ហ៊ុន សែន ព្រលះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​រិះគន់​លោក ជុំ​វិញ​វិបត្តិ​ដី​ធ្លី

មិនមែនជាលើកដំបូង ហើយក៏នឹងមិនមែនជាលើកចុងក្រោយដែរ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលះដោយសម្ដីខ្លាំងៗ ប្រតិកម្មទៅនឹងមន្ត្រីអង្គការសង្គមស៊ីវិល ដែលបានរិះគន់លោកថា មិនទទួលខុសត្រូវជុំវិញបញ្ហាវិបត្តិដីធ្លី នៅក្នុងប្រទេសកម្ពុជា។ វិបត្តិដីធ្លី ដែលបានធ្វើឲ្យពលរដ្ឋរងគ្រោះជាច្រើន បានឡើងមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការតវ៉ាទាមទារ ឲ្យមានដំណោះស្រាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 30, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាថ្មីកាលពីថ្ងៃទី២១ ខែសីហាម្សិលម៉ិញនេះ ក្នុងពិធីចែក​សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយ«ព្រមាន»ធ្ងន់ៗមិនចំពោះ សំដៅទៅកាន់អង្គការ​សង្គមស៊ីវិលទាំងនោះ ថាត្រូវចេះរៀបចំឥរិយាបថឲ្យបានសមរម្យ មុននឹងនិយាយ។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី បន្ទាប់ពីការថ្លែងរបស់លោក កាលថ្ងៃទី១៨ ខែសីហា សប្តាហ៍មុន  បន្ទោស​មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមិនបានបញ្ជូនញត្តិប្រជាពលរដ្ឋ មានទំនាស់ដីធ្លីទៅមកឲ្យដល់ដៃ​របស់លោក។ ក្នុងឱកាសនោះ លោកក៏បានចេញបញ្ជាសារជាថ្មីមួយ ឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋជាបន្ទាន់។

បើទោះជាការលើកឡើងទាំងឡាយខាងលើ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានរងនូវការរិះគន់ផង និង​គាំទ្រ​ផងពីបណ្តាសង្គមស៊ីវិលមួយចំនួនធំៗ នោះក៏ដោយ តែសង្គមស៊ីវិលទាំងនោះ នៅមិនទាន់មានជំនឿ​ជឿ​ជាក់ទាំងស្រុង ពីចំណាត់ការរឿងដីធ្លី តាមបទបញ្ជា«ថ្មី»នេះនៅឡើយ។ ពួកគេទាំងនោះ បានលើកឡើងថា លោក ហ៊ុន សែន ដូចជាគ្មានការទទួលខុសត្រូវ ពីករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃ  ដែលមិនមែនទើបនឹងកើតពី​ម្សិល​ម៉ិញ​នោះឡើយ។ ប្រជាពលរដ្ឋរងគ្រោះ បានឡើងមកតវ៉ាជាច្រើនដង និងខ្លះទៀតបានដាក់ញត្តិដល់​ស្ថាប័ន​កំពូលៗរបស់ជាតិ រួមទាំងខុទ្ទកាល័យផ្ទាល់របស់លោកទៀត តែផ្ទុយទៅវិញនាយករដ្ឋមន្រ្តីមួយទាំងមូល ទើបតែដឹងថា ប្រជាពលរដ្ឋខ្លួនមានរឿង«វិវាទដីធ្លី»?

នៅចំពោះការិះគន់ខាងលើ លោក ហ៊ុន សែន បានបញ្ចេញនូវប្រតិកម្មជាថ្មីកាលពីថ្ងៃទី២១ ខែសីហា​ម្សិល​ម៉ិញនេះ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយ«ព្រមាន»​ធ្ងន់ៗ​មិន​ចំពោះ សំដៅទៅកាន់អង្គការសង្គមស៊ីវិលទាំងនោះ ថាត្រូវចេះរៀបចំឥរិយាបថឲ្យបានសមរម្យ មុននឹង​និយាយ។

លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា កាលើកឡើងខាងលើរបស់ក្រុមសង្គមស៊ីវិល ជាការប្រមាថដល់រូប​លោកជាអ្នកដឹកនាំ ហើយដែលបានរំដោះប្រទេសជាតិ ពីរបប«ខ្មែរក្រហម« ដែលអាចនាំឲ្យសង្គមស៊ីវិល ដើរធ្វើសកម្មភាពនៅទូទាំងប្រទេសបាននៅពេលនេះ។ លោក ហ៊ុន សែន ថ្លែងប្រតិកម្មថា៖ «ដល់ពេលគេ​និយាយទៅ ថាគេហ្នឹងនិយាយអសុរោះណាស់។ តែអ្នកដែលជេរ ហ៊ុន សែន រាល់ថ្ងៃ គឺពាក្យអសុរោះហ្នឹង វាហួសនឹងអសុរោះ ហើយសុទ្ធតែក្រុមលោកឯងហ្នឹង។ (...) ពួកក្រយៅលោកឯងនេះ ខ្ញុំស្គាល់ពេកហើយ។ ហេ! ចុះលោក ហ៊ុន សែន ទៅប្រកាន់អីក្មេង? អាក្មេងពាល ដាក់វាម្តង ពាលនោះមិនព្រមបាត់ពាល។ អានេះ អាងខ្លួនវា ធ្វើការអង្គការក្រៅរដ្ឋាភិបាល។ ប្រយ័ត្ន! សូមឲ្យយកចិត្តទុកដាក់ គោរពគ្នាទៅវិញទៅមកផង។ ហើយបើលោកឯងមិនច្បាស់ទេ មុននឹងនិយាយ លោកឯងគ្រលាស់អណ្តាត ឲ្យបាន៥០០០ដងទៅ។ ស្គាល់​ប្រវត្តិហ៊ុន សែន ច្បាស់ទេ?»

យ៉ាងនេះក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែប្រកាស់ជាសាធារណៈទៀតថា លោកមិនមែនមិនដឹង​រឿងរ៉ាវ តាំងពីដើមនោះទេ គឺគ្រាន់តែមិនដឹង រឿងនាដំណាក់កាលចុងក្រោយនេះប៉ុណ្ណោះ។ «និយាយ​ឲ្យ​លោកឯងភ្លឺភ្នែកតិច ខ្ញុំនិយាយអាដំណាក់កាលចុងក្រោយ គ្មាននរណាគេរាយការណ៍ឲ្យខ្ញុំ អារឿងហ្នឹង។ (...) ខេត្តមិនទទួលខុសត្រូវ រុញប្រជាពលរដ្ឋមកដល់ភ្នំពេញ។ (...) កុំព្រហើនពេក អានេះអាងមានវីអូអេ (VOA) ហ្វ្រីអេស៊ីយ៉ា (RFA) អញមានទូរទស្សន៍វើយ ...វាព្រហើនពេក។»

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ត្រូវបានគេដឹងថា ទំនងជាបានបាញ់ឆ្ពោះទៅលោក នី ចរិយា មន្ត្រី​សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ដែលលោកបាននិយាយ តាមវិទ្យុសំឡេងសហរដ្ឋអាមេរិក ក្រោយថ្ងៃទី១៨ ខែសីហា។ នៅក្នុងកិច្ចអន្តរាគមន៍តាមវិទ្យុសម្លេងអាមេរិក ផ្សាយជាខេមរភាសា មន្ត្រីសិទ្ធិ​មនុស្សបានបង្ហាញនូវការហួសចិត្ត ពេលដែលលោកនាយករដ្ឋមន្ត្រី មានការ«ភ្ញាក់ផ្អើល» រឿងវិវាទដីធ្លី​ប្រជា​ពលរដ្ឋ។ ពិសេសនៅពេលដែលពួកគាត់ ឡើងមកតវ៉ាដល់មុខផ្ទះគាត់ (ហ៊ុន សែន) តែម្តង។ ពេល​នោះ​លោក នី ចរិយា ក៏បង្ហាញពីចំងល់របស់ខ្លួនថា តើលោកនាយករដ្ឋមន្ត្រី នឹងចាត់វិធានការយ៉ាងម៉េច នៅ​ពេល​ដឹងពីបញ្ហាដីធ្លីនេះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...