ណីម៉ា សម្រេចចិត្តជ្រើសរើសក្រុមដែលខ្លួនស្រលាញ់ ជៀសជាងលុយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិប្រេស៊ីលណីម៉ា (Neymar) បានយល់ព្រមចាកចេញពីក្រុមសាន់តូស (Santos) ទៅកាន់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញបាសេឡូណា (Barcelona) ហើយ។ បើតាមសេចក្តីរាយការណ៏ ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បានឲ្យតម្លៃខ្លួនជិតទ្វេរជាពីរទៅនឹងតម្លៃខ្លួន ដែលក្រុមបាសេឡូណាបានដេញថ្លៃ ប៉ុន្តែណីម៉ានៅតែជ្រើសរើសបាសេឡូណាដដែល។
ម៉េស៊ី (រូបខាងឆ្វេង) និងណីម៉ាខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិប្រេស៊ីល។
កីឡាករវ័យ២១ឆ្នាំ នឹងចុះកិច្ចសន្យារយះពេល៥ឆ្នាំ ជាមួយក្រុមយក្សនៅអេស្ប៉ាញមួយនេះ ហើយគាត់នឹងចុះកិច្ចសន្យានៅថ្ងៃច័ន្ទនេះតែម្តង។
សេចក្តីថ្លែងការណ៏របស់ក្រុមបាសេឡូណា បានថ្លែងថា «ក្រុមបាសេឡូណា និងក្រុមសាន់តូសបានព្រមព្រៀងគ្នាអស់ហើយ ក្នុងការដោះដូរកីឡាករប្រេស៊ីល ណីម៉ា ដាស៊ីលវ៉ា សាន់តូសជូនៀរ (Neymar da Silva Santos Junior)។ ហើយខ្សែប្រយុទ្ធប្រេស៊ីល នឹងចូលរួមជាមួយក្រុមអ្នកមានបុណ្យ ក្នុងរយះពេល៥ឆ្នាំ។»
ណីម៉ា បានសរសេរនៅលើបណ្តាញសង្គមអ៊ីនស្យាក្រាម (Instagram) កាលពីម្សិលមិញថា «ខ្ញុំនៅទីនេះជាមួយមិត្តភក្តិ និងគ្រួសាររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើដំណើរទៅចុះកិច្ចសន្យានៅថ្ងៃច័ន្ទ។ គ្រួសាររបស់ខ្ញុំ និងមិត្តភក្តិរបស់សុទ្ធតែបានដឹង ពីការសម្រេចចិត្តរបស់ខ្ញុំអស់ហើយ។»
ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានបន្តថា «ការលេងជាមួយលីយ៉ូនែល ម៉េស៊ី (Lionel Messi) ជាក្តីសុបិន្តរបស់ខ្ញុំ ហើយពេលនេះខ្ញុំបានដូចបំណងហើយ។ ខ្ញុំពិតជារីករាយខ្លាំងណាស់។ នៅថ្ងៃច័ន្ទខ្ញុំនឹងចុះកិច្ចសន្យាជាមួយក្រុមបាសេឡូណា។»
កិច្ចសន្យារបស់កីឡាករវ័យ២១ឆ្នាំជាមួយនឹងក្រុមសាន់តូស នឹងបញ្ចប់នៅរដូវកាលនេះ ហើយពេលនេះកិច្ចព្រមព្រៀងជាមួយនឹងក្លឹបក៏បានកើតឡើងហើយដែរ។
ណីម៉ា បាននិយាយថា «ខ្ញុំចង់អរគុណដល់អ្នកគាំទ្រក្រុមសាន់តូសទាំងអស់ សម្រាប់ការជួយផ្តល់ជាកម្លាំងចិត្ត កំឡុងពេលដែលខ្ញុំបាននៅទីនេះអស់រយះពេល៩ឆ្នាំ។ អារម្មណ៏របស់ខ្ញុំជាមួយក្លឹប នឹងជាមួយអ្នកគាំទ្រទាំងអស់ នឹងមិនផ្លាស់ប្តូរជារៀងរហូត។»
ណីម៉ា ជាតារាឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលនាពេលបច្ចុប្បន្ន ហើយការចាកចេញនេះ ជាការខកចិត្តយ៉ាងធំធេងសម្រាប់អ្នកគាំទ្រក្រុមសាន់តូស ខណៈដែលពួកគេតែងតែសង្ឃឹមថា កីឡាកររូបនេះ អាចនឹងនៅជាមួយនឹងក្លឹបបន្ត រហូតដល់បាល់ទាត់ពិភពលោកឆ្នាំ២០១៤បញ្ចប់។
ណីម៉ា បានចូលលេងក្នុងឈុតធំក្រុមសាន់តូស នៅវ័យ១៧ឆ្នាំកាលពីឆ្នាំ២០០៩ ហើយចាប់ពីពេលនោះមក ក្រុមសាន់តូសបានទទួលជោគជ័យយ៉ាងធំធេង ដោយបានឈ្នះពានរង្វាន់ក្នុងលីកចំនួន៣លើក និងឈ្នះខាប់ចំនួន១លើកថែមទៀត។
ជាងនោះទៅទៀត ណីម៉ា ក៏ត្រូវបានគេបោះឆ្នោតឲ្យឈ្នះពានរង្វាន់កីឡាករលេងល្អដាច់គេ នៅតំបន់អាមេរិកខាងត្បូងប្រចាំឆ្នាំ និងឈ្នះពានរង្វាន់ជាអ្នកទាត់បាល់បញ្ចូលទីបានល្អជាងគេនៅលើពិភពលោកដែរ។
សេចក្តីថ្លែងការណ៏របស់ក្រុមសាន់តូស ជាចុងក្រោយបានថ្លែងថា «ណីម៉ា អស្ចារ្យជាងវីរបុរសទៅទៀត។ គាត់មិនត្រឹមតែធ្វើបានឥតខ្ចោះ នៅក្នុងក្រុមសាន់តូសតែប៉ុណ្ណោះទេ ពោលគឺគាត់ថែមទាំងតួសំខាន់នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលថែមទៀត។ ក្លឹបសូមជូនពរឲ្យដំណើរផ្សងព្រេងថ្មីដ៏វែងឆ្ងាយរបស់គាត់នេះ ឲ្យទទួលបានតែភាពជោគជ័យ និងមានភាពកក់ក្តៅដូចនៅក្នុងស្រុកកំណើតរបស់គាត់៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