កម្ពុជា៖ សាលា​ឧទ្ទរណ៍​បដិសេធ ការ​សុំ​នៅ​ក្រៅ​ឃុំ - ស៊ូប៊ើឌី ជួប ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ

សាលាឧទ្ទរណ៍ នៅថ្ងៃសុក្រទី ១៤ធ្នូនេះ បានបដិសេធសំណើរបស់មេធាវីការពារក្ដីលោកម៉ម សូណង់ដូ មិនដោះលែងលោក​អោយ​នៅក្រៅឃុំ ជាបណ្ដោះអាសន្ន បើទោះជាមានលក្ខខ័ណ្ឌជាច្រើន ក្នុងនោះមានភ្ជាប់ជាមួយ នឹងស្ថានភាពសុខភាពចុះខ្សោយ របស់​លោកយ៉ាងណាក៏ដោយ។ សាលក្រមរបស់សាលាឧទ្ទរណ៍ បានធ្លាក់ចុះមកពីរថ្ងៃក្រោយ ពេលដែលអ្នករាយការណ៍ពិសេស របស់​អង្គការសហប្រជាជាតិ បានចូលជួបលោកម៉ម សូណង់ដូ ក្នុងពន្ធនាគារ។
Loading...
  • ដោយ: កេសរ កូល ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: December 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់ប្រព័ន្ធយុត្តិធម៌ខ្មែរ លោក ម៉ម សូណង់ដូ ជាប់ទោស២០ឆ្នាំ ជាឧក្រិដ្ឋជន ក្នុងបទមានបំណងបង្កើតក្រុមប្រដាប់អាវុធ ចង់​ផ្ដាច់ទឹកដី បង្កើតតំបន់​អប្បគមន៍។ តែសម្រាប់អង្គការលើកលែងទោសអន្តរជាតិ ដែលទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស លោកម៉ម សូណង់ដូ ជាអ្នកទោសមនសិការ ដែលបានធ្វើការតស៊ូមតិ សម្រាប់អោយមានសិទ្ធិសេរីភាពជាទូទៅមួយ ជូនដល់​ប្រជាពលរដ្ឋកម្ពុជា។

លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី (Surya P. Subedi) បានជួបលោកម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ កាលពីថ្ងៃទី១២ធ្នូ ក្នុងពន្ធនាគារ ព្រៃសរ ស្ថិតនៅខាងក្រៅរាជធានីភ្នំពេញ នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ យ៉ាងយឺតយ៉ាវ នៃប្រព័ន្ធយុត្តិធម៌ខ្មែរ។ នេះជាសេចក្ដី​រាយការណ៍អោយដឹង ក្នុងអត្ថបទមួយរបស់ កាសែតក្នុងស្រុកឈ្មោះ ភ្នំពេញប៉ុស្ដ៍។ លោក ស៊ូប៊ើឌី បានពន្យល់ ថាលោកបានជួប​ជាមួយនឹង សកម្មជនអ្នកតស៊ួមតិ ចំណាស់៧១ឆ្នាំរូបនេះ ក្នុងគោលបំណង នាំយកមកអោយ នូវការគាំទ្ររបស់លោក និងចង់ដឹង​បន្ថែមពីស្ថានភាព នៅក្នុងពន្ធធាគារ និងដំណើរឈានទៅមុខ នៃការប្ដឹងឧទ្ទរណ៍របស់គាត់។ ប៉ុន្តែ លោក ស៊ូប៊ើឌី បដិសេធមិន​និយាយពី កិច្ចសន្ទនាឯកជនរបស់លោក ជាមួយនឹងអ្នកទោសប្រឆាំងមតិរូបនេះ យ៉ាងដូចម្ដេចឡើយ តែបានបង្ហើបនិយាយ​ប្រាប់​អ្នកកាសែតថា «លោកម៉ម សូណង់ដូ នៅមានទឹកចិត្តនៅឡើយ»។

