កម្ពុជា៖ សារាចរណ៍កម្រិតហាងអាំងធើណែត និងគម្រាមសេរីភាពពត៌មានវិទ្យា
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: December 14, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារាចរណ៍ថ្មីមួយ ចេញពីក្រសួងប្រៃសនីយ៍ និងទូរគមនាគមកម្ពុជា អាចជាគ្រោះថ្នាក់ដល់ហាងលក់អាំងធើណែត និងគម្រាមដល់សេរីភាព នៃការទទួលពត៌មាន និងការបញ្ចេញមតិ។
ហាងនានានៅទីក្រុងភ្នំពេញ ដែលផ្ដល់សេវាកម្មអាំងធើណែត។
សារាចរណ៍ដែលបានចេញផ្សាយ នៅថ្ងៃពុធទី១២ធ្នូ កន្លងមកនេះ និងចុះហត្ថលេខាដោយលោក សូ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានដាក់ចុះមកសំដៅហាមឃាត់ ហាងសេវាអាំងធើណែត ដែលមានចម្ងាយតិចជាង ៥០០ម៉ែត្រពីសាលារៀន។ បន្ទាប់មកទៀត ក្នុងអត្ថបទនោះដដែល ក៏បានហាមឃាត់ដែរ ទៅគ្រប់យុវជនដែលមានអាយុតិចជាង១៨នាក់ ដើម្បីប្រយុទ្ធប្រឆាំងទល់នឹង «ភេវរកម្ម ឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងភាពអាសអាភាស»។ ក្នុងចំណោមការឃាមឃាត់ ដែលមាននៅក្នុងសារាចរណ៍នោះ ក៏មានផងដែរ ការចូលទៅប្រព្រឹត្តិល្បែង លើគេហទំព័រណា ដែលមានប្រើប្រាស់ទឹកប្រាក់ ការចូលទៅទស្សនាគេហទំព័រដែលលក់ថ្នាំ (ញៀន?) និងគេហទំព័រដែលគម្រាមដល់សន្តិសុខជាតិ និងប្រពៃណីជាតិ។
គេហទំព័រមួយឈ្មោះ អៀបាន វ៉័ស ខេប៊ូឌៀ (Urban Voice Cambodia) នៅក្នុងញតិរបស់ខ្លួនដើម្បី «សង្គ្រោះហាងអាំងធើណែត» បានលើកឡើងថា «ការដាក់បទបញ្ជាចុះមកនេះ មានទិសដៅ ចង់បិទហាងអាំងធើណែតជាច្រើន ដែលមានទីតាំងនៅកណ្ដាលទីក្រុងភ្នំពេញ និងកម្រិតសិទ្ធិសេរីភាព នៃការចូលទៅក្នុងបណ្ដាញអាំងធើណែត របស់បណ្ដាជនខ្មែរ ដែលគ្មានម៉ាស៊ីនកំព្យូទ័រផ្ទាល់ខ្លួន»។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) រួមជាមួយអង្គការអ្នកយកពត៌មានគ្មានព្រំដែន (RSF) បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ សម្ដែងការព្រួយបារម្ភ ពីសិទ្ធិសេរីភាពស្ដីពីពត៌មាន តាមបណ្ដាញអាំងធើណែតនៅកម្ពុជា។ លោក គ្រឹស្តូហ្វ៍ ដឺល័រ (Christophe Deloire) អគ្គលេខានៃ អង្គការអ្នកសារពត៌មានគ្មានព្រំដែន និងលោក ប៉ា ងួនទៀង (Pa Nguon Teang) នាយក នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បាននិយាយរួមគ្នាថា «អវត្តមាននៃនិយមន័យ ស្ដីពីគេហទំព័រកំសាន្ដ ល្បែង ឬពាក្យថា ប្រពៃណី បានទុកអោយមានការបកស្រាយ យ៉ាងទូលាយ ពីលើសេចក្ដីសម្រេចចិត្តនោះ ប្រសិនបើសារាចរណ៍នេះត្រូវគេយកមកអនុវត្តន៍។ វាជាជំហ៊ានដំបូងមួយ ដែលនឹងឈានជាបណ្ដើរ ទៅត្រួតពិនិត្យ និងបំបិតសិទ្ធសេរីភាពទាំងស្រុង នៅលើបណ្ដាញពត៌មានវិទ្យា នៅកម្ពុជា។»
អង្គការជាតិ និងអន្តជាតិទាំងពីរ បានបន្ថែមថា «ជាសារាចរណ៍មួយ ដែលមានបំណងចង់ ដាក់កំហិតទៅលើប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់បណ្ដាញអាំងធើណែត។ យើងបានឃើញរួចហើយ ពីអ្វីដែលបានកើតឡើង នៅក្នុងប្រទេសជិតខាងរបស់កម្ពុជា ដូចជាវៀតណាម និងភូមាពីមុននេះជាដើម ហើយយើងមានការខ្វាយខ្វល់ ពីបញ្ហាដែលរដ្ឋាភិបាលកម្ពុជា ធ្វើមិនដឹងមិនលឺពីកាតព្វកិច្ចរបស់ខ្លួន ស្ដីពីសិទ្ធិមនុស្ស នៅចំពោះសហគមជាតិ និងអន្តរជាតិ។»
«យើងលើកទឹកចិត្ត ដល់អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អោយសិក្សាកាន់តែលំអិត ពីស្ថានភាពទាំងនេះ ក្នុងពេលស្នាក់នៅរបស់លោកនៅកម្ពុជា។» អង្គការទាំងពីរ បានបញ្ជាក់បន្ថែម។
មនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកវិភាគ លើសារាចរណ៍នេះឡើងវិញ ក្នុងអត្ថបទក្រោយរបស់ខ្លួន៕
-------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