កម្ពុជា៖ លោក​ហ៊ុន សែន ថា​មិន​បាន​«គ្រប» លើ​តុលាការ​ខ្មែរ​ក្រហម​ទេ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានច្រានចោលនៅថ្ងៃអង្គារទី១៩ខែមិនា ពីការចោទប្រកាន់ទាំងឡាយ ដែលថា លោកជាអ្នកទទួលខុសត្រូវ ធ្វើអោយយឺតដល់ដំណើរការក្ដី នៅក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ការថ្លែងនេះ បានធ្វើឡើងមួយសប្ដាហ៍ក្រោយ បន្ទាប់ពីការស្លាប់ របស់អតីតរដ្ឋមន្ត្រីការបរទេស នៃកម្ពុជាប្រជាធិបតេយ្យ លោក​អៀង សារី កាលពីសប្ដាហ៍មុន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានច្រានចោលនៅថ្ងៃអង្គារទី១៩ខែមិនា ពីការចោទប្រកាន់ទាំងឡាយ ដែលថា លោកជាអ្នកទទួលខុសត្រូវ ធ្វើអោយយឺតដល់ដំណើរការក្ដី នៅក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ការថ្លែងនេះ បានធ្វើឡើងមួយសប្ដាហ៍ក្រោយ បន្ទាប់ពីការស្លាប់ របស់អតីតរដ្ឋមន្ត្រីការបរទេស នៃកម្ពុជាប្រជាធិបតេយ្យ លោក​អៀង សារី កាលពីសប្ដាហ៍មុន។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

«អំណាច នៅពេញដៃរបស់តុលាការ។ បើនិតិវិធីវាពន្យឺត ឬធ្វើអោយលឿន វាជារឿងរបស់តុលាការ មិនមែនខ្ញុំទេ» បុរស​ខ្លាំងរបស់ប្រទេសកម្ពុជា បាននិយាយយ៉ាងដូច្នេះ ហើយចាក់ផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

សេចក្ដីអំពាវនាវ បានចេញមកជាបន្តបន្ទាប់ ដើម្បីសុំអោយសវនាការ ធ្វើដំណើរការអោយបានឆាប់រហ័សជាងមុន បន្ទាប់​ពីមរណភាពរបស់ អៀង សារី អាយុ៨៧ឆ្នាំ ជាអតីតប្រមុខការទូត របស់របបប៉ុលពត ដែលត្រូវជាប់ចោទ ពីបទប្រល័យ​ពូជសាសន៍ បទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ការចាកលោក របស់បងធំទីបីនៃរបបខ្មែរក្រហម កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន បានរំលឹកទៅដល់សាលាក្ដីកូនកាត់ អោយពន្លឿនល្បឿនសវនាការ និងរាល់និតិវិធីទាំងឡាយ។ តាំងពីបានបង្កើតឡើងនៅឆ្នាំ២០០៦មក សាលាក្ដីចេញ​សាល​ក្រមបានតែមួយគត់ ដែលសម្រេចផ្ដន្ទាទោសលើអតីតមេគុកទួលស្លែង កាំ ហ្គេចអៀវ ហៅឌុច អោយជាប់​ពន្ធនាគារ​​អស់​មួយជីវិត កាលពីខែកុម្ភះកន្លងមក។

ចាប់ពីថ្ងៃនេះតទៅ អតីតមេដឹកនាំខ្មែរក្រហម ដែលត្រូវប្រឈមមុខ នឹងតុលាការដែលបង្កើតឡើង ដោយសារកិច្ច​ព្រម​ព្រៀង រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិនេះ មាននៅសល់តែពីនាក់ប៉ុណ្ណោះ៖ អតីតប្រមុខរដ្ឋលោក ខៀវ សំផង អាយុ៨១ឆ្នាំ និងបងធំទី២ អតីតមេ​មនោគម​វិជ្ជា លោក នួន ជា អាយុ៨៦ឆ្នាំ។ សម្រាប់ជនរងគ្រោះ និងគ្រួសារជន​រងគ្រោះ វាជាការខកចិត្តមួយយ៉ាងធំ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយ របស់អាមេរិក (Human Rights Watch) បាននិយាយថា លោក ហ៊ុន សែន បាន«ធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីដាក់ការងាររបស់សាលាក្ដី ទៅក្នុងភាពជាប់គាំង»។ កាលពីដើមខែមិនានេះ សវនាការមួយចំនួន​របស់​សាលាក្ដី ត្រូវបានផ្អាក និង​លើកពេល ដោយសារតែកូដកម្មមិនចូលធ្វើការ របស់បុគ្គលិកអ្នកបកប្រែភាសា ខណៈពេល​ដែលបុគ្គលិកជាតិខ្មែរទាំង២៧០នាក់ មិនទាន់ទទួលបានប្រាក់ខែនៅឡើយ រាប់តាំងពីខែវិច្ឆិការមកនោះ។

អ្នកសង្កេតការណ៍បរទេសមួយរូប ក្នុងលក្ខខ័ណ្ឌ​មិនបញ្ចេញ​ឈ្មោះ បាននិយាយថា​ «ភាពរអាក់រអួល នៃដំណើរការ​របស់​សាលាក្ដី មានទំនាក់ទំនងនឹងសកម្មភាពគ្មានថាមពល» របស់​រដ្ឋាភិបាល ដែលរងការរិះគន់ ថា«មិនបានធ្វើអ្វីទាំងអស់» ដើម្បីសង្គ្រោះសាលាក្ដី។

តែរាល់ការរិះគន់ទាំងនេះ ត្រូវបានលោកហ៊ុន សែនមិនទទួលយក ហើយបានអះអាង ពីការ«ចូលរួមព្រួយបារម្ភ»របស់​លោកដូចគ្នា ជាមួយ​សហគមអន្តជាតិ។ លោកពន្យល់ថា «រឿងទីមួយ វាខ្វះថវិកា និងរឿងទីពីរ គឺជនជាប់ចោទ សុទ្ធតែ​ចាស់ៗ ណាស់​ទៅហើយ»។

សពលោក អៀង សារី នឹង​ត្រូវបូជានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ខាងមុខនេះ ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ផ្ទះ និង«តំបន់តស៊ូ»ចុងក្រោយ របស់លោក ក្នុងនាម​ជាមេដឹកនាំចលនាទ័ពព្រៃខ្មែរក្រហម។

ចំណែកឯជនរងគ្រោះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីសង្ឃឹមរបស់ពួកគាត់ ក្នុងការរកយុត្តិធម៌មកអោយខ្លួន មានកាន់តែតិច​ទៅៗ។ រវាងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ នៃការកាន់អំណាចរបស់កម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាប្រមាណជា ជិត​២លាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះអត់ឃ្លាន ទារុណកម្ម និងនយោបាយកម្ទេចខ្មាំងរបស់របបនេះ។ អ្នក​ដែលបានរួចរស់មានជីវិត សុទ្ធតែបានរងគ្រោះ នឹងការព្រាត់និរាសគ្រួសារ បាត់បងទ្រព្យសម្បត្តិ និងមានវិបត្តិផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...