មហាភេវរកម្មទាំង៥ ដែលបានវាយប្រហារអាមេរិកតាំងពីឆ្នាំ១៩៩០
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: May 01, 2014
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកមហាភេវរកម្មទាំងប្រាំ ដែលបានវាយប្រហារសហរដ្ឋអាមេរិក ខ្លាំងជាងគេ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយ មកជម្រាបជូនដូចតទៅ៖
- អារីហ្សូណា ថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៥៖ ក្រុមមួយដែលអះអាងថា ជា«កូនប្រុសរបស់ជេស្តាប៉ូ (Gestapo)» បានចេញមកទទួលខុសត្រូវ ចំពោះអំពើរភេវរកម្មនេះ ដែលបង្កឡើងទៅលើរថភ្លើង ដែលរត់ភ្ជាប់ពីក្រុង មីអាមី (Miami) ទៅកាន់ក្រុង ឡូស អេនជឺឡេស (Los Angeles)។ ការវាយប្រហារ ដែលបានធ្វើមនុស្សម្នាក់ស្លាប់ និង៨០នាក់ផ្សេងទៀតរងរបួសនេះ មានលក្ខណៈប្រហាក់ប្រហែល ទៅនឹងការវាយសម្រុកមួយ របស់កងកម្លាំងប្រដាប់អាវុធអាមេរិក ទៅលើគ្រឹស្ថានសាសនាមួយ នៅក្រុង វ៉ាកូ (Waco) រដ្ឋតិចសាស់ ក្នុងឆ្នាំ១៩៩៣ ដែលបានសម្លាប់មនុស្សអ្នកជឿសាសនានៅទីនោះ (ក្រុងវ៉ាកូ) ចំនួន ៨០នាក់។
កំណត់ត្រាពីរសន្លឹក ចុះហត្ថាលេខាដោយ «កូនប្រុសរបស់ជេស្តាប៉ូ» ត្រូវបានរកឃើញ។ សាក្សីជាច្រើន ដែលត្រូវបានសាកសួរដោយកាសែត វ៉ាស៊ីនតោន ប៉ុស្ដ៍ (Washington Post) បានឲ្យដឹងថា កំណត់ត្រាមួយ ពីក្នុងចំណោមកំណត់ត្រាទាំងនោះ ជាកំណាព្យមួយបទ ដែលនិយាយពីបុព្វហេតុ ប្រឆាំងរដ្ឋអំណាចសហព័ន្ធអាមេរិក ហើយមានទម្រង់ដូច ឬមានទាក់ទងទៅនឹងសំនុំរឿងនៅក្រុង វ៉ាកូ។
- អូក្លាអូម៉ាស៊ីធី ថ្ងៃទី១៩ ខែមេសា ឆ្នាំ ១៩៩៥៖ ភេវរកម្មមួយ ដែលបណ្ដាលមកពីរថយន្ដចតចោល បានបំផ្ទុះអាគារសហព័ន្ធ នៅក្រុង អូក្លាអូម៉ាស៊ីធី ធ្វើអោយមនុស្ស១៦៨នាក់ស្លាប់ និងច្រើនជាង៥០០នាក់រងរបួស។ អ្នកទទួលខុសត្រូវ ឈ្មោះ ទីម៉ូធី ម៉ាកវ៉ីជ៍ (Timothy McVeigh) ជាសមាជិកមួយរូប នៃកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ស្និតនឹងក្រុមស្ដាំនិយមជ្រុល ដែលបានកកើតជារូបរាងឡើង នៅឆ្នាំ១៩៨០ ដើម្បីប្រឆាំងនឹង ការហាមឃាត់ មិនឲ្យប្រើប្រាស់អាវុធជាតិផ្ទុះ។
អំពើភេវរកម្មនេះ បានបង្កអោយមានវិនាសកម្មខ្លាំងជាងគេ ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក រហូតមកទល់នឹងភេវរកម្ម ថ្ងៃទី១១កញ្ញាឆ្នាំ២០០១។ ជនបង្កត្រូវបានរកឃើញថាមានទោស និងទទួលការកាត់ទោសប្រហារជីវិត នៅឆ្នាំ២០០១ ដោយសាលក្រមតុលាការ នៅឆ្នាំ១៩៩៧។
