ស្ដាប់អ្នកមក«បាតុកម្ម»ប្រឆាំងកឹម សុខា ត្អូញពី«បាតុកម្ម»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកចូលរួមធ្វើបាតុកម្មថ្ងៃទី០៩ខែមិថុនានេះ ជាទូទៅបានសម្តែងនូវការមិនពេញចិត្តចំពោះសំដីលោក កឹម សុខា ហើយបានថ្កោលទោសយ៉ាងដាច់អហង្កា និងមិនមានការលើកលែងណាមួយឲ្យប្រសើរឡើយ បើលោក កឹម សុខា មិនធ្វើការសុំទោសនោះ។ តែក្នុងចំណោមនោះ ក៏មានប្រជាពលរដ្ឋមួយចំនួនទៀត ដែលបានចូលរួមនោះ បានត្អូញថា ពួកគាត់មកទាំងបង្ខំចិត្តទេ។
បាតុកម្មប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ (រូបថត MONOROOM.info/ O.Vary)
មនោរម្យព័ងអាំងហ្វូ សូមលើកយកពាក្យត្អូញត្អែររបស់បាតុករកំសត់ទាំងនោះ មកជម្រាបជូនដូចតទៅ៖
លោកអុំ ផា រុំ មកពីខេត្តកំពុងស្ពឺ ក្នុងសម្លៀកបំពាក់អាវផ្ទៃមេឃ មួកព៌ណស ដែលកាន់បដាសរសេរថា «កឹម សុខា ជាមនុស្សកំសាកជាងឌុច» បានបញ្ជាក់ថា លោកក៏មានបងប្អូនឪពុកម្តាយ បានស្លាប់នៅជំនាន់ប៉ុលពតនោះដែរ។ លោកបន្តថា «ខ្ញុំមិនមានការខឹងសម្បាអ្វីនោះទេ ព្រោះខ្ញុំយល់ថា ទាំងនេះជាល្បែងនយោបាយរបស់ អ្នកកនយោបាយទាំង នោះ ក្នុងការវាយប្រហារគ្នា ដើម្បីសន្លឹកឆ្នោតតែប៉ុណ្ណោះ»។ លោកថា នេះមិនមែនជាលើកទីមួយនោះទេ វាមានច្រើនលើក ច្រើនសារណាស់មកហើយ គ្រាន់តែវាស្ថិតក្នុងរូបភាពទីទៃពីគ្នាប៉ុណ្ណោះ។ ម្យ៉ាងទៀតវាជាក់ស្តែងណាស់ ត្រង់ជាវេលាមួយកៀកទៅនឹងថ្ងៃបោះឆ្នោតតែម្តង។ ឯការចូលរួមនេះវិញ មកទាំងបង្ខំចិត្តទេ។
ឯអ្នកមីង ជា វន្ធី មកពីខេត្តតាកែវ អង្គុយកាន់រូបកុមារីដែលជាប់ទោសនៅគុកទួលស្លែង ក្នុងរបបខ្មៃរក្រហម ក៏បាននិយាយប្រហែលគ្នានេះដែរ។ មីង វន្ធី បញ្ជាក់ថា ក្នុងភូមិរបស់មីង គេបាននាំគ្នាមកចូលរួមក្នុងបាតុកម្មនេះអស់ហើយ ហើយការមកនេះមិនមានការបង្ខំឡើយ ព្រោះគេបានរៀបចំទាំងការញុំ ទាំងការធ្វើដំណើរទៅមក ព្រមទាំងចែកថវិការដល់អ្នក ដែលបានចូលរួមក្នុងម្នាក់ពីរម៉ឺនរៀលទៀត។ មីងបានបង្ហាញនូវហេតុផលថា ការរស់នៅក្នុងសង្គមមួយ ដែលមិនមានការគោរពច្បាប់ច្បាស់លាស់ ការអាងលើអំណាច បុណ្យសក្តិ របស់អ្នកធំ និងអ្នកមានឥទ្ធិពល ឯយើងជាពលរដ្ឋត្រូវធ្វើយ៉ាងណា? មិនត្រូវចេះបត់បែនតាមកាលៈទេសៈ បើមិនដូច្នេះទេ មុខជាមានទុកព្រួយរាល់ថ្ងៃមិនខាន ដល់ពេលនោះគ្មានអ្នកណាម្នាក់ ដែលអាចជួយយើងក្រៅពីខ្លួនឯងនោះទេ។
អាវព៌ណទឹកក្រូច ក្នុងដៃមានកាន់ទឹកសុទ្ធ លោក ពូ ចាន់ រិទ្ធី មកពីខេត្តកណ្តាល បាននិយាយថា «ខ្ញុំមកនេះមិនមែនដើម្បីទាមទារ រកចាញ់ឈ្នះនោះទេ ហើយក៏មិនដើម្បីអ្នកណាម្នាក់ដែរ គឺដើម្បីតែខ្លួនឯង និងគ្រួសារបានសុខប៉ុណ្ណោះ»។ លោកពូបន្តថា ការដែលមកនេះ ណាមួយចង់មើលពីការធ្វើបាតុកម្មនេះវាយ៉ាងណា និងមានការរៀបចំយ៉ាងម៉េចខ្លះ!។ លោកពូនិយាយហាក់ដូចជាអស់សំណើចថា «បើគេមកអស់ហើយ យើងមិនមកដូចជាមិនល្អមើលទេ និងមិនសមផង ត្រូវតែមក ម្យ៉ាងទៀតមានទៅអស់លុយកាក់ឯណា គេចេញឲ្យហ្នឹង»!
