ចូលឆ្នាំខ្មែរ​នៅ​វត្ត​គូសាលា៖ អវត្តមាន​ល្បែង​ប្រជាប្រិយ តែ​នៅ​មាន​ធុង​បាស​យោង

ពិធីបុណ្យចូលឆ្នាំខ្មែរ ពេលព្រឹកនៅតាមទីវត្តអារាមជាទូទៅមានសុត្រមន្ត បង្សុកូល រាប់បាត្រ វេទេយ្យទានប្រគេន ព្រះសង្ឈ ពូនភ្នំខ្សាច់ជាដើម។ នាពេលរសៀលមានរៀបចំពីធីរលេងល្បែងប្រជាប្រិយដូចជា ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បោះអង្គុញ .....។ល។ តើប្រពៃណីទាំងនេះ នៅមានជាប់រហូតដល់សព្វថ្ងៃទេ? សូមអញ្ជើញទៅតាមដាន​ជា​មួយ​មនោរម្យព័ងអាំងហ្វូ ដែលបានចុះធ្វើបទអង្កេតផ្ទាល់ នៅក្នុងទីវត្តអារាមមួយដ៏ល្បីឈ្មោះ ក្នុងខេត្តកំពង់ចាម។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិធីបុណ្យចូលឆ្នាំខ្មែរ ពេលព្រឹកនៅតាមទីវត្តអារាមជាទូទៅមានសុត្រមន្ត បង្សុកូល រាប់បាត្រ វេទេយ្យទានប្រគេន ព្រះសង្ឈ ពូនភ្នំខ្សាច់ជាដើម។ នាពេលរសៀលមានរៀបចំពីធីរលេងល្បែងប្រជាប្រិយដូចជា ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បោះអង្គុញ .....។ល។ តើប្រពៃណីទាំងនេះ នៅមានជាប់រហូតដល់សព្វថ្ងៃទេ? សូមអញ្ជើញទៅតាមដាន​ជា​មួយ​មនោរម្យព័ងអាំងហ្វូ ដែលបានចុះធ្វើបទអង្កេតផ្ទាល់ នៅក្នុងទីវត្តអារាមមួយដ៏ល្បីឈ្មោះ ក្នុងខេត្តកំពង់ចាម។


ការជួបជុំគ្នា រវាងយុវជនយុវនារី នៅក្នុងវង់រាំ«ធុងបាស» ក្នុងទីធ្លាវត្ត។

យើងធ្វើដំណើរពីក្រុងសួង ឆ្ពោះទៅប៉ែកខាងកើត តាមបណ្តោយផ្លូវជាតិលេខប្រាំពី ប្រហែលជាងដប់គីឡូម៉ែត្រ នឹងបាន​មកដល់ទឹកដីឃុំ«ស្រឡប់»។ នៅចំណុះឲ្យឃុំនេះ មានវត្តចំនួនបី ដែលនៅឆ្ងាយពីគ្នា មិនតិចជាងបួនគីឡូម៉ែត្រឡើយ។ ក្នុងចំណោមវត្តទាំងនោះ មានតែវត្តមួយប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋមកចូលរួម ស្ទើរគ្រប់ទិសទី​ ពីក្នុងខេត្តកំពង់ចាម​ផង និងតាមបណ្តាខេត្តនានាផង។ វត្តនោះមានឈ្មោះថា «វត្តគូសាលា ហៅវត្តខ្នា» ដែលស្ថិតនៅខាងឆ្វេងដៃ តាមផ្លូវ​ក្រាលគ្រួសក្រហម ប្រហែលមួយគីឡូម៉ែត្រ។

ល្បែងប្រជាប្រិយ សឹងតែបាត់រូបរាង ...

វត្ត«គូសាលា» ស្ថិតនៅក្នុងភូមិត្រពាំងពោ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ពេលបុណ្យចូលឆ្នាំខ្មែរម្តងៗ វត្តនេះ​ជាវត្តគំរូ ក្នុងការរៀបចំឲ្យមានលេងល្បែងប្រជាប្រិយជាច្រើន ដូចជាចោលឈូង លាក់កន្សែង ទាញព្រាត់ បោះអង្គុញ វាយក្អម ឡើងសរសរខ្លាញ់ជាដើម។ តែគួឲ្យសោកស្តាយល្បែងប្រជាប្រិយទាំងនេះ បានបាត់រូបរាងស្ទើអស់​ទាំងស្រុង​ទៅហើយ ក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ ដោយនៅសល់តែល្បែង«វាយក្អម» និង«ឡើងសរសរខ្លាញ់»តែប៉ុណ្ណោះ។

