ភេវរកម្មប៊ូស្តុន៖ រក​មិន​ទាន់​ឃើញ​ជន​សង្ស័យ តែ​រក​ឃើញ​សំណ និង​ដែក​គោល

ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) បានផ្សាយជាសាធារណៈ នូវរូបថតបំណែកលោហធាតុ ខ្ទាតចេញពីឆ្នាំង​មាន​គម្របមួយ​ ដែលទំនងជាត្រូវបានភេវរជនប្រើប្រាស់ ក្នុងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិត​ទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពីរសៀលថ្ងៃច័ន្ទទី១៥ខែមេសា។ រហូតមកទល់នឹងពេលនេះ ការស៊ើបអង្កេតនៅ​មិនទាន់រកឃើញនរណាម្នាក់ ឬមាននរណាម្នាក់ចេញមកទទួលខុសត្រូវ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មនេះនោះឡើយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) បានផ្សាយជាសាធារណៈ នូវរូបថតបំណែកលោហធាតុ ខ្ទាតចេញពីឆ្នាំង​មាន​គម្របមួយ​ ដែលទំនងជាត្រូវបានភេវរជនប្រើប្រាស់ ក្នុងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិត​ទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពីរសៀលថ្ងៃច័ន្ទទី១៥ខែមេសា។ រហូតមកទល់នឹងពេលនេះ ការស៊ើបអង្កេតនៅ​មិនទាន់រកឃើញនរណាម្នាក់ ឬមាននរណាម្នាក់ចេញមកទទួលខុសត្រូវ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មនេះនោះឡើយ។


ទីកន្លែងកើតហេតុទីមួយ ថតពីលើ។

សម្ភារៈទាំងនេះ ត្រូវបានរកឃើញនៅក្នុងកាបូបស្ពាយនឹងខ្នងមួយ ពណ៌ខ្មៅ ដែលមានថតៗសម្រាប់ដាក់របស់របរផ្សេង​ទៀត។ បើតាមអេហ្វប៊ីអាយ គ្រាប់បែកមួយពីចំណោមគ្រាប់បែកទាំងពីរ ត្រូវបានព័ទ្ធជុំវិញដោយ គ្រាប់ឃ្លីដែកតូចៗ និង ដែកគោល ហើយបានដាក់ក្នុងកាបូបនេះ យកទៅផ្លុងចោលនៅទីនោះ។

កាលពីល្ងាចថ្ងៃអង្គារ អ្នកទទួលខុសត្រូវនៃការស៊ើបអង្កេត លោក រីក ដេសឡូរីយ៉េ (Rick DesLauriers) បានបញ្ជាក់​នៅ​ក្នុងសន្និសិតកាសែតថា «ក្នុងដំណាក់កាលនេះ មិនមានអ្នកប្រកាសចេញមកទទួលខុសត្រូវនៅឡើយ។ រូបរាងនៃ​ជន​សង្ស័យ និងមូលហេតុជម្រុញអោយធ្វើភេវរកម្ម នៅមិនបានកំណត់ ថាយ៉ាងដូចម្ដេចនោះទេ។»


លោហធាតុជាសំណ បង្ហាញដោយអេហ្វប៊ីអាយ។

លោកបានបញ្ជាក់បន្ថែមថា «នៅលើកន្លែងកើតហេតុ យើងបានរកឃើញចម្រៀក ក្រណាត់នីលុងពណ៌ខ្មៅ ដែលអាច​ជា​កាបូបស្ពាយនៅនឹងខ្នង និងកម្ទេចកម្ទីនៃសំណរ និងដែកគោលជាច្រើន ដែលអាចជាគ្រឿងឆ្នៃ នៅក្នុងឆ្នាំងមានគម្រប​មួយ»។ លោកបន្ថែមថា គ្រឿងបំផ្ទុះដែល«មិនសូវមានជំនាញ»បែបនេះ ធ្លាប់បានប្រើជាញ៉យដង នៅក្នុងអំពើភេវរកម្ម​នៅ​អៀរ៉ាក់និងនៅអាហ្វហ្គានីស្ថាន។ មានគ្រឿងប្រដាប់ផ្សេងទៀតជាច្រើន ដែលត្រូវបានរកឃើញ និងប្រមូលទុកដោយ​ភ្នាក់​ងារអ្នកស៊ើបអង្កេត ហើយត្រូវបានផ្ញើរអោយទៅធ្វើកោសលវិច្ឆ័យ នៅក្នុងមន្ទីរពិសោធន៍របស់អេហ្វប៊ីអាយ ក្នុងរដ្ឋវៀជីនី (Virginie)។

អ្នកទទួលខុសត្រូវម្នាក់ទៀត ខាងអាវុធជាតិផ្ទុះនៅទីក្រុងប៊ូស្តុន លោកស្រីជេនេ ម៉ាគេស៍ (Gene Marquez) បានប្រកាស​ដែរថា «វាត្រូវការរយៈពេលយូរទៀត ដើម្បីទទួលបានទិន្នន័យពីការកើតហេតុ»។


សាក់នីឡុង ដែលអេហ្វប៊ីអាយរកឃើញ នៅទីកន្លែងកើតហេតុ។

គ្រប់វីដេអូសុវត្ថិភាព ដែលដាក់នៅក្បែរកន្លែងកើតហេតុ ត្រូវពួកអ្នកស៊ើបអង្កេតប្រមូលយកទៅវិភាគទាំងអស់ ហើយថែម​ទាំងធ្វើការអំពាវនាវទៅបណ្ដាជនដែលមានវីដេអូ ឬរូបថត សុំយកមកប្រគល់ឲ្យពួកគេទៀតផង។ បច្ចុប្បន្ននេះ មនុស្ស​ប្រមាណជា១០០០នាក់បានប្រគល់ខ្សែរវីដេអូ ក្នុងពេលកើតហេតុនោះ មកអោយភ្នាក់ងារនគរបាល។ លោក រីក ដេសឡូរីយ៉េ បានបញ្ជាក់ថា «វាជាការស៊ើបអង្កេត ដែលមានកម្រិតពិភពលោក។ យើងនឹងទៅរហូតដល់ជើងមេឃ ដើម្បី​កំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវ នៃអំពើភេវរកម្មដ៏កំសាកនេះ។»

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...