អាមេរិកជឿជាក់ពីការតាមប្រមាញ់ប្រមុខ ISIS ថានឹងសម្រេច
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ មេសា ២០១៦
- កែប្រែចុងក្រោយ: April 04, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិ របស់អាមេរិក) បានអះអាងជាថ្មីទៀតថា នៅថ្ងៃណាមួយ ប្រមុខដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលមានឈ្មោះ អាប៊ូ បាក្រ អាល់បាងដាឌី (Abou Bakr al-Baghdadi) នឹងត្រូវទទួលផលកម្ម សមស្របតាមអំពើឧក្រិដ្ឋជាច្រើន ដែលមេដឹកនាំរូបនេះ បានបង្កឡើង។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិក បានតាមប្រមាញ់ជាបន្តបន្ទាប់ នូវបណ្ដាអ្នកទទួលខុសត្រូវ របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម ក្នុងនោះមានមនុស្សខ្លាំងទីពីរ របស់ក្រុមនេះផង។
លោក ស្តេវ វ៉ារ៉េន (Steve Warren) អ្នកនាំពាក្យឲ្យមន្ទីរប៉ង់តាហ្គោន បានថ្លែងឲ្យដឹង កាលពីថ្ងៃសុក្រកន្លងមកថា៖ «យើងកំពុងតាមប្រមាញ់ជននេះ ហើយយើងនឹងរកឃើញ ក្នុងថ្ងៃណាមួយ។ វាដូចគ្នាទៅនឹងវាសនា នៃទីប្រឹក្សាជាន់ខ្ពស់ម្នាក់ របស់ជននេះ ឈ្មោះ អាប៊ូ ម៉ូស្សាប អាល់ហ្សារកាវី (Abou Moussab al-Zarkaoui) ដែលយើងបានរកឃើញ ហើយយើងបានសម្លាប់ទីប្រឹក្សានេះរួចហើយ។ ហើយក៏វាមិនខុសគ្នាអី ទៅនឹងមេកន្ទ្រាញខាងភេរវនិយម ឈ្មោះ អ៊ូសាម៉ា ប៊េនឡាដេន (Oussama ben Laden) ដែលយើងបានសម្លាប់ចោលដែរ។ យើងនឹងរកឲ្យឃើញ អាប៊ូ បាក្រ៍ អាល់បាងដាឌី ហើយជននេះនឹងទទួលវាសនា សមតាមអំពើឧក្រិដ្ឋនានា ដែលជននេះបានប្រព្រឹត្តិ។»
យុទ្ធនាការវាយលុក ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ របស់ក្រុមប្រទេសជាសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឈានទៅសម្លាប់អ្នកទទួលខុសត្រូវធំៗជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ក្នុងនោះមានលោក អាប់ឌែល រ៉ាម៉ាន អាល់កាឌូលី (Abdel Rahmane al-Qadouli) ដែលជាមនុស្សខ្លាំងទីពីរ បន្ទាប់ពីលោក អាប៊ូ បាក្រ៍ អាល់បាងដាឌី។ កាលពីដើមខែមីនា សហរដ្ឋអាមេរិក ក៏បានថ្លែងឲ្យដឹងដែរ ថាបានទម្លាក់គ្រាប់បែក សម្លាប់ជនម្នាក់ ឈ្មោះ អូម៉ា អាល់ស៊ីសានី (Omar al-Shishani)។ ជនម្នាក់ក្រោយនេះ ត្រូវបានគេស្គាល់ថា ជា«រដ្ឋមន្ត្រីការពារជាតិ» របស់ក្រុមរដ្ឋអ៊ីស្លាម។
អ្នកនាំពាក្យបានបន្តទៀតថា់៖ «ខ្ញុំមិនដឹងថា យុត្តិធម៌នឹងកើតមាន តាមរយៈកាំជ្រួច "Hellfire" (ដែលបាញ់ទៅចំ) ឬតាមរយៈគុកងងឹត (ដើម្បីឃុំខ្លួន) នៅទីណាមួយនោះទេ តែជននេះ (អាប៊ូ បាក្រ៍ អាល់បាងដានី) នឹងទទួលវាសនា សមតាមឧក្រិដ្ឋកម្មរបស់ខ្លួន នៅថ្ងៃណាមួយ»។
សហរដ្ឋអាមេរិក បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីជារង្វាន់ដល់នរណាក៏ដោយ ដែលបង្ហើបឲ្យដឹង ពីទីកន្លែងលាក់ខ្លួន របស់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម។ សម្រាប់ព័ត៌មាន ដែលទាក់ទងនឹងលោក អាប៊ូ បាក្រ៍ អាល់បាងដាឌី អ្នករាយការណ៍នឹងទទួលបានរង្វាន់ ១០លានដុល្លារ ខណៈព័ត៌មានដែលទាក់ទងនឹង អាប់ឌែល រ៉ាម៉ាន អាល់កាឌូលី (ដែលត្រូវបានសម្លាប់ហើយ) អ្នករាយការណ៍ទទួលបានរង្វាន់ ៧លានដុល្លារ៕