អាមេរិក៖ ដូនចាស់វ័យ៨៤ឆ្នាំ ចង់«ជួលឃាតករ»ឲ្យសម្លាប់រដ្ឋអាជ្ញា
នៅទីនោះ «មានវ័យចំណាស់» មិនមានន័យថា ត្រូវទៅវត្តអារាម ភាវនាធម៌ធ្វើចិត្តអោយស្ងប់នោះទេ។ ស្ត្រីវ័យចំណាស់ មកពីរដ្ឋតិចសាសម្នាក់នេះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ពីបទបានលួចលុយ អ្នកគ្មានក្រដាសស្នាមមួយរូប ហើយគាត់មានបំណងចង់ស្វែងរក«ឃាតករ» ដើម្បីសម្លាប់រដ្ឋអាជ្ញាម្នាក់ និងធ្វើអោយរបួសម្នាក់ទៀត។
រូបថតដូនចាស់ ដូរ៉ូធី នៅលើកញ្ចក់ទូរទស្សនអេប៊ីស៊ី។
តើកម្មវត្ថុរបស់ស្ត្រីចំណាស់អាយុ៨៤ឆ្នាំ ឈ្មោះ ដូរ៉ូធី ខេនហ្វៀល (Dorothy Canfield) រូបនេះ ជាអ្វីទៅ? «រំខានដំណើរការស៊ើបអង្កេត ប្រឆាំងនឹងរូបគាត់ ដោយប្រើយុទ្ធវិធី យ៉ាងអាក្រក់ និងហឹង្សាជាទីបំផុត» នេះជាការប្រកាស របស់លោករដ្ឋអាជ្ញាដែលដូនចាស់ប៉ងសម្លាប់រូបនោះ ដកស្រង់សម្ដីដោយទូរទស្សន៍អាមេរិក អេប៊ីស៊ី (ABC)។ កម្មវត្ថុនៃបទឧក្រិដ្ឋនេះ បានកើតឡើងទៀត ខណៈពេលដែលរដ្ឋអាជ្ញាចំនួនពីររូបត្រូវបានគេលួចសម្លាប់ កាលពីប៉ុន្មានខែមុននេះ ដោយក្នុងនោះ មានម្នាក់ត្រូវបានគេសម្លាប់ជាមួយនឹងភរិយា។
៥០០០ដុល្លាដើម្បីសម្លាប់
គម្រោងការរបស់ដូរ៉ូធី ខេនហ្វៀល ដែលចង់ស្វែងរក«ឃាតករ» បានផ្សាយទៅចំមនុស្សខុស ដោយអ្នកទទួលបានព័ត៌មាន«ហួសហេតុ»នេះ បានអោយដំណឹងទៅអាជ្ញាធរនៃរដ្ឋតិចសាស។ ភ្នាក់ងារស៊ើបអង្កេតម្នាក់ បានចូលទៅជួបស្ត្រីជាប់ចោទជា«ចោរ»រូបនេះ ដល់ក្នុងពន្ធនាគារ ក្នុងនាមជា«ឃាតករ»បន្លំកាយ។ ដូនចាស់ បានអោយថ្លៃទៅ«ឃាតករក្លែងក្លាយ» ៥០០០ដុល្លា (៣៨០០អ៊ឺរ៉ូ) ដើម្បីសម្លាប់រដ្ឋអាជ្ញាមួយរូប។ ស្ត្រីចំណាស់រូបនេះ បានបន្ថែមអោយ ចំនួន២៥០០ដុល្លាថែមទៀត បើសិនជាឃាតករ អាចធ្វើអោយរបួសរដ្ឋអាជ្ញាម្នាក់ទៀត ឬក៏ធ្វើយ៉ាងណា អោយរដ្ឋអាជ្ញារូបនោះ ចូល«គេង»ពេទ្យ រវាងពី២ទៅ៣សប្ដាហ៍។
បណ្ដាញទូរទស្សន៍បានផ្សាយការថតសម្លេងរវាងដូនចាស់ ជាមួយនឹង ភា្នក់ងារស៊ើបអង្កេត ហើយគេបានលឺភ្នាក់ងារបញ្ជាក់ទៅស្ត្រីជាប់ចោទរូបនេះ យ៉ាងច្បាស់ថា ស្ថានភាពនឹងអាចក្លាយជាធ្ងន់ធ្ងរ នៅក្រោយពេលឃាតកម្មនេះរួច។ តែដូនចាស់ឆ្លើយមកវិញ យ៉ាងព្រងើយថា «ខ្ញុំដឹងហើយ។ ខ្ញុំចាំតែអញ្ចឹងទេតើ។»
ភ្នាក់ងារសម្ងាត់ បានធ្វើការងារ«បន្លំកាយ» របស់ខ្លួន រហូតដល់ទីបញ្ចប់ ដោយក្រោយមក បានយករូបថតជាច្រើនសន្លឹក ស្ដីពីឃាតកម្មលើលោករដ្ឋអាជ្ញា យកទៅបង្ហាញដូនចាស់ដល់ក្នុងពន្ធនាគារដដែល និងនិយាយប្រាប់គាត់ពីអ្វី ដែលគាត់បានបញ្ជាអោយធ្វើ។ តែផ្ទុយទៅវិញ នៅចំពោះការសាកសួររបស់ភ្នាក់ងារមានសមត្ថកិច្ច នៅថ្ងៃច័ន្ទទី១៥ខែមេសា ស្ត្រីជាប់ចោទចំណាស់៨៤ឆ្នាំ បានទទួលស្គាល់ពីគម្រោងការរបស់គាត់ និងមិនបានបង្ហាញពីការស្ដាយក្រោយ ឬវិប្បដិសារីអ្វីសូម្បីបន្តិចឡើយ៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