មតិ​ពលរដ្ឋ​ប៉ែក​ពាយព្យ​ប្រទេស ជុំ​វិញ​ការ​ស្លាប់​របស់ អៀង សារី

ប្រជាពលរដ្ឋខ្មែរជាទូទៅ ដែលរស់នៅប៉ែកពាយព្យនៃប្រទេសកម្ពុជា ពុំបានដឹងពីការស្លាប់ របស់លោក អៀង សារី នោះទេ។ ប៉ុន្តែពលរដ្ឋមួយចំនួន ដែលដឹង ក៏បានបញ្ចេញមតិទាក់ទងនឹងភាពយុត្តិធម៌ ថា«មិនទាន់កើតមាន សម្រាប់ជនរងគ្រោះ ស្លាប់ជិតពីរលាននាក់ នៅក្នុងរបប ដែលលោកគ្រប់គ្រងនោះទេ»។ ពួកគាត់បានគិតថាការស្លាប់នេះ ជាផ្នែកមួយធ្វើឲ្យបាត់ នូវ«ភស្តុតាង»ដ៏សំខាន់ ក្នុងការស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះក្នុងរបបអាវខ្មៅមួយនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋខ្មែរជាទូទៅ នៅតំបន់ប៉ែកពាយព្យនៃប្រទេសកម្ពុជា ពុំបានដឹងពីការស្លាប់ របស់លោក អៀង សារី នោះទេ។ ប៉ុន្តែពលរដ្ឋមួយចំនួន ដែលដឹង បានបញ្ចេញមតិទាក់ទងនឹងភាពយុត្តិធម៌ ថា«មិនទាន់មាន» សម្រាប់ជនរងគ្រោះស្លាប់​ជិត​ពីរលាននាក់ នៅក្នុងរបប ដែលលោកគ្រប់គ្រងនោះនៅឡើយ។ ពួកគាត់បានគិតថាការស្លាប់នេះ ជាផ្នែកមួយធ្វើឲ្យបាត់ នូវ«ភស្តុតាង»ដ៏សំខាន់ ក្នុងការស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះក្នុងរបបអាវខ្មៅមួយនេះ។


លោកអៀង សារី។

ក្នុងដំណើរទៅធ្វើបទយកការណ៍ នៅក្នុងតំបន់នេះ អ្នកសារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានធ្វើសម្ភាសតាមផ្លូវ ជា​ហូរហែរ ដើម្បីចង់ដឹងពីប្រតិកម្មរបស់ពលរដ្ឋខ្មែរ ជុំវិញមរណភាពរបស់អតីត លោកអៀង សារី ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការបរទេស នៃកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

មរណភាព និងកេរ្តិ៍ឈ្មោះ ក្នុងនាមអ្នកដឹកនាំមួយរូប

អ្នកស្រី សុ ម៉ាវត្តី អាយុ ៤២ឆ្នាំ អ្នកលក់ភេសជ្ជៈ ស្រុកអូជ្រៅ បាននិយយាយថា អ្នកស្រីមិនបានដឹងពីការស្លាប់នេះទេ ជាប់​រវល់លក់ដូរ។ អ្នកស្រីក៏បានបាត់បង់ឪពុកម្តាយ ក្នុងរបបប៉ុលពតនេះដែរ «ខ្ញុំរស់នៅបាន ដោយសាឪពុកធំចឹញ្ចិមបីបាច់»។ អ្នកស្រីដកដង្ហើមធំ រួចបន្តថា នេះជាការវិវឌ្ឍន៍របស់សង្គម ជាបញ្ហាអ្នកដឹកនាំនយោបាយ សុខឬទុក្ខ អាស្រ័យលើ​មេដឹក​នាំ។ អ្នកស្រីបានបញ្ចេញ នូវគំនិតរិះគន់មួយចំនួនថា ក្នុងនាមជាមេដឹកនាំនាសម័យនោះ ទោះបីយ៉ាងណា គាត់ត្រូវតែ​មាន​ការទទួលខុសត្រូវខ្ពស់ មុននឹងគាត់ស្លាប់។ សោកស្តាយដែលគាត់ស្លាប់ ទាំងមិនទាន់បានសម្រេចសេចក្តី រឿង«សម្លាប់​សាសន៍ឯងផង»។ តែទោះជាយ៉ាងនេះក្តី គាត់ស្លាប់ទៅ នាំទាំង«កេរ្តិ៍ឈ្មោះអាក្រក់»ទៅជាមួយ។