ទោះជាយ៉ាងនេះក្តីក៏មានប្រជាពលរដ្ឋមួយចំនួនទៀតពិតជា មកក្នុងនាមអ្នកដែលទទួលរងនូវការឈឺចាប់ ក្នុងរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សអស់ចិតបីលាននាក់ ក្នុងរយៈកាលតែបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃប៉ុណ្ណោះ។ ហើយពួកគាត់ពិតជាចង់ឃើញ នូវការសុំទោសបីលោក កឹម សុខា ណាស់។ ពួកគាត់បន្តថា វាមិនមែនជាការធ្ងន់ធ្ងរនោះទេ គ្រាន់តែពាក្យសុំទោសមួយម៉ាត់នោះ ហើយការសុំទោសរបស់គាត់អាចធ្វើឲ្យប្រជាពលរដ្ឋ មានការធូរស្បើយក្នុងអារម្មណ៍ និងអាចបន្តគិតលើគោលនយោបាយជាបន្តទៀត សម្រាប់ការបោះឆ្នោតខាងមុខ។ ពួកគាត់ចាត់ទុកថា ការឃោសនារកសម្លេងគាំទ្ររបស់លោក កឹម សុខា គឺធ្វើឡើងដោយអចេតនាទៅចុះ បើមានការទទួលសុំទោសនោះ។ ប៉ុន្តែផ្ទុយមកវិញ បើមិនមានការសុំទោសទេ បើជាសម្លេងពិត មានន័យថាជាចេតនាអាក្រក់ក្នុងការធ្វើនយោបាយ ហេតុដូចម្តេចបានជាមិនគិតពីផលប៉ះពាល់ពាល់ ជាពិសេសជាមួយទឹកចិត្តប្រជាពលរដ្ឋ ដែលទើបនឹងរួចផុតពីភ្នក់ភ្លើងសង្គ្រាម និងមានគ្រួសារមួយចំនួនបានស្លាប់ស្ទើរផុតពូជទៅហើយនោះ។
ព្រះតេជគុណ លួន សុវ៉ាត ជាអ្នកអង្កេតការគោរពសិទ្ធិមនុស្សនៅកម្ពុជា មកពីខេត្តសៀមរាបបានមានសង្ឃដីកាថា ខ្មែរជាពូជមហានគរ មានវប្បធម៌ល្អ ពូជល្អ ត្រូវចេះថែរក្សា ចេះជួយគោរព និងស្រលាញ់គ្នា ព្រោះពូជយើងតែមួយ និងមានព្រះពុទ្ធសានាជាអ្នកនាំផ្លូវ។ ចំពោះការធ្វើបាតុកម្មនេះ ព្រះតេជគុណមានសង្ឃដីកាគាំទ្រ ឲ្យមានសិទ្ធិ សេរីភាព និងយុត្តិធម៌។ តែព្រះអង្គបន្តថា អ្នកដឹកនាំខ្មែរគួតែយកសិល្ប សម្មាធិ បញ្ញា មកដឹកនាំប្រទេស រួមគ្នាកសាងទឹកដី ព្រៃប្រឹក្សា តាមគោលការណ៍ច្បាប់ដែលមានចែងជាធរមាន និងតាមលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយជ្រកក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