លោកតា អ៊ុច នាង ជាប្រជាពលរដ្ឋ បានរៀបរាប់ថា តាំងពីមេគណកម្មការវត្តចាស់ ដែលធ្លាប់នាំលេង​ល្បែងប្រជាប្រិយ​ទាំងនេះ បាន«ស្លាប់»បាត់ទៅ គណម្មការវត្តក្រោយ បានរកអ្នកមកជំនួសគាត់ (លោកតាសុន) តែរកមិនបាន។ បញ្ហានេះ​លោកតាបន្តថា មិនដឹងពីមូលហេតុនោះទេ។

ចំណែកឯលោកតា ភិន ភី ជាគណកម្មការវត្តបានពន្យល់ថា មានលោកតាមួយចំនួន គាត់ចេះពីការរៀបចាំ នូវការលេង​ល្បែងប្រជាប្រិយទាំងនេះ តែពួកគាត់ខ្លះឈឺ ខ្លះទៀតកូនមិនឲ្យមក និងមួយចំនួនទៀតគាត់មិនព្រមធ្វើ។ គណកម្មការ​វត្តរូបនេះបន្តថា ដោយរកមិនបាន លោកតាបានរៀបចាំលេងតែល្បែង«វាយក្អម» និង«ឡើងសរសរខ្លាញ់»ប៉ុណ្ណោះ។ តែល្បែងទាំងពីរ នេះលេងបានមិនដល់មួយម៉ោងនោះទេ ព្រោះក្មេងៗមិនសូវចូលចិត្ត។

លោកតាបញ្ជាក់ថា តែសម្រាប់ឆ្នាំនេះ ល្បែងទាំងពីរប្រភេទនេះ ក៏មិនត្រូវបានរៀបចំលេងដែរ មានតែការ «ចាក់ធុងបាស ឬ តន្ត្រីសម័យ (ជួលតាមថវិការបស់វត្ត)» ដើម្បី«រាំ»កំសាន្តតាមការសំណូមពរ របស់ពុទ្ធបរិស័ទចំណុះជើងវត្ត។ ជាងបី​ឆ្នាំជាប់ៗគ្នានេះ «ការប្រគុំតន្ត្រីសម័យមានរយៈពេលប្រាំពីរថ្ងៃ តែឆ្នាំនេះគិតថាយកតែបីថ្ងៃ។ ប្រជាពលរដ្ឋសុំប្រាំថ្ងៃ ខាង​វត្តមិនទាន់សម្រេចទេ ចាំមើលតាមស្ថានការជាក់ស្តែង ព្រោះកន្លងទៅមានការវាយតប់គ្នាច្រើន។ ឆ្នាំនេះលេងតែ​ពេល​ថ្ងៃទេ ចាប់ពីម៉ោងមួយដល់ម៉ោងប្រាំមួយល្ងាច ដោយមានចាត់កម្លាំងសន្តិសុខជិតដប់នាក់ នៅការពារផង។ ពេលយប់​ពិបាកការពារណាស់ ជាពិសេសតាមផ្លូវចេញពីវត្ត។»

ក្នុងខួបកំណើតជាងមួយរយឆ្នាំ នៃវត្តគូសាលា មានប្រជាពលរដ្ឋមកលេងកំសាន្តក្នុងឆ្នាំនេះ មិនតិចជាងប្រាំរយ​នាក់​នោះ​ទេ។ នាប៉ែកឥសាន នៃវិហារថ្មីសង់ក្នុងឆ្នាំ១៩៨២ លើឃឿនចាស់ ចំងាយជាងម្ភៃម៉ែត្រ ក្រោមដើមចន្ទ័គីរី (ដើមអំពិល​ទឹក​បារាំង) និងដើមជ្រៃដែលមានអាយុជាងសែសិបឆ្នាំ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ជិតពីរ​រយ​នាក់កំពុងរាំ តាមចង្វាក់ភ្លេង។

តន្រ្តីសម័យ កំពុងប្រគុំឡើងតាមចង្វាក់«ហ្គាំណាំស្តាយ» លាយឡំជាមួយ​នឹងការ«លេងប៉ាតម្សៅ»​របស់ក្រុម​យុវវ័យ​ក្នុង​វង់ មើលទៅកំពុងតែសម្បាយរីករាយ គ្មានក្តីកង្វល់អ្វីឡើយ។

