«ពាក្យ“បាក់ធ្មេញ គល់ឫស្សី ឬ មឈូស” ជាភាសាសាមញ្ញ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ សីហា ២០១៧
- កែប្រែចុងក្រោយ: August 10, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសំដី ដែលបានកើតឡើង ប្រតិកម្មទៅនឹងការប្រើប្រាស់ភាសា ដ៏«គ្រីតគ្រាត» របស់មេដឹកនាំខ្មែរជាច្រើននាក់ រាបតាំងពីមន្ត្រីរដ្ឋាភិបាល រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបានលោក ផៃ ស៊ីផាន ព្យាយាមជួយទប់ និងជួយបកស្រាយមកវិញថា វាគ្រាន់តែជាការប្រើប្រាស់«ភាសាសាមញ្ញ»ធម្មតាប៉ុណ្ណោះ។ មន្ត្រីអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានរំលឹកគេឯង ឲ្យយល់ថា៖ «ពាក្យទាំងអស់នេះ ប្រជាពលរដ្ឋខ្មែរប្រើ ក្នុងកិច្ចព្រមានរំលឹកប្រាប់ជាទូទៅ និងសាមញ្ញបំផុត (Slang Language)»។
សម្រាប់ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួនវិញ បានចាត់ទុកការពន្យល់របស់លោក ផៃ ស៊ីផាន ថាជាការមិនអាចទទួលយកបានទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានព្យាយាមបកស្រាយសំដីរបស់មេដឹកនាំខ្មែរ ដែលលើកឡើងដោយប្រើពាក្យ «វ៉ៃបាក់ធ្មេញ» «វាយក្បាលម៉ាគល់ឫស្សី» និង«ឲ្យត្រៀមក្ដាមឈូស»ជាដើមនោះ នៅក្នុងសំណេរដ៏វែងអន្លាយរបស់លោក នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ។ លោក ផៃ ស៊ីផាន ដែលទំនងជាយល់ ភាសា«អង់គ្លេស» ច្រើនជាងភាសាខ្មែរនោះ បានយកពាក្យ«អង់គ្លេស»មួយចំនួន មកពន្យល់បញ្ជាក់ នៅក្នុងនោះផង។
ដូចជានៅត្រង់ឃ្លាដំបូង លោកបានសរសេរថា អ្នកមាននិន្នាការមិនស្របនឹងរដ្ឋាភិបាល ក៏ដូចជាអ្នក«តាំងខ្លួនអង្គឯង» ជាអ្នកវិភាគនយោបាយ ដែលមានចរិតតតាំង ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកពាក្យប៉ុន្មានម៉ាត់ខាងលើនេះ មក«បំភ្លៃ»ចេញពីន័យ និងបំណងដើម ហើយ«កែឆ្នៃ លាបពណ៌» ធ្វើឲ្យសាធារណជនយល់ច្រឡំថា ការប្រើប្រាស់ពាក្យទាំងនោះ ដែលធ្វើឲ្យមាន«ការភិតភ័យ» ដោយភ្ជាប់មកជាមួយ នូវពាក្យអង់គ្លេសមួយម៉ាត់ នៅក្បែរនោះថា «Threat»។
លោកបន្តថា៖ «(ការយល់ច្រឡំ)នោះ រាប់ទាំង មន្ត្រីអង្គការសហប្រជាជាតិ ក៏យល់ខុស វង្វេង តាមអ្នកបកប្រែ ដែលមាននិន្នាការ នៃបណ្តាអ្នកសារព័ត៌មានតតាំងមួយចំនួន “Bias Reporters” ផងដែរនោះ គឺរឹតតែបង្កើត ឲ្យមានស្ថានការណ៍អាក្រក់ ដែលអាចចាត់ទុកថាជាយុទ្ធនាការ ធ្វើអោយមតិសាធារណៈមើលឃើញកម្ពុជាអាក្រក់»។
លោក ផៃ ស៊ីផាន បានរៀបរាប់ថា៖ «សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាឥស្សរៈជនជាន់ខ្ពស់ ដែលលោកបានលើកឡើង នូវពាក្យទាំងនោះជា សាធារណៈ គឺមិនមានគោលដៅ នៃបំណងបំភិតបំភ័យ អ្នកណាម្នាក់នោះឡើយ អាស្រ័យដោយឥរិយាបថ និងការពិសោធន៍ របស់ឥស្សរៈជនទាំងនោះ ជាអ្នកលះបង់ រំដោះ និងការពារជីវិត របស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ អោយមានជីវិតរស់រាន រហូតមកដល់បច្ចុប្បន្ននេះ គឺផ្ទុយ និងខុសគ្នាស្រឡះ ពីសកម្មភាព និងការប្រើប្រាស់ពាក្យពេចន៍ របស់បនប្រល័យ ប៉ុល ពត»។
