលោក ខណៈអាគារដ៏ខ្ពស់ថ្មីចំនួនពីរទៀត កំពុងស្ថិតក្នុងការសាងសង់នៅឡើយ។ អាគារទាំងពីរនោះ មាន៖ អាគារទីមួយ កំពស់ ៨៣៨ម៉ែត្រ នៅក្នុងក្រុង «Changsha» ភាគកណ្ដាលនៃប្រទេសចិន និងអាគារទីពីរ មានកំពស់ខ្ពស់ជាង ១គីឡូម៉ែត្រ នៅក្នុងទីក្រុងឆ្នេរសមុទ្រ ជេរដា (Djeddah) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ប៉ុន្តែអាគារថ្មី របស់ក្រុង ឌុយបៃ គ្រាន់តែបានអះអាងថា នឹងមានកំពស់ខ្ពស់ជាង អាគារ «Burj Khalifa» របស់ក្រុង ឌុយបៃ ដូចគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ថាវានឹងមានកំពស់ប៉ុន្មាននៅឡើយ នៅមុនការបញ្ចប់ ការសាងសង់របស់វា។ ការចំណាយទៅលើការសាងសង់អាគារថ្មី មានកម្រិតដល់ទៅ ជិត១ពាន់លានដុល្លា (តួលេខឲ្យដឹង គឺ ៨៧៧លានដុល្លារ)។
លោក មហាមេដ អាឡាបារ (Mohamed Alabbar) ប្រធានសហគ្រាស «Emaar» ជំនាញក្នុងអចលនវត្ថុ របស់ប្រទេសអេមៀរ៉ាអារ៉ាប់ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោកមានបំណង ចង់សង់អាគារនេះ ដើម្បីជាចំណងដៃជូនក្រុង ឌុយបៃ នៅមុខឆ្នាំ២០២០ ដែលនឹងមានការតាំងពិពណ៌សកលមួយ នៅទីនោះ។
អាគារថ្មី ដែលមានទាំងភោជនីយដ្ឋាន និងសណ្ឋាគារនេះ ជាគម្រោងដែលគូសវាសដោយស្ថាបត្យករ ដើមកំណើតអេស្ប៉ាញ-ស្វីស មួយរូបឈ្មោះ «Santiago Calatrava Valls»។ លោក អាឡាបារ បានចាត់ទុកអាគារនេះ ថាជាគ្រឹះស្ថានដ៏«ខ្ពស់ស្កឹមស្កៃ» ដែលមានទម្រង់ដូចព្រះវិហារមូស្លីម (Minaret) ងើបខ្ពស់ពីដី តែមានការទប់លំនឹង ដោយខ្សែកាបជាច្រើន។
សូមបញ្ជាក់ដែរថា អាគារចាស់ «Burj Khalifa» បានទាក់ទាញឲ្យទេសចរណ៍ ចូលមកទស្សនាក្រុង ឌុយបៃ ចំនួន១៤លាននាក់ ក្នុងឆ្នាំ២០១៥កន្លងទៅ។ អាគារនេះ ត្រូវបានចំណាយប្រាក់ ដើម្បីសាងសង់ រហូតដល់ទៅ ១,៥ពាន់លានដុល្លារ៕
» វីដេអូ និងរូបភាពមួយចំនួន ស្ដីពីគម្រោងអាគារថ្មីនេះ៖