លោកគ្រូម្នាក់នៃវិទ្យាល័យមួយក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ លោក វីរៈ ប៊ុត លើកឡើងថា លោកក៏មានឪពុក​បាន​ស្លាប់ក្នុងសម័យនោះ ដោយការអត់ឃ្លាន ហូបមិនគ្រប់ ធ្វើការធ្ងន់ ឈឺគ្មានថ្នាំព្យាបាលដែរ។ លោកបន្តថា «ចំពោះ​ការ​ស្លាប់នេះ បានធ្វើឲ្យមានការបាត់បង់នូវសាក្សី និងភស្តុតាង ព្រោះគាត់ជាអ្នកដឹកនាំនាសម័យនោះគាត់ដឹង។ វាអយុត្តិធម៌​ចំពោះរាស្រ្តហើយ និយាយរួមអយុត្តិធម៌ចំពោះប្រជាជន។ គ្មានសកលលោកណា ដែលជាតិឯងសម្លាប់ជាតិសាសន៍ឯង នោះមិនទាន់មានទេ ទើបមានតែខ្មែរមួយ ដែលមាននយោបាយសម្លាប់ជាតិឯង។»

លោកយាយ ម៉ែន សារី ក្នុងព្រះជន្ម៧០ឆ្នាំ ជាប្រជាពលរដ្ឋ ស្រុកសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ បាននិយាយថា លោកយាយមានកំហឹងចំពោះសម័យនោះ ដែលធ្វើឲ្យលោកយាយព្រាត់ប្រាស់ប្តី បងប្អូន និងកូន។ លោកយាយបន្តថា គំនុំចេះតែមាន ក្នុងនាមលោកយាយជាប្រជារាស្រ្តធម្មតា មិនអាចធ្វើអ្វីកើតនោះទេ។ ម្យ៉ាងទៀតជីវិតត្រូវតែអស់ មនុស្ស​មួយៗ កាលណាមានកំហុសប៉ុណ្ណា ដល់ពេលគាត់ស្លាប់ចេះតែស្តាយ ធ្វើម៉េចបើគាត់ត្រូវអស់អាយុហើយ។ មិនទាន់កាត់​ទោសផងគាត់ ស្លាប់មុនអញ្ចឹង ក៏«ស្រួល»គាត់ដែរ។

រីឯលោក សុធារ៉ា ដែលកំពុងដឹកអ្នកដំណើរ ឆ្ពោះទៅភោជនីយដ្ឋានស្ទឹងសែន បាននិយាយាថា ការស្លាប់របស់លោកនេះ បាននាំទៅជាមួយ«នូវភស្តុតាងដ៏សំខាន់» ក្នុងការផ្តល់នូវ«យុត្តិធម៌»សម្រាប់ជនរងគ្រោះ ដែលមានឪពុក ម្តាយ បងប្អូន បានស្លាប់នាជំនាន់នោះ។ «ពិបាននឹងរកសាក្សីណា ដែលជាក់លាក់ជាងនេះ មកបង្ហាញណាស់»។

«មេខ្លោងធំ» ដែលជា«អ្នកបញ្ជាពិតប្រាកដ»

ប្រជាជនដែលស្គាល់លោកអៀង សារីច្បាស់ និងធ្លាប់រស់នៅ ក្នុងតំបន់ដែលខ្មែរក្រហមកាន់កាប់ នៅតែសម្ដែងនូវ​ការ​គោរពស្រឡាញ់ អតីតមេដឹកនាំខ្មែរក្រហមរូបនេះ ដោយបានចាត់ទុកលោក ជាអ្នកបានចូលរួមចំណែក ក្នុងការការពារ​បូរណភាព​ទឹកដី និងកសាងសង្គមជាតិស្អាតស្អំ។ តែពលរដ្ឋជាទូទៅ បាននិយាយថា លោក អៀង សារី គួរតែមានជីវិត​បន្តទៀត ទើប​ប្រសើរ ដើម្បីបង្ហាញនូវភាពយុត្តិធម៌ ដល់ជនរងគ្រោះជិតពីរលាននាក់ ដែលបានស្លាប់នៅក្រោម​ការ​គ្រប់គ្រង របស់ក្រុម​របស់លោក ពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩នោះ។

