ណាដាល់ និងស្សារ៉ាប៉ូវ៉ា ត្រៀមការពារដំណែងជើងឯកហ្វ្រិនអូផិន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយតេនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងកីឡាការនី ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) នឹងចាប់ផ្តើមប្រកួតក្នុងកម្មវិធីរ៉ូឡែន ហ្គារ៉ូស (Roland Garros) នៅយប់ថ្ងៃច័ន្ទនេះ ហើយក៏ជាការប្រកួតដើម្បីការពារដំណែងជើងឯករបស់គេដែរ។
ម៉ារៀ ស្សារ៉ាប៉ូវ៉ា មានងារថាជា ម្ចាស់ក្សត្រីតេនីស របស់ពិភពលោក។
ណាដាល់ ដែលជាម្ចាស់ជើងឯក៧សម័យកាល មានកំណត់ត្រាដ៏ល្អឥតខ្ចោះមួយនៅក្នុងទីក្រុងប៉ារីស ដោយគាត់ធ្លាប់ប្រកួត៥២លើក ចាញ់តែ១លើកគត់ ហើយគាត់នឹងត្រូវជួបជាមួយកីឡាករអាឡឺម៉ង់ ដានីញ៉ែល ប្រែន (Daniel Brands) ដែលស្ថិតនៅលេខ៦០ពិភពលោក ហើយកីឡាកររូបនេះ ប្រកួតចុងក្រោយយ៉ាប់យឺនយ៉ាងខ្លាំង ដោយប្រកួត៤លើក ចាញ់ទាំង៤លើក។
ណាដាល់ បានអវត្តមានអស់រយះពេល៧ខែ ដែលធ្វើឲ្យគាត់ខកខានប្រកួតអស់៣កម្មវិធីធំៗ កម្មវិធីអូឡាំពិក (Olympics), យូអេសអូផិន (US Open) និងអូស្ត្រាលីអូផិន (Australian Opens)។ ប៉ុន្តែចាប់តាំងពីការត្រឡប់មកវិញកាលពីខែកុម្ភៈ កីឡាករអេស្ប៉ាញរូបនេះ កាន់តែខ្លាំងជាងមុនទៅទៀត ពោលគឺបានឈ្នះពានរង្វាន់ចំនួន៦កម្មវិធី ក្នុងការប្រកួតផ្តាច់ព្រ័ត្រ៨លើក។
កីឡាករវ័យ២៦ឆ្នាំ បាននិយាយថា «នៅពេលដែលខ្ញុំចូលលេងនៅលើទីលានប្រកួត អារម្មណ៏របស់ខ្ញុំធ្វើយ៉ាងណាឲ្យល្អបំផុត ហើយព្យាយាមលេងដោយការពេញចិត្តគ្រប់កម្មវិធីទាំងអស់។»
ចំណែកឯកីឡាការនី ស្សារ៉ាប៉ូវ៉ា នឹងត្រូវតតាំងជាមួយកីឡាការនីតៃវ៉ាន់ ស្សេ ស្ស៊ូវ៉ៃ (Hsieh Su-Wei) ខណៈដែលកីឡា-ការនីលីណា ដែលជាម្ចាស់ជើងឯកឆ្នាំ២០១១នោះ នឹងត្រូវប៉ះកីឡាការនីអេស្ប៉ាញអាណាបេល ម៉េឌីណា ហ្គារិជ្ជស៏ (Anabel Medina Garrigues)។
តារាឆ្នើមរបស់រុស្ស៊ី ស្សារ៉ាប៉ូវ៉ា បានចាប់ផ្តើមរដូវកាលបានយ៉ាងល្អ ដោយឈ្នះពានរង្វាន់១ នៅក្នុងទីក្រុងស្ទូដហ្គាដ (Stuttgart) ប្រទេសអាឡឺម៉ង់។ ប៉ុន្តែនាងបានប្រកួតចាញ់កីឡាការនី វីលលៀម (Williams) នៅក្នុងទីក្រុមម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ មុនពេលដែលនាងបានបោះបង់ការប្រកួតវគ្គ៨នាក់ចុងក្រោយ នៅទីក្រុងរ៉ូម (Rome) នាប្រទេសអ៊ីតាលី ដោយសារតែបញ្ហាជម្ងឺ។
កីឡាការនីវ័យ២៦ឆ្នាំ បាននិយាយថា «វាមិនងាយស្រួលនោះទេសម្រាប់ខ្ញុំ ដែលត្រូវលេងនៅលើដីឥដ្ឋនោះ ហើយនេះជាហេតុផលដែលខ្ញុំខំហ្វឹកហាត់ជាច្រើនឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំតែងតែមានអារម្មណ៏ថា ខ្ញុំតែងតែទៅជិតដល់វគ្គផ្តាច់ព្រ័ត្រជារៀងរាល់ឆ្នាំដែរ។ ជាងនោះទៅទៀតឆ្នាំមុន ជាឆ្នាំដ៏ល្អបំផុតសម្រាប់ខ្ញុំ ដែលខ្ញុំអាចធ្វើបានល្អគ្រប់បែបយ៉ាង៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