មន្ត្រីអ្នកនាំពាក្យ បានសរសេរពន្យល់ថា៖ «ការប្រើប្រាស់ពាក្យរបស់ឥស្សរៈ ជនដូចជា “បាក់ធ្មេញ” “គល់ឫស្សី” ឬ “មឈូស” ជាដើមនោះ គឺជាភាសាសាមញ្ញតែប៉ុណ្ណោះ ដែលប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់គ្រប់ស្រទាប់ នៃជីវិត ដែលមិនគួរបំភ្លៃ ញុះញង់ ចោទប្រកាន់នោះទេ។ ពាក្យទាំងអស់នេះ ជាពាក្យសាមញ្ញ ក្នុងកិច្ច “ព្រមាន” ប្រាប់ ឬរំលឹក អោយដឹងជាមុន ក្នុងកិច្ចបញ្ជៀស នៅក្នុងការប្រព្រឹត្តល្មើស ដែលស្មើនឹងពាក្យអង់គ្លេស “ Warning”។ ត្បិតរឿងដែលត្រូវតែលើកឡើង រំឭកខានពុំនោះ គឺវាមានសកម្មភាពបានប្រព្រឹត្តល្មើសកាលពីមុន ហើយក៏មិនអនុញ្ញាតអោយមានករណីនេះច្រំដែលទៀតបានឡើយ។ ហេតុដូចនេះ ពាក្យដែលបានប្រើប្រាស់ទាំងអស់នោះ គឺពុំមានន័យ ឬបំណង ក្នុងការបំភិតបំភ័យនោះឡើយ ដែលស្របនិងពាក្យអង់គ្លេស ថា “Threat”។»។
តែការព្យាយាមបកស្រាយ របស់លោក ផៃ ស៊ីផាន មិនទទួលបានការយល់ស្រប ពីសំណាក់ក្រុមអ្នកតាមដាន វិភាគស្ថានការណ៍នយោបាយខ្មែរ និងសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ មួយចំនួនឡើយ។ លោក អ៊ូ វីរៈ ដែលគេស្គាល់ថា ជាអ្នកវិភាគនយោបាយដ៏ល្បីមួយរូបនោះ បានលើកឡើងយ៉ាងខ្លីទៅវិញថា៖ «វាមិនដែល។ ចេះនិយាយទៅរួច។»។
ខណៈលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាងហ្វាងការផ្សាយ របស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) និងជាអតីតសាស្ត្រចារ្យមួយរូបនោះ បានលើកឡើងយ៉ាងខ្លីដែរថា៖ «មិនសមទេ។ ខ្មែរ ជាពូជពង្សមានអរិយធម៌ខ្ពង់ខ្ពស់ណាស់។»។
អ្នកស្រុកហៅ«ភាសាពាល»
អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលបានចេញមករស់នៅក្នុងប្រទេសបារាំង តាំងពីច្រើនឆ្នាំមកហើយ បានពន្យល់ករណីនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា ពិតហើយថា ពាក្យទាំងនេះ ជាភាសាខ្មែរ។ តែវាជា«ភាសាសាមញ្ញ» (ហៅម្យ៉ាងទៀត ជា«គ្រាមភាសា») ឬយ៉ាងណានោះ គេគប្បីមើលពីបម្រើបម្រាស់ របស់ពាក្យទាំងនេះ នៅក្នុងប្រយោគ ដែលលើកឡើង។
អ្នកស្រីបានលើកមកបញ្ជាក់ នូវឧទាហរណ៍ចំនួនពីរ។ ទីមួយ៖ «តាចាស់ម្នាក់នេះ កំពុងត្រៀមក្ដាមឈូស ដើម្បីដាក់ខ្លួនគាត់ហើយ ព្រោះគាត់ដូចជាដឹងខ្លួនមុន (...)» នេះ ជា«គ្រាមភាសា»។ ខណៈឧទាហរណ៍ទីពីរ៖ «ហ្អែងហ៊ានប្រឆាំងអញ ហ្អែងត្រៀមក្ដាមឈូសទៅ កម្លាំងទ័ពអញមាន គ្រាប់កាំភ្លើងអញមាន ឬនិយាយថា ហ្អែងហ៊ានប្រឆាំងកង់ប្រវត្តិសាស្ត្រ ហ្អែងត្រៀមក្បាល ម៉ាគល់ឫស្សី ឲ្យហើយទៅ» នេះ ជាភាសាមួយ ដែលអ្នកស្រុកហៅថា ជាភាសា«ពាល»។
អ្នកស្រីថា តែដោយអស់លោកទាំងនោះ សុទ្ធសឹងជាថ្នាក់ដឹកនាំនយោបាយ គេមិនហៅថា«ពាល»ទេ ព្រោះអាចនឹងធ្វើឲ្យ «ច្រឡោត» កាន់តែខ្លាំង។ តែគេគ្រាន់តែនិយាយ តាមបែបការទូតថា ជា«ការគម្រាមកំហែង» ឬជាការ«បំភិតបំភ័យ»។
ប្រតិកម្មតបទៅលោក ផៃ ស៊ីផាន ខ្លាំងជាងគេ លោក ប៉ាង សុខឿន ដែលជាម្ចាស់ទំព័រហ្វេសប៊ុក «សុវណ្ណភូមិខ្មែរ» ដ៏ល្បី បានសរសរឡើងថា៖ «បើធ្វើដល់ថ្នាក់ជាឥស្សរជន និយាយពាក្យនឹង ថារឿងសាមញ្ញទៅហើយ នោះក៏មានន័យថា ពួកគេសំលាប់មនុស្ស ក៏ជារឿងសាមញ្ញរបស់ពួកគេដែរ! ដោយឡែក ពួកយើងជារាស្រ្តសូមបន្តប្រើសេចក្តីថ្លៃថ្នូរតទៅទៀត ព្រោះយើងគ្មានឋានៈ គ្មានបុណ្យស័ក្តិ និងក៏មិនត្រូវការពួកឥស្សរជនសាមញ្ញក្បាលគល់ប្ញស្សី ត្បូងចប...ទាំងអស់ហ្នឹងដែរ!»៕