លោកតា ជា អន កំពុងតែអង្គុយទទួលទានតែ ក្នុងហាងកាហ្វេរមួយ ដែលមើលទៅ ទំនងជាមន្រ្តីរាជការចូលនិវត្តន៍ម្នាក់។ បុរសចំណាស់អាយុ ៦៨ឆ្នាំរូបនេះ បានរំលឹកអនុស្សាវរីយ៍ឡើងវិញថា ក្នុងសម័យនោះលោកតារស់នៅ មិនពិបាកដូច​អ្នក​ឯទៀតទេ ដោយសារលោកតាជាចុងភៅស្រាប់។ តែលោកតា ក៏មានបងប្អូន និងកូន បានស្លាប់ក្នុងជំនាន់នោះ​អស់ចំនួន​ប្រាំនាក់ដែរ។ ចំពោះលោកតា និងប្រជាពលរដ្ឋដែលមានបងប្អូន ឪពុកម្តាយ ស្លាប់ក្នុងជំនាន់នោះប្រាកដជាមិនសុខចិត្តទេ ព្រោះមិនទាន់បានផ្តល់នូវភាពយុត្តិធ៌ម ជូនពួកគាត់នៅឡើយ។ ជាពិសេស គាត់នៅមិនទាន់បានប្រាប់ពី«មេខ្លោងធំ» ដែលជា«អ្នកបញ្ជាពិតប្រាកដ» ថាមួយណានៅឡើយ។ លោកតាក៏បានសសើរផងដែរថា ក្នុងរបបគ្រប់គ្រង់របស់គាត់ មិន​មានការបាត់បង់ទឹកដីនោះទេ ជាពិសេសក្នុងខេត្តបន្ទាយមានជ័យនេះតែម្តង អ្នកស្រុកម៉ាឡៃ និងអ្នកខេត្តបន្ទាយ​មាន​ជ័យ​ភាគច្រើន គោរពស្រលាញ់គាត់។

ឯយុវនិស្សិតខាងប្រត្តិសាស្រ្តមួយរូប ឈ្មោះ រ៉ាម វាសនា អាយុ២៥ឆ្នាំ ដែលកំពុងអានសៀវភៅនៅមុខផ្ទះ នាខេត្តបន្ទាយ​មានជ័យបាននិយាយថា ប្អូនបានដឹងដំណឹងពីការស្លាប់របស់លោកតា អៀង សារី នេះតាមរយៈបណ្តាញ​ផ្សព្វផ្សាយសង្គម ហ្វេសប៊ុក (Facebook)។ ប្អូនបន្តថា តាមការសិក្សា ប្អូនមិនមានកំហឹងចំពោះលោកតាទេ ព្រោះគាត់ក៏ស្ថិតនៅក្រោម​បង្គាប់​របស់គេដែរ។ «អាចនិយាយថា នៅក្រោមបង្គាប់របស់ បរទេសក៏បាន។ តែថាអ្វីដែលស្តាយនោះ ដោយគាត់មិនបាន​និយាយប្រាប់ ពីប្រវត្តិនៃការដឹកនាំក្នុងសម័យនោះ ព្រោះគាត់បានដឹង បានឮ និងបានឃើញច្រើន ទុកសម្រាប់ជាយាន​យុត្តិធម៌ ក្នុងការសម្រេចសេចក្តី ក្នុងសាលាក្តីខ្មែរក្រហមនៅថ្ងៃខាងមុខ។»

តំបន់តស៊ូចុងក្រោយ ...

លោក អៀង សារី កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩២៥ និងត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០០៧ សម្រាប់​វិនិច្ឆ័យទោស ក្នុងតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ ដែលគេហៅថា អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា ឬ អ.វ.ក.ត។ ទាក់ទងនឹងដំណើរការក្ដី ពលរដ្ឋភាគច្រើនបានគិតថា ការបាត់បង់ជីវិតរបស់បងធំទីបី លោក អៀង សារី ដែលជាសាក្សី និងជាបណ្តុំឯកសារស្រាវជ្រាវដ៏សំខាន់មួយនោះ ទំនងជានឹងមិនប៉ះពាល់ការសម្រេច លើសំណុំរឿង០០២នោះឡើយ។

អតីតប្រមុខការទូត ក្នុងរបបខ្មែរក្រហមរូបនេះ មានកូនបួននាក់ ប្រុសម្នាក់ និងស្រីបីនាក់ រស់នៅក្នុងខេត្តប៉ៃលិន។ កូន​ច្បងស្រីឈ្មោះ អៀង ម៉ិញ កូនទីពីស្រីឈ្មោះ អៀង នាថ កូនទីបីជាប្រុសឈ្មោះ អៀង វុធ និងកូនស្រីពៅឈ្មោះ អៀង រ៉ា។ ឯកូនប្រុសបច្ចុប្បន្ន ជាអភិបាលរងខេត្តប៉ៃលិន។

ក្នុងអាយុ ៨៧ឆ្នាំ លោក អៀង សារី គាត់បានស្លាប់ នៅព្រឹកថ្ងៃទី១៤ ខែមីនា វេលាម៉ោង៨ និង៤៥ នាទី ក្រាយពីបាន​ចូល​សម្រាក ព្យាបាលជំងឺបេះដូងបានដប់ថ្ងៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ សពលោក អឿង សារី នឹង​ត្រូវបូជានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ខាងមុខនេះ ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​ជា​ផ្ទះ និង«តំបន់តស៊ូ»ចុងក្រោយ របស់លោក ក្នុងនាម​ជាមេដឹកនាំចលនាទ័ពព្រៃខ្មែរក្រហម៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...