ហ៊ុនសែន ចង់ធ្វើច្បាប់ដាក់អ្នកមិនទទួលស្គាល់ របបប្រល័យពូជសាសន៍
នៅថ្ងៃច័ន្ទទី២៧ខែឧសភានេះ បុរសខ្លាំងរបស់ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីលោកហ៊ុន សែន បានសម្ដែងពីបំណងរបស់លោក ចង់ឲ្យរដ្ឋសភាបង្កើតច្បាប់ ដើម្បីហាមប្រាមអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយពួកខ្មែរក្រហម ហើយបានធ្វើឲ្យប្រជាជនខ្មែរជិត២លាននាក់ស្លាប់ ក្នុងអំឡុងទស្សវត្តន៍ឆ្នាំ៧០។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីសម្ពោធមហាកុដិនៅវត្តលង្កា ក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ លោកហ៊ុន សែនបានលើកឡើងជាអាថ៌ថា «ខ្ញុំគិតថា វាដូចជាភាពបន្ទាន់។ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវ ដល់អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច គួរតែធ្វើច្បាប់មួយដូចនៅ អឺរ៉ុបដែលទាក់ទិននឹងរបបប្រល័យពូជសាសន៍។»
អតីតទាហានខ្មែរក្រហម ដែលបានងើបប្រឆាំងនឹងរបបប៉ុលពតវិញ នៅឆ្នាំ១៩៧៩និងបានក្លាយ ជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥មកនោះ បានរំពឹងថាអត្ថបទច្បាប់ដ៏សំខាន់មួយ គួរត្រូវបានគេធ្វើការសិក្សា ដើម្បីធានាមិនឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហម វិលត្រឡប់មកវិញ។ លោកហ៊ុន សែន បញ្ជាក់ថា «អ្នកឯងថា គ្មានរបបប្រល័យពូជសាសន៍ គឺត្រូវមានទោសយ៉ាងម៉េច»?
ប្រជាជនខ្មែរស្លូតត្រង់ប្រមាណជាជិត២លាននាក់ ត្រូវបានស្លាប់យ៉ាងរង្គាល ដោយរងនូវទារុណកម្ម ជម្ងឺ ហេវហត់អស់កម្លាំង ឬត្រូវបានគេយកទៅកម្ទេចចោល នៅក្រោមរបបខ្មែក្រហមដឹកនាំដោយប៉ុលពត ឬសាឡុតសរ នៅចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩។ របបនេះចង់អនុវត្តន៍ តាមលិទ្ធិកុម្មុយនីសម៉ៅនិយមមួយ រួមបន្ថែមទាំងការលប់បំបាត់ចោលនូវទីក្រុង ប្រាក់ចាយ ការសិក្សាអប់រំ ...។
ការលើកឡើងរបស់លោកហ៊ុន សែន ជាការឆ្លើយតបនឹងពាក្យសម្ដីរបស់លោកកឹម សុខា ដែលបានថ្លែងថាពន្ធនាគារទួលស្លែង ឬមន្ទីស២១ ក្នុងសម័យខ្មែរក្រហម ជា«ពន្ធនាគារសិប្បនិមិត្ត»។ ហ្គាំ ហ្គេចអៀវ ហៅឌុច អ្នកគ្រប់គ្រងពន្ធនាគារនេះនៅក្នុងរបបអាវខ្មៅ ត្រូវបានតុលាការកូនកាត់រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ កាត់ទោសឲ្យជាប់ទោសអស់មួយជីវិតកាលពីពេលថ្មីៗនេះ។ ហើយពន្ធនាគារនេះ ត្រូវបានក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ដ៏សំខាន់ជាងគេ នៅក្រោយការលុកលុយចូលកាន់កាប់ប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ ដើម្បីរំលំបនខ្មែរក្រហមចេញពីអំណាច។
គណបក្សសង្គ្រោះជាតិ បានធ្វើសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ពាក្យសម្ដី និងទស្សនៈរបស់លោកកឹម សុខា ប្រធានស្ដីទីគណបក្ស ស្ដីពីរបបប្រល័យពូជសាសន៍ ត្រូវបានគេដកស្រង់មកធ្វើការកែឆ្នៃ និងបកស្រាយដើម្បីជាការ«បង្ករឿង»នយោបាយ។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ មានសរសេរថា «លោកកឹម សុខា តែងធ្វើការថ្កោលទោសជាចំហរ ទៅលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រោះរូបលោកផ្ទាល់ និងក្រុមគ្រួសារ ក៏ជាជនរងគ្រោះក្នុងរបបខ្មែរក្រហមនោះដែរ»។
ជុំ មី អតីតអ្នកទោសចុងក្រោយនៃមន្ទីរស២១ ដែលបានរួចរស់មានជីវិតពីផែនការកម្ទេចចុងក្រោយរបស់របបនេះ បានវាយតម្លៃពាក្យសម្ដីរបស់លោកកឹមសុខា ថាជាការប្រមាថម៉ាក់ងាយ ទៅដល់ជនរងគ្រោះ ហើយកាលពីថ្ងៃសៅរ៍ បុរសវ័យ៨៣ឆ្នាំរូបនេះ បានតម្រូវឲ្យលោកកឹម សុខា ធ្វើការ«សុំទោស»ជាសាធារណៈ នៅពន្ធនាគារទួលស្លែងដោយផ្ទាល់៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