ឈាមតែមួយ របស់អតីតបងធំទីមួយខ្មែរក្រហម រៀបការនៅម៉ាឡៃ
កូនស្រីតែម្នាក់ របស់អតីតៈមេដឹកនាំខ្មែរក្រហមបងធំទី១ លោក ប៉ុល ពល គឺ កញ្ញា ស ផត្ជតា បានរៀបការនៅថ្ងៃអាទិត្យទី ១៦ ខែមីនានេះ ដោយប្រារព្ធឡើងនៅក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីអតីតៈមន្ត្រីជាន់ខ្ពស់ និងទាហានខ្មែរក្រហមដែលបានធ្វើសមាហរណកម្មជាច្រើននាក់។
អាពាហ៍ពិពាហ៍កូនស្រីតែមួយ របស់ប៉ុល ពត។ (រូបថត ហ្វេសប៊ុក)
ជីវិត - មានអាយុ ២៦ ឆ្នាំ កញ្ញា ស ផត្ជតា គឺជាកូនស្រីតែម្នាក់របស់លោក ប៉ុល ពត អតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម និងជាកូនស្រីច្បងរបស់អ្នកស្រី មាស សោម ដែលបានរៀបការនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ជាមួយលោកប៉ុល ពត បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ ខណៈដែលគាត់បានបន្តដឹកនាំចលនាឧទ្ទាមនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីវាយប្រឆាំងជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ។ ចំនែកអ្នកស្រី ខៀវ ប៉ុណ្ណារី ប្រពន្ធទី១របស់ប៉ុល ពត ពុំមានកូននោះទេ។
លោក ជិន ណែត ដែលបំរើការជាមួយលោក ទេព ឃុនណាល់ អតីតៈអភិបាលស្រុកម៉ាឡៃ និងត្រូវជាឪពុកទី២របស់ កញ្ញា ស ផត្ជតា បានថ្លែងឲ្យដឹងថា ពិធីមង្គលការនេះគឺជាពិធីមង្គលការធំជាងគេ នៅក្នុងស្រុកម៉ាឡៃដែលពុំធ្លាប់មាន ហើយក៏មានភ្ញៀវដែលអតីតៈថ្នាក់ដឹកនាំខ្មែរក្រហម នឹងមកចូលរួមច្រើនផងដែរតាំងពីតាមបណ្តាខេត្ត និងជាពិសេសមន្ត្រីមកពីទីក្រុងភ្នំពេញ។
លោកបានរំលឹកឡើងវិញថា លោកឃុន ណាល់ ដែលជាទីប្រឹក្សារបស់លោកប៉ុល ពត បានដឹកដៃ អ្នកស្រី មាស សោម និងកូនស្រី ស ផត្ជតា មករស់នៅក្នុងតំបន់ម៉ាឡៃនេះនៅក្នុងឆ្នាំ ១៩៩៨ ហើយក៏បានរៀបមង្គលការនៅក្នុងឆ្នាំនោះដែរ បន្ទាប់ពីលោក ប៉ុល ពត បានស្លាប់នៅ ឆ្នាំ១៩៩៨ ដោយសារជំងឺគាំងបេះដូងនៅអន្លង់វែង ជាទីដែលអតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានតុលាការរបស់ពួកខ្មែរក្រហមខ្លួនឯងកាត់ ទោសឲ្យជាប់ឃុំ ក្នុងផ្ទះអស់មួយជីវិត ពីបទថាបានបញ្ជាឲ្យគេសម្លាប់ លោក សុន សេន និងក្រុមគ្រួសារ នៅខែវិច្ឆិកា ឆ្នាំ១៩៩៧។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំមិនបានដឹងរឿងច្បាស់ទេអំពីទំនាក់ទំនងស្នេហារបស់នាង ប៉ុន្តែ ផត្ជតា រៀបការជាមួយមិត្តភក្តិរបស់នាង ដែលបានស្គាល់គ្នានៅពេលដែលនាងបានទៅរៀន នៅប្រទេសម៉ាឡេស៊ី។ ផត្ជតា បាននិយាយថា នាងមិនទៅរស់នៅរឺក៏ធ្វើការនៅឯណានោះទេ គឺនាងនឹងនៅទីនេះ ជួយគ្រប់គ្រងរោងម៉ាស៊ីនកិនស្រូវម្តាយនិងឪពុករបស់នាង»។
លោក ទេព ឃុនណាល់ ដែលជាអតីតៈឯកអគ្គរដ្ឋទូតខ្មែរក្រហម ប្រចាំអង្គការសហប្រជាជាតិក្នុង របប ប៉ុល ពត ហើយក្រោយពីរបបនោះបានរលំ លោកបានបម្រើការជាអភិបាលស្រុកម៉ាឡៃ និងជាឪពុកកូនស្រីនោះបានព្យាយាមបដិសេធពុំធ្វើអត្ថាធិប្បាយនោះទេ ដោយលោកថ្លែងដោយកាយវិការសមរម្យ និងលើកដៃសំពៈថា៖ «ឲ្យខ្ញុំសុំទោស ថ្ងៃនេះគឺជារឿងឯកជនរបស់ខ្ញុំ ខ្ញុំមិនអាចបកស្រាយអីបាននោះទេ»។
អតីតៈជាតំបន់ប្រយុទ្ធក្តៅគគុក រវាងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលក្រុងភ្នំពេញដែលបាន បញ្ចប់សម្លេងស្នូរកាំភ្លើងទាំងស្រុងនៅឆ្នាំ១៩៩៨ នោះ លោក សួង ស៊ីគឿន អតីតប្រធានផ្នែកក្រសួងព័ត៌មាននៃក្រសួងការបរទេសនិងជាអ្នកនាំពាក្យនៃរបបកម្ពុជាប្រជាធិបតេយ្យ និងប្រធានទីភ្នាក់ងារសាព័ត៌មានកម្ពុជា (AKP) បានថ្លែងឲ្យដឹងថា ចំពោះមង្គលការដែលភ្ញៀវច្រើនអញ្ជើញមក នោះគឺកើតពីទឹកចិត្ត ដោយសារតែពលរដ្ឋទាំងអស់នេះគឺជាអ្នកតស៊ូ ធ្លាប់ទទួលរងនូវការលំបាក អត់ឃ្លាន ទើបចងក្រងបានជាសហគមន៍មួយដល់សព្វថ្ងៃ។ លោកបានបញ្ជាក់ដូច្នេះថា៖ «យើងស្រលាញ់គ្នា គោរពគ្នាណាស់ ដូចបងប្អូនគ្រួសារតែមួយ អ្នកណាអត់យើងនាំគ្នាជួយ»។
មេដឹកនាំកំពូលៗដែលនៅរស់ដូចជាលោក នួន ជា និង ខៀវ សំផន កំពុងប្រឈមនឹងការកាត់ក្ដីពីបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយតុលាការកូនកាត់មួយនៅរាជធានីភ្នំពេញ។ តុលាការនឹងប្រកាសសាលក្រមក្នុងដំណាក់កាលដំបូង នៃរឿងក្តីរបស់ពួកគាត់ទាំងពីរ ដែលផ្ដោតទៅលើការជម្លៀសប្រជាជន ទាំងបង្ខំចេញពីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥ នៅក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៦ មីនា ២០១៤