ទូរទស្សន៍អ៊ឺរ៉ុប៖ កម្ពុជាអបអរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក

- ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 17, 2017
- ប្រធានបទ: បេតិកភ័ណ្ឌ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹត្តិការណ៍ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ របស់ប្រទេសកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូ កាលពីដើមខែមកនេះ បានទាក់ទាញឲ្យបណ្ដាញទូរទស្សន៍ដ៏ធំមួយ នៅអ៊ឺរ៉ុប ធ្វើសេចក្ដីរាយការណ៍ ហើយផ្សព្វផ្សាយកាលពីម្សិលម៉ិញ នៅក្នុងកម្មវិធីព័ត៌មានរបស់ខ្លួន។
ទូរទស្សន៍ «EuroNews» របស់អ៊ឺរ៉ុប ដែលផ្សាយចម្រុះភាសា ចំនួន១៣ភាសា បានលើកឡើងថា កម្ពុជានឹងរៀបចំប្រារព្ធពិធីអបអរសាទរ សម្រាប់ព្រឹត្តិការណ៍នេះ នៅល្ងាចថ្ងៃចន្ទនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ ដែលបានចុះទៅដល់ តំបន់សំបូរព្រៃគុកផ្ទាល់ បានសម្ភាសជាមួយលោក សែម ណម មន្ត្រីអភិរក្ស នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានស្រង់សំដីរបស់លោក មកបញ្ជាក់ថា លោកសប្បាយរកអ្វីប្រៀបផ្ទឺមមិនបាន ដោយបានទទួលបានដំណឹងនេះ។
មន្ត្រីដែលធ្វើកិច្ចការអភិរក្ស តាំងពីឪពុកលោករហូតមកនេះ បានថ្លែងឡើងថា៖ «ប្រាសាទទាំងនេះ ត្រូវបានបោះបង់ចោល អស់រយៈពេលជាយូរហើយ។ នៅឆ្នាំ១៩៩៤ យើងបានចាប់ផ្ដើមបោសសម្អាត និងថែរក្សារហូតមកដល់សព្វថ្ងៃ។ ឥឡូវតំបន់នេះ ត្រូវបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។ (...) ខ្ញុំសំដែងការអរគុណ ទៅដល់បុព្វបុរសខ្មែរយើង ដែលបានសាងសង់ប្រាសាទទាំងនេះ ហើយបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។»។
តំបន់រមណីយដ្ឋាននេះ ជាបេះដូងនៃរាជធានី ឦសានបុរៈ របស់ចក្រភព ចេនឡា ដែលបានលាតសន្ធឹងឥទ្ធិពលរបស់ខ្លួន នៅចុងសតវត្សន៍ទី៦ រហូតដល់ដើមសតវត្សន៍ទី១២។ រាជធានីបូរណនេះ លាតសន្ធឹងនៅលើផ្ទៃក្រឡា ប្រមាណជា២៥គីឡូម៉ែត្រការ៉េ និងរចនាលំអ ដោយប្រាសាទជាច្រើន ក្នុងនោះប្រាសាទចំនួន១០ ត្រូវបានសាងសង់ឡើងនៅកណ្ដាលក្រុង ដែលជាគំរូសំណង់បូរាណ មានតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រូបរាងប្រាសាទ និងក្បាច់ក្បូរចម្លាក់ នៅក្នុងតំបន់រមណីយដ្ឋាននេះ ជាសក្ខីកម្មដ៏សំខាន់ និងដ៏មានតម្លៃ សម្រាប់ស្ថាបត្យកម្ម «មុនសម័យអង្គរ» ដែលក្រុមអ្នកស្រាវជ្រាវហៅថា ជារចនាបថ«សំបូរព្រៃគុក»៕
» សេចក្ដីរាយការណ៍របស់ទូរទស្សន៍ «EuroNews» ជាភាសាអង់គ្លេស៖