ការចូលជួបនេះ នៅមុនតែពីរថ្ងៃប៉ុណ្ណោះ ក្នុងគ្រាដែលសាវនាការឧទ្ទរណ៍ សុំអោយនៅក្រៅឃុំ​ជាបណ្ដោះអាសន្ន មានលក្ខខ័ណ្ឌ​របស់លោកម៉ម សូណង់ដូ ត្រូវបានបដិសេធ ដោយសាលាឧទ្ទរណ៍ មិនអនុញ្ញាតិដោះលែងលោក ទៅតាមការស្នើសុំរបស់​មេធាវី​របស់លោកនោះ។ ការ​បដិសេធ​នេះ គឺ​សំអាង​ថា ដើម្បី​រក្សា​សន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​កម្ពុជា។ នៅថ្ងៃសុក្រ ទី១៤ធ្នូនេះដដែល មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងភាព«អស់សង្ឃឹមជាខ្លាំង» នឹងការ​កាត់​សេចក្ដីរបស់ តុលាការសាលាឧទ្ទរណ៍។ ស្រង់សម្ដីដោយវិទ្យុអាស៊ីសេរី លោក អ៊ូ វីរះ ប្រធានមជ្ឈមណ្ឌល​នេះ បាននិយាយបរិហា ពីករណីលោកម៉ម សូណង់ដូ ជារឿងនយោបាយ យ៉ាងដូច្នេះថា «ការ​ចាប់​លោក ម៉ម សូណង់ដូ គឺ​ជា​រឿង​នយោបាយ ការ​ដោះ​លែង​ឲ្យ​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព ឬ​មួយ​ក៏​អត់ គឺ​ជា​ការ​សម្រេច​ចិត្ត​នយោបាយ។»

ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌ខ្មែរ ដែលចេញសាលក្រម លើលោក ម៉ម សូណង់ដូនេះ អ្នករាយការណ៍ពិសេសលោក ស៊ូប៊ើឌី  បាន​បញ្ជាក់ថា «ការដាក់ទោសទៅលើគាត់ បន្តធ្វើអោយខ្ញុំអួលអាក់ជាទីបំផុត។ ខ្ញុំត្រូវធ្វើអន្តរាគមន៍ ដើម្បីជាប្រយោជន៍ដល់គាត់ ហើយ​ខ្ញុំនឹងបន្តពិនិត្យមើល យ៉ងដិតដល់លើករណីរបស់គាត់ ក៏ដូចជាលើករណីផ្សេងៗទៀត ដែលធ្វើអោយខ្ញុំព្រួយបារម្ភដែរ។»

សូមអានអត្ថបទ របស់មនោរម្យព័ងអាំងហ្វូ ជុំវិញករណី របស់ប្រធានវិទ្យុសម្បុកឃ្មុំ លោកម៉ម សូណង់ដូ ដោយចុចលើទីនេះ

គួរបញ្ជាក់ថា ក្នុងដំណើរមកកាន់កម្ពុជា កាលពីថ្ងៃទី១៩វិច្ឆិកា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានជួបនិយាយ ជាមួយ​នាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុន សែន លើករណីលោកម៉ម សូណង់ដូ តែរហូតមកទល់នឹងថ្ងៃនេះ រដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរ ថានេះជាឯករាជ្យភាពរបស់តុលាការ ដែលគ្មាននរណាម្នាក់អាចលូកដៃបានឡើយ។ លោកខៀវ កញារឹទ្ធិ អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា និងជារដ្ឋមន្ត្រីក្រសួង​ពត៌មាន នៅ​ព្រឹក​ថ្ងៃទី​៧ខែវិច្ឆិកាឆ្នាំ​២០១២ ធ្លាប់បានប្រាប់​ក្រុម​សារ​ព័ត៌មានថា សហរដ្ឋអាមេរិក មិនមែន​ជា«​ចៅហ្វាយ​»កម្ពុជា​ទេ ហើយបារ៉ាក់ អូ​បា​ម៉ា​ ក៏មិនមែន«ចៅហ្វាយ» ហ៊ុន សែនដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...