សក់ និងមុខសរដោយម្សៅ ដៃ ជើងនិងខ្លួនអង្រួនតាមចង្វាក់ភ្លេង ប្អូនប្រុស សុភាព បាននិយាយថា ប្អូនមកពីទីក្រុង​សួង។ មកមានគ្នាប្រាំនាក់ ម៉ូតូពីរគ្រឿង ដើម្បីចូលរួមរាំលេងកំសាន្ត សប្បាយ។ «នៅវត្តនេះមានមនុស្សច្រើនមកលេង ខ្ញុំក៏មកលេងដែរទៅ។ មកបានបីឆ្នាំជាប់ៗគ្នាហើយ។ ខ្ញុំលេងបានសប្បាយណាស់ មិនដែលមានជំលោះ​ជាមួយអ្នក​ដ៏ទៃទេ។» ប្អូនបន្តថា ពីមុនធ្លាប់លេងល្បែងប្រជាប្រិយដែរ តែប្អូនមិនសូវចូលចិត្តលេងទេ ព្រោះមិនសូវមានចំណាប់​អារម្មណ៍ ណាមួយមិនសូវសប្បាយផង។

ក្នុងសម្លៀកបំពាក់ខោខៅប៊យខៀវ អាវស្លាទុំ ដៃកាន់កំប៉ុងម្សៅ ហើយកំពុងរត់ចេញពីវង់រាំ ក្នុងចំណោមគ្នាបីនាក់ គេច​ពី​ការប៉ាតម្សៅ ប្អូនស្រី ម៉ាក់ ស៊ីនីន បាននិយាយថា ការរាំលេងកំសាន្ត មិនមានអ្វីទាស់ខុសនោះទេ សំខាន់ឲ្យតែមាន​ការ​គោរពគ្នាទៅវិញទៅមក។ ប្អូនស្រីបន្តថា ឯការលេងប៉ាតម្សៅ វាហាក់ដូចជាខុសនឹងប្រពៃណីបន្តិច ព្រោះភាគច្រើន​បុរសៗ បានយកឱកាសនេះមកប៉ះពាល់ «ស្ទាប»អង្អែលថ្ពាល់ជាដើម។ «សម្រាប់ខ្ញុំមិនជាប្រកាន់ទេ ក្នុងឱកាសនេះ ហើយវាក៏មិនជាធ្ងន់ធ្ងរអ្វីដែរ ព្រោះមួយឆ្នាំមានម្តង។ គ្រឿងមានតម្លៃ ខ្ញុំមិនបានពាក់ជាប់ខ្លួនទេ។»

ប្អូនស្រីស៊ីនីនបន្តថា «ខ្ញុំចូលចិត្ត និងស្រលាញ់ល្បែងប្រជាប្រិយខ្មែរណាស់ តែគ្មានកន្លែងណាមួយនាំលេងទេ ក្រៅពី​ការរាំលេងកំសាន្តនោះ។ កាលនៅតូច វត្តនេះ មាននាំលេង នូវល្បែងទាំងប្រជាប្រិយដែរ តែឥឡូវមិនឃើញមាននាំ​លេងទេ មិនដឹងមកពីអ្វី?»

«កូនៗជំនាក់ក្រោយ នឹងមិនបានស្គាល់នូវល្បែង ...»

«ឆេវ ឆេវ ឆេវ» បងស្រី សុភក្រ័ កំពុងគ្រវីខ្លាញ់ ចាក់«នំគ្រក់» បាននិយាយថា ឲ្យតែឱកាសចូលឆ្នាំខ្មែរ វត្តនេះមាន​មនុស្ស​ច្រើន ជាងវត្តណាៗទាំងអស់។ សូម្បីតែវត្តព្រៃនគរ ក៏មិនមានមនុស្សស្មើរដែរ ទោះបីវត្តនោះមានប្រាសាទ​បុរាណ​ក៏​ដោយ។ បងស្រីបន្ថែមថា គាត់តែងតែមកលក់រៀងរាល់ឆ្នាំ មិនដែលខានទេ ព្រោះមានមនុសុ្សច្រើន ឆ្នាំខ្លះមិនទាំងលក់​គ្រាន់ផង។ ឆ្នាំនេះមានមនុស្សមកចូលរួម តិចជាងឆ្នាំទៅ តែទោះជាយ៉ាងនេះក្តី ក៏បងស្រីមិនព្រួយ ក្នុងការលក់មិនអស់​នោះដែរ។

