សម្លាប់កណ្ដុរមួយក្បាល ដូរស្រាប៊ៀរមួយកែវ នៅញ៉ូហ្សេឡេន (vdo)
មើលទៅ លោកវេជ្ជបណ្ឌិត ហ្គារេត ម័រហ្គាន (Gareth Morgan) នឹងធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ដើម្បីសុខភាពជាទូទៅរបស់បណ្ដាជន នៅក្នុងសកលវិទ្យាល័យរបស់លោក ក្នុងនោះរាប់ទាំងសម្លាប់ឲ្យស្រឡះពីមុខ នូវពពួកសត្វកណ្ដុរប្រម៉េះ ដោយលោកបានផ្ដក់ទឹកចិត្តទៅឲ្យពេជឃាត ដែលហានក្លាហ៊ានលើកដៃប្រហារសត្វនេះ នូវស្រាប៊ៀរមួយកែវ។
កណ្ដុរជាប់អង្គប់។ (រូបភាព wikipedia.org)
ពីនេះពីនោះ - បន្ទាប់ពីសត្វឆ្មារ ឥឡូវនេះដល់វេនសត្វកណ្ដុរម្ដង។ ហ្គារេត ម័រហ្គាន ត្រូវបានគេស្គាល់លោក តាំងពីដើមឆ្នាំ២០១៣កន្លងមក នៅក្នុងយុទ្ធនាការសម្លាប់សត្វឆ្មារ នៅក្នុងប្រទេសញ៉ូហ្សេឡេន ដើម្បីសង្គ្រោះសត្វស្លាបប្រភេទ គីវី ដែលត្រូវបានចាត់ទុកជាសម្បត្តិធម្មជាតិដ៏ពិសេស របស់ប្រទេសនេះ ពីការ«បរិភោគ»ជាបង្អែមក្លែមមាត់ របស់សត្វឆ្មារ។ ប៉ុន្តែនៅឆ្នាំ២០១៤នេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហ្គារេត ម័រហ្គាន បានប្រកាសសង្គ្រាមជាថ្មីម្ដងទៀត ប្រឆាំងសត្វកណ្ដុរប្រម៉េះ។
លោកបានជំរុញ ឲ្យក្រុមនិស្សិតដើរស្វែងរកប្រមាញ់សត្វកណ្ដុរទាំងនេះ ដោយសន្យានឹងជូនស្រាប៊ៀរមួយកែវ ជាថ្នូរនឹងកណ្ដុរមួយក្បាលចាប់បាន ទោះស្លាប់ឬក៏រស់ក៏ដោយ។ តែសាស្ត្រាចារ្យ ដែលមាននិន្នាការប្រឆាំងសត្វកណ្ដុររូបនេះ បានថ្លែងថា លោកចង់ឲ្យសត្វដែលនាំមកនោះ គួរតែត្រូវបានសម្លាប់រួចហើយ។
ហេតុអ្វី? ព្រោះ លោក ហ្គារេត ម័ហ្គាន រូបនេះ ជាអ្នកស្រឡាញ់ធម្មជាតិមួយរូប ដែលចង់បញ្ជៀសសកលវិទ្យាល័យរបស់លោក ពីជំងឺឆ្លងមួយប្រភេទ (ប៉េស្ត៍) ដែលបណ្ដាលមកពី ឬឆ្លងពីសត្វកណ្ដុរ។ លោកយល់ថា ការជ្រើសរើសវិធីបែបនេះ ជាវិធីដ៏ល្អបំផុតសម្រាប់ការពារសកលវិទ្យាល័យ និងជីវធម្មជាតិដែលរងការរិករិល ដោយសារការឈ្មុសបំផ្លាញរបស់សត្វកណ្ដុរ។
ហេតុដូច្នេះហើយ ទើបនិស្សិតនៅសកលវិទ្យាល័យ វិតូរីយ៉ា កាលពីចុងសប្ដាហ៍មុន បានដាក់អង្គប់ (សម្ភារះផ្ដល់ជូនដោយមិនគិតថ្លៃ) និងធ្វើយ៉ាងណាក៏ដោយ ដើម្បីសម្លាប់សត្វកណ្ដុរ។ ដើម្បីជាការតបស្នង លោក ហ្គារេត ម័រហ្គាន និងក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រមួយ ដែលទទួលរៀបចំគម្រោងនេះដែរនោះ បានផ្ដល់ជូនទៅបណ្ដាពេជឃាតណាក៏ដោយ នូវរង្វាន់ស្រាប៊ៀរមួយកែវយ៉ាងពិសេស។
នាយកក្រុមហ៊ុន លោក ចនណាថាន់ មូធើរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «វាពិតហើយដែលមាននិស្សិតមួយចំនួន មកចូលរួមក្នុងកម្មវិធីនេះ ដើម្បីគ្រាន់តែទទួលបានស្រាប៊ៀរប៉ុណ្ណោះ។ ប៉ុន្តែក៏មាននិស្សិតជាច្រើន បានចូលរួម ដោយសារតែពួកគេបានយល់ដឹងពីបរិស្ថាន និងជីវសាស្ត្រដ៏មានតម្លៃនោះដែរ»។
ប៉ុន្តែយុទ្ធនាការនេះ មិនទទួលនូវការគាំទ្រដោយឯកច្ឆ័នទាំងស្រុងនោះទេ ហើយក៏មិនខុសពីយុទ្ធនាការលើកមុន ប្រឆាំងនឹងសត្វឆ្មារយ៉ាងដូច្នេះដែរ។ ក្រុមអ្នកស្រឡាញ់សត្វ បានផ្ទុះកំហឹងឡើង បង្កឲ្យមានការជជែកគ្នាយ៉ាងរណ្ដំថ្គាម ជាពិសេសបាននិយាយបកឲ្យលោក ហ្គារេត ម័ហ្គាន វិញថា ប្រសិនបើចំនួនសត្វកណ្ដុរមានការកើនឡើង គឺដោយមកពីយុទ្ធនាការសម្លាប់កណ្ដុរ ដែលបានធ្វើការពីឆ្នាំមុន។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ្គារេត ម័ហ្គាន ដែលបានបង្កើតឡើងដើម្បីយុទ្ធនាការនេះ មានសរសេរតបនឹងក្រុមអ្នកជំទាស់ថា «គ្មានភស្តុតាងអ្វីមកបញ្ជាក់ទាល់តែសោះ បើនិយាយថាកណ្ដុរភាគច្រើន ត្រូវបានសម្លាប់ដោយសត្វឆ្មារនោះ»។ ប៉ុន្តែឃ្លាប្រយោគដែលលើកឡើងនវ មិនសូវជាមាននរណាគាំទ្រឡើយ ម្យ៉ាងទំព័រដែលបានបង្កើតឡើងនេះ មានមនុស្សចុចចូលមកតាមដាន និងចូលចិត្តប្រមាណតែ៥០នាក់ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូស្ដីពីព្រឹត្តិការណ៍នេះ៖
------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ មីនា ២០១៤