- អាត្លង់តា ថ្ងៃទី២៧ខែកក្កដា ឆ្នាំ១៩៩៦៖ គ្រាប់បែកមួយគ្រាប់ បានបំផ្ទុះខ្លួននៅក្នុងឧទ្យាន សេនតឺនែរ (Centenair) ខណៈល្បែងអូឡាំពិក កំពុងត្រូវបានធ្វើនៅទីនោះ ហើយបានបង្កអោយមនុស្សពីរនាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស។ អ្នកបង្កឈ្មោះ អេរិក រ៉ូប៊ែរ រ៉ូដូលហ្វ៍ (Eric Robert Rudolph) ស្និតនឹងកងកម្លាំងប្រដាប់អាវុធខុសច្បាប់ និងចលនាសាសនានិយមជ្រុលមួយ ដែលមិនពេញចិត្តនឹងរដ្ឋាភិបាលសហព័ន្ធ។ ជននេះត្រូវបានចាប់ខ្លួន ប៉ុន្មានឆ្នាំក្រោយមក ដោយបានតាំងខ្លួនជា អ្នកកាន់សាសនាកាតូលីក តាមបែបពួករ៉ូម៉ាំង (ជនជាតិអ៊ីតាលីជំនាន់ចក្រភពរ៉ូម) ដើម្បីបុព្វហេតុមួយ៖ នោះ គឺធ្វើសង្គ្រាមបិតបញ្ចប់ការសម្លាប់ជីវិត ដោយការ«រំលូតកូន»។
- វលត្រេដសេនធើរ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៣៖ អំពើភេវរកម្ម ប្រឆាំងនឹងអាគារភ្លោះ វលត្រេដសេនធើរ (World Trade Center ) នៅទីក្រុងញ៉ូយកនេះ បានធ្វើអោយមនុស្ស៦នាក់ស្លាប់ និងជាង១០០០នាក់របួស។ គ្រាប់បែកមួយគ្រាប់ ត្រូវបានបង្កៃ ក្នុងចំណតរថយន្ដក្រោមដី ហើយបានបំផ្ទុះខ្លួន ធ្វើអោយបាក់ដីប្រមាណជា ៣០ម៉ែត្រជុំវិញ ជម្រៅប្រមាណជា៦០ម៉ែត្រ និងធ្វើឲ្យមានអគ្គិភ័យឆាបឆេះឡើង។ ភេវរករនិយមអ៊ីស្លាមបួននាក់ ត្រូវបានចាប់ខ្លួន និងកាត់អោយជាប់ទោសក្នុងពន្ធនាគារ ចំនួន២៤០ឆ្នាំ នៅខែឧសភាឆ្នាំ១៩៩៤។
ភេវរកម្មនេះ ត្រូវបានរកឃើញដូចគ្នា ថាត្រូវទទួលខុសត្រូវ ដោយមេចលនានិយមអ៊ីស្លាមម្នាក់ នៅប្រទេសអេហ្សីប ឈ្មោះ អូម៉ា អាដែល រ៉ាម៉ាន (Omar Abdel Rahmane)។ ជននេះ ត្រូវបានចាប់ខ្លួន និងដាក់ទោស ឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ដោយប្រព័ន្ធយុត្តិធម៌អាមេរិក នៅឆ្នាំ១៩៩៦។
- ទីក្រុងញ៉ូយក វ៉ាស៊ីនតោន និងភីតស្បើន ថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០០១៖ យន្ដហោះចំនួនបួនគ្រឿង ត្រូវបានបង្ហោះ អោយទៅបុក វលត្រេដ សេនធើរ កណ្ដាលទីក្រុងញ៉ូយក នៅម៉ោង៨និង៤៦នាទី និងមួយទៀត នៅម៉ោង០៩និង០៣នាទី - យន្តហោះទីបី បានទៅបុកមន្ទីប៉ង់តាហ្គោន នៅម៉ោង០៩និង៣៧នាទី និងយន្តហោះទីបួន មានបំណង ទៅបុកសេតវិមាននៅម៉ោង ១០និង០៣នាទី។ តែយន្ដហោះចុងក្រោយ ត្រូវបានអ្នកបើកយន្ដហោះ បញ្ជៀសទៅបំបោកខ្លួន នៅផ្នែកអាគ្នេយ៍នៃទីក្រុងភីតស្បើន (Pittsburgh) វិញ។ តុល្យភាពទាំងអស់ និងចុងក្រោយ ពីវិនាសកម្មបង្កដោយយន្ដហោះទាំងបួន បានធ្វើអោយមនុស្ស ២៩៧៦នាក់ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត រងរបួស។
ភេវរជន១៩នាក់ ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងព្រឹត្តិការណ៍នេះ។ បណ្ដាញភេវរនិយមអាល់កៃដា (Al Qaida) និងមេចលនានេះ អូសាម៉ាប៊ែនឡាដេន (Oussama Ben Laden) បានប្រកាសទទួលស្គាល់ ថាជាអំពើរបស់ខ្លួន នៅមួយឆ្នាំក្រោយមក។ ជនម្នាក់ឈ្មោះ ខាអីដ ឆេក មហាមេដ (Khalid Cheikh Mohammed) ដែលត្រូវបានស្គាល់ថា ជាអ្នកទទួលរៀបចំភេវរកម្មនេះ ត្រូវគេចាប់ខ្លួនបាននៅឆ្នាំ២០០៣ ក្នុងប្រទេសប៉ាគីស្ថាន៕