ទាក់ទងនឹងការលេងល្បែងប្រជាប្រិយ បងស្រីបន្តថា ទើបតែប៉ុន្មានឆ្នាំនេះទេ ដែលមិនមានរៀបចំលេង។ ប៉ុន្មានឆ្នាំមុន ឃើញមានលេងច្រើនដូចជាចោលឈូង បោះអង្គុញ វាយក្អមជាដើម។ បងស្រីបន្តថា ក្រោយពីមានស្វាម៉ី និងកូនពីរមក មិនដែលបានចូលរួមលេងនឹងគេទេ ណាមួយជាប់រវល់លក់ដូរផង និងមើលកូនផង។

អង្គុយលើម៉ូតូ ទាំងទឹកមុខញញឹម មើលទៅកូនស្រីដែលកំពុងតែរាំលេង និងមានការបាតម្សៅពីក្រុមយុវជននោះ អុំស្រី ចាន់ថា និយាយថា មិនមានការខឹងអ្វីនោះទេ ក្មេងៗលេងសប្បាយ ឲ្យវាលេងទៅ។ ជាឱកាសមួយកម្រនឹងបាន​លេង​ណាស់ សប្បាយទាន់ខ្លួននៅក្មេង មិនមានអ្វីអាក្រក់ទេ សប្បាយច្រើនអារម្មណ៍ជ្រះថ្លា ចម្រើនអាយុ សុខភាពល្អ។ អុំស្រី​បន្តថា «ដូចជំនាក់អុំអញ្ចឹង ម៉ែឪហាមឃាត់ មិនសូវបានដើរលេងទេ។ ចូលឆ្នាំម្តងៗ មិនដែលបានសប្បាយនឹងគេទេ។ ដល់ពេលចង់លេងសប្បាយ វាហួសវ័យទៅហើយ ណាមួយកំលាំងក៏ថមថយទៀត។» អុំស្រីបញ្ជាក់ថា គួរឲ្យស្តាយ ដោយមិនមានការលេងល្បែងប្រជាប្រិយ ។ ការអវត្តមាននេះ អាចនាំឲ្យមានការបាត់បង់ ជាពិសេសកូនៗជំនាក់ក្រោយ នឹងមិនបានស្គាល់នូវល្បែងទាំងនោះ។

ប្រជាពលរដ្ឋដែលបានចូលរួមកំសាន្ត នៅទីនោះបានលើកឡើងថា ការកំសាន្តសប្បាយ ជាមួយនឹងការរាំលេង​តាម​តន្ត្រី​សម័យនោះ វាជាការមួយល្អហើយ និងក៏គ្មានអ្វីទាស់ខុសដែរ។ តែអ្វីដែលគួរឲ្យយកចិត្តទុកដាក់នោះ ជាការរក្សាឲ្យបាន​នូវល្បែងប្រពៃណី ក្នុងឱកាសចូលឆ្នាំខ្មែរ ពិសេសនៅតាមភូមិ ស្រុកតែម្តង។ ត្រូវតែរៀបចំ ទោះគ្មានការចូលរួម ពីយុវវ័យ​មួយចំនួនក៏ដោយ ក៏មានអ្នកផ្សេងទៀត គេចង់ស្គាល់ ចង់ដឹងដែរ។ ទាំងនេះអាស្រ័យនឹងការចាត់ចែង និងរៀបចំរបស់​គណកម្មការវត្តទេ ការរៀបចំល្អ មិនខ្វះទេ អ្នកមកចូលរួមលេងនោះ។

ពាក់ពន្ធ័នឹងបញ្ហានេះ ព្រះចៅអធិការវត្តមិនអាចសុំការបំភ្លឺបានទេ ដោយព្រះអង្គជាប់រវល់ និងប្រគល់ទួនាទីនេះទៅ​គណកម្មការវត្ត។ លោកតា ភិន ភី បានបញ្ជាក់ថា ការមិនមានរៀបចំ ឲ្យលេងល្បែងប្រជាប្រិយនេះ មិនមែនថាបោះបង់​ចោលមិនឲ្យមាននោះឡើយ។ ការអាក់ខាននេះ គ្រាន់តែមួយរយៈប៉ុណ្ណោះ ហើយបច្ចុប្បន្ន កំពុងស្វែងរកអ្នកចេះដឹង ដើម្បីដឹងនាំលេងល្បែងប្រជាប្រិយខ្មែរ នៅឆ្នាំក្រោយៗទៀត៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៦ